បើករថយន្ត​បុក​ចូល​របាំង​ផ្លូវ​អគារ​សភា​នៅ​ទីក្រុង​ឡុង​ដ៍​បណ្តាលឱ្យ​របួស​អ្នកដំណើរ​ច្រើន​នាក់​

2959
ចែករម្លែក

មនុស្សជាច្រើននាក់បានរងរបួសបន្ទាប់ពីរថយន្តមួយគ្រឿងបានបុកចូលរបាំងផ្លូវសន្តិសុខនៅខាងក្រៅអគារសភា នៅប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារទី១៤សីហា ។

ប៉ូលិស រថយន្តពេទ្យនិងក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុនេះនៅទីក្រុងឡុងដ៍ កាលពីព្រឹកថ្ងៃអង្គារទី១៤ខែសីហា។

ក្រុមមន្ត្រី​ប៉ូលិស ត្រូវបានគេឃើញឡោមព័ទ្ធរថយន្តនោះ នៅមុនពេល​បុរសម្នាក់ ត្រូវបានចាប់ខ្លួន។អ្នកបើករថយន្តនេះ ត្រូវបានដាក់ខ្នោះដៃ ហើយនាំយកទៅដោយប៉ូលិស។

សេចក្តីរាយការណ៍បាននិយាយថា អ្នកជិះកង់ច្រើននាក់ ត្រូវបានបុកដោយរថយន្តនេះ ប៉ុន្តែប៉ូលិសជឿថាមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់បាត់បង់ជិវិតនោះទេ​។

នៅក្នុងដំណាក់កាលនេះ ក្រុមមន្ត្រីប៉ូលិស មិនអាចនិយាយបាន ថាតើហេតុការណ៍នេះ គឺជាប់ទាក់ទងទៅនឹងអំពើភេរវកម្មដែរឬយ៉ាងណានោះទេ ប៉ុន្តែពួកអ្នកឃើញហេតុការណ៍បាននិយាយថា អ្នកបើករថយន្តនេះ ទំនងជាមានចេតនាបើកបំបុកពួកអ្នកធ្វើដំណើរនៅលើផ្លូវនោះ។

អ្នកឃើញហេតុកការណ៍ម្នាក់ បាននិយាយថា អ្នកបើករថយន្តនេះ ទំនងជាមានចេតនាបើកបំបុកពួកអ្នកជិះកង់ដែលកំពុងរង់ចាំភ្លើងចរាចរណ៍ដើម្បីចូលទៅទីលាននៃអគារសភានោះ។

អ្នកឃើញហេតុកការណ៍នេះ បាននិយាយថា បន្ទាប់មករថយន្តនេះ បានបង់ឆ្លងកាត់ផ្លូវហើយបុករបាំងផ្លូវនៅជិតសួនខាងក្រៅអគារសភានោះ៕ដោយ៖សុខា/SN

បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្តបុកចូលរបាំងផ្លូវអគារសភានៅទីក្រុងឡុងដ៍ដោយបណ្តាលឱ្យរបួសអ្នកដំណើរច្រើននាក់កាលពីព្រឹកថ្ងៃអង្គារទី១៤ខែសីហា

ទីតាំងផ្សាយពាណិជ្ជកម្ម