អាជ្ញាធរ​ជប៉ុន​ត្រៀមខ្លួន​ជម្លៀស​ប្រជាជន​ចេញពី​កោះ​ភាគខាងត្បូង នៅពេល​ភ្នំភ្លើង​គួរឱ្យខ្លាច​ចាប់ផ្តើម​កម្រើក​

764
ចែករម្លែក

​អាជ្ញាធរ​ជប៉ុន​កំពុង​ត្រៀមខ្លួន​ជម្លៀស​ប្រជាជន​នៅ​កោះ​ភាគខាងត្បូង បន្ទាប់ពី​ការគំរាមកំហែង​នៃ​ប​ន្ទុះ​ភ្នំភ្លើង​បាន​កើនឡើង​ខ្លាំង​។​

​ទីភ្នាក់ងារ​ឧតុនិយម​របស់​ជប៉ុន​បាន​និយាយថា ការ​កម្រើក​ភ្នំភ្លើង​និង​ការបញ្ចេញ​ជាតិ​ស្ពាន់ធ័រ​បាន​កើនឡើង​នៅ​កំពូលភ្នំ​គូ​ជី​ណូ​អេ​រ៉ា​ប៊ូ​ជី​ម៉ា (Kuchinoerabujima) ស្ថិតនៅ​ប្រហែល ១.០០០ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​តូ​ក្យូ ហើយ​បាន​បង្កើន​កម្រិត​ព្រមាន​របស់ខ្លួន​ដល់​លេខ ៤ ក្នុងចំណោម​កម្រិត​គ្រោះថ្នាក់​ចំនួន ៥ នៅ​ថ្ងៃ​ពុធ ទី​១៥​សីហា​នេះ​។​

​ភ្នំ​នេះ​បាន​ផ្ទុះ​នៅលើ​កំពូល​របស់​វា​កាលពី ៣​ឆ្នាំមុន ដោយ​បញ្ជូន​នូវ​ផេះផង់​និង​ផ្សែង​ឡើងលើ​មេឃ​រាប់ពាន់​ម៉ែត្រ និង​បញ្ចេញ​នូវ​លំហូរ​ផេះ​និង​ឧស្ម័ន​ដ៏​ក្តៅ​និង​លឿន​បំផុត ចូលទៅក្នុង​ទឹកសមុទ្រ​។​

​នៅ​គ្រានោះ​ប្រជាជន​ទាំងអស់​របស់​កោះ​នេះ​ត្រូវបាន​ជម្លៀសចេញ ប៉ុន្តែ​នៅ​ទីបំផុត​បាន​ត្រឡប់មកវិញ​។ បច្ចុប្បន្ន មាន​មនុស្ស​ប្រមាណ ១០០ នាក់​រស់នៅ​ទីនោះ​។​

​ប្រទេស​ជប៉ុន​មាន​ភ្នំភ្លើង​សកម្ម​ចំនួន ១១០ និង ពិនិត្យមើល​ជាប្រចាំ​នូវ​ភ្នំភ្លើង​គ្រោះថ្នាក់​ចំនួន ៤៧៕ ដោយ៖ កញ្ញាដាលីស

ភ្នំ​គូ​ជី​ណូ​អេ​រ៉ា​ប៊ូ​ជី​ម៉ា​ចាប់ផ្តើម​កម្រើក​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម