ប្រជាជន​នៅ​វៀតណាម​ខាងជើង​ប្រើប្រាស់​ឫស្សី​ដើម្បី​ដើរ​ឆ្លង​ទឹក​

1869
ចែករម្លែក

​ប្រជាពលរដ្ឋ​នៅ​ភូមិ​សួន​លុង​នៅ​តំបន់​ខ្ពង់រាប​ខេត្ត​ឡាង​សឺ​នភា​គ​ខាងជើង​បាន​ឆ្លងកាត់​ស្ទឹង​គី​គុង​នៅលើ​ស្ពាន​ឫស្សី​រៀងរាល់ថ្ងៃ​។ ផ្លូវ​ឆ្លងកាត់​ដ៏​គ្រោះថ្នាក់​នេះ​គឺជា​មធ្យោបាយ​តែមួយគត់​ដែល​ប្រជាជន​រស់នៅ​ភូមិ​សួន​លុង​ចំនួន ៣២០ នាក់​អាច​ភ្ជាប់​ជាមួយ​ពិភពលោក​ខាងក្រៅ​បាន​។ មុនពេល “​ស្ពាន​” នេះ​ត្រូវបាន​សាងសង់ឡើង ប្រជាជន​បាន​ប្រើប្រាស់​ក្បូនឫស្សី​ដើម្បី​ឆ្លងទៅ​ត្រើយម្ខាង​ទៀត​។​

“​ស្ពាន​” នៅទីនេះ​គឺជា​ក្បូនឫស្សី​ចំនួន ១៧ ចងភ្ជាប់​គ្នា​។ គ្រួសារ​នីមួយៗ​ក្នុងភូមិ​ត្រូវ​រួមចំណែក​នូវ​ដើម​ឫស្សី​និង​លុយ​ដើម្បី​សាងសង់​ស្ពាន​នេះ​។ ពួកគេ​ទទួលបាន​ខ្សែកាប​បោះចោល​ពី​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ​ដើម្បី​ចង​ក្បួន​ចូលគ្នា​។ ស្ពាន​បែបនេះ​អាច​ប្រើ​បាន​ត្រឹម​រយៈពេល​ប្រហែល ៦ ខែ​ប៉ុណ្ណោះ​។​

​លោក វ៉ាន់ ថោង ប្រធានភូមិ​សួន​លុង​បាន​និយាយថា “​កាលពីមុន​ដើម្បី​សាងសង់​ផ្ទះ ប្រជាពលរដ្ឋ​ត្រូវ​រង់ចាំ​រហូតដល់​រដូវ​ប្រាំង​ដើម្បី​ដឹក​ឥដ្ឋ​និង​ខ្សាច់​ឆ្លងតាម​ដងស្ទឹង ឬ​ប្រសិនបើ​មាន​ស្ត្រី​មាន​ផ្ទៃពោះ យើង​ត្រូវ​សែង​នាង​តាម​អង្រឹង​និង​ដាក់​នៅលើ​ក្បូន​ដើម្បី​ឆ្លងកាត់​ស្ទឹង​”​។​

​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​គឺ​អាស្រ័យ​លើ​ខ្សែលួស​ច្រែះ​ចាប់ និង​បំពង់​ដែល​ប្រើ​ដើម្បី​ភ្ជាប់​ក្បូនឫស្សី និង ផ្នែក​ទាំងសងខាង​នៃ​ស្ពាន​ឫស្សី​។​

​សិស្ស​បឋមសិក្សា​ម្នាក់​ឈ្មោះ វី ធី​កេ​ត និយាយថា “​ខ្ញុំ​ដើរ​ឆ្លងស្ពាន​នេះ​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយថ្ងៃ ជួនកាល​៤​ដង​។ ខ្ញុំ​បាន​ធ្លាក់ចូល​ទៅក្នុង​ស្ទឹង​ច្រើនដង​មកហើយៗ​ស្ទើរតែ​លង់ទឹក​ស្លាប់​ទៀតផង​។ អាវ​ពោង​ការពារ​ជីវិត​គឺជា​មិត្ត​ល្អ​បំផុត​របស់ខ្ញុំ នៅពេល​ឆ្លងកាត់​ស្ទឹង​។ ទឹកស្ទឹង​គឺ​គួរឱ្យខ្លាច​ខ្លាំងណាស់ ហើយ​ខ្ញុំ​មិនចេះ​ហែល​ទឹក​ទេ​”​។​

​លោក​វ៉ាន់ ថោង​និយាយថា សព្វថ្ងៃ​មានគ្រួសារ​ចំនួន ៦៧ រស់នៅក្នុង​ភូមិ​នេះ​។ ចម្ងាយ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​នៃ​ស្ទឹង​នេះ គឺ ១៤០ ម៉ែត្រ ហើយ​ទឹក​មាន​ជម្រៅ​ពី ៦ ទៅ ២០ ម៉ែត្រ​។​

​ក្មេងៗ​ឆ្លងកាត់​ស្ទឹង​នេះ​នៅលើ​ស្ពាន​ឫស្សី​ដើម្បី​ទៅ​សាលារៀន​។ ពីមុន​ធ្លាប់មាន​សាលារៀន​នៅ​ភូមិ​សួន​លុង​ដែរ ប៉ុន្តែ​សាលា​នោះបាន​បិទ​ហើយ ដោយសារតែ​កង្វះ​សិស្ស​។ ដូច្នេះ​កុមារ​មកពី​ភូមិ​បាន​ប្រើប្រាស់​ស្ពាន​នេះ​ដើម្បី​ទៅ​រៀន​នៅ​ស្រុក​មួយ​ផ្សេងទៀត​។​

​ប៉ុន្តែ​ស្ពាន​នេះ​នឹងមិន​ដំណើរការ​នៅ​រដូវវស្សា​ទេ​។ បន្ទាប់មក ឪពុកម្តាយ​នឹងត្រូវ​នាំ​កូនៗ​របស់​ពួកគេ​ទៅ​សាលារៀន​តាម​ក្បូន​។ គ្រួសារ​នីមួយៗ​មាន​ក្បួន​២ (​ក្បូន​នីមួយៗ​មានតម្លៃ ៣០ ដុល្លារ​) ដោយ​ក្បូន​១​គឺ​សម្រាប់​កូនៗ និង ក្បូន​១​ទៀត​គឺ​សម្រាប់​មនុស្ស​ធំ​។​

​ស្ថិតិ​ផ្លូវការ​បានបង្ហាញ​ថា មាន​ករណី​លង់ទឹក​ចំនួន​៧ និង ៦ នាក់​ត្រូវបាន​សង្គ្រោះ​ទាន់ពេល ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​មកនេះ​នៅលើ​ស្ទឹង​នេះ​។ ឥឡូវ​មនុស្ស​ដែល​ធ្លាក់​ពីលើ​ស្ពាន​នេះ​គឺជា​រឿង​ធម្មតា កើត​ឡើងជា​រៀងរាល់ថ្ងៃ​។​

​ស្ពាន​តូចចង្អៀត​នេះ​ពិបាក​នឹង​ឱ្យ​មនុស្ស​២​នាក់​ដើរ​បញ្ច្រាស់ទិស​គ្នា​ណាស់ ហើយ​ពួកគេ​ត្រូវតែដើរ​ដោយ​រក្សា​លំនឹង​ខ្លួន​ល្អ​បំផុត​ទើប​ទៅរួច​។ អ្នកភូមិ​ម្នាក់​ឈ្មោះ​ឃឹម​បាន​និយាយថា ស្ពាន​នេះ​មាន​មនុស្ស​ច្រើន​ឆ្លងកាត់​ក្នុងអំឡុង​ពិធីមង្គលការ​និង​បុណ្យសព ហើយ​គេ​ត្រូវ​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​ឆ្លងកាត់​ស្ទឹង​។​

​ភូមិ​សួន​លុង​មាន​ទីតាំង​ស្ថិតនៅក្នុង​ជ្រលង​មួយ ដែល​ភាគច្រើន​គឺ​នៅ​ដាច់​ឆ្ងាយ​ពី​តំបន់​ផ្សេងៗ​។ ភាគច្រើន​នៃ​ប្រជាជន​របស់​ភូមិ​នេះ​គឺ​ជនជាតិភាគតិច ណុង​៕ ដោយ៖ កញ្ញាដាលីស

ចម្ងាយ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​នៃ​ស្ទឹង​គី​គុង គឺ ១៤០ ម៉ែត្រ

ទីតាំងផ្សាយពាណិជ្ជកម្ម