ជំហាន​ទៅកាន់​ការបើកប្រាក់​ឈ្នួល​កម្មករ បុគ្គលិក រោងចក្រ​មួយខែ​ពីរដង​

1859
ចែករម្លែក

ដោយ​: សុ​ផានី​តា​, ដេប៉ូ / កោះកុង​: និយាយ​ដោយឡែក​តែ​នៅ​ខេត្តកោះកុង ម្ចាស់​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ក្នុង​ចំនួន​តិចតួច​ណាស់​ដែល​បានរៀបចំ​បើកប្រាក់​ខែ​ពីរដង​ក្នុង​មួយខែ​ជូន​កម្មករ បុគ្គលិក​។ ស្ថានភាព​នេះ​គឺ​ខុសពី​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​ការងារ​បាន​ឲ្យ​គ្រប់​ម្ចាស់​រោងចក្រ ក្រុមហ៊ុន និង​សហគ្រាស​នៅ​កម្ពុជា ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ បាន​តម្រូវឱ្យ​រោងចក្រ ក្រុមហ៊ុន និង​សហគ្រាស​នៅ​កម្ពុជា ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករ បុគ្គលិក​ពីរដង​ក្នុង​មួយខែ ដែល​ផ្តើម​អនុវត្ត​តាំងតែ​ពី​ខែតុលា ឆ្នាំ​២០១៧ មកម្ល៉េះ​។ ថ្វី​ត្បិត​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ស្នើសុំ​ពន្យារ​ដល់​ដើមឆ្នាំ​២០១៩​ក្តី​។

​លោក យក់ សង្វាត ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ KKN មួយ​ប៉ុណ្ណោះ បាន​អនុវត្ត​ជាង​មួយឆ្នាំ​មកហើយ លើ​ដំណើរ​ការរៀបចំ​បើក​ប្រាក់ខែ​ជូន​កម្មករ និង​និយោជិត​។ ដោយឡែក​ក្រុមហ៊ុន​រោងចក្រ​ចំនួន​បួន​ផ្សេងទៀត ដែល​កំពុងដំណើរការ​អាជីវកម្ម​ផលិត​គ្រឿង​អេឡិចត្រូនិក ផលិត​បាល់ និង​ក្រុមហ៊ុន​ផលិត​តម្លើង​ឡាន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ពុំទាន់​អនុវត្ត​បើកប្រាក់​ឈ្នួល​ជូន​កម្មករ និយោជិត​ពីរដង​ក្នុង​មួយខែ តប​តាម​ការណែនាំ​របស់​ក្រសួង​ការងារ​នៅឡើយ​ទេ​។​

​បើតាម​លោក យក់ សង្វាត ក៏បាន​ពន្យល់​អំពី​មូល​ហេតុដែល​រោងចក្រ​ផ្សេងៗ មិន​ពុំទាន់​អនុវត្ត​ដែរ​ថា ដោយសារតែ​តំណាង​ថៅកែ​រោងចក្រ​នីមួយ នៅ​រង់ចាំ​លិខិតស្នាម​លាយលក្ខណ៍​ជា​អក្សរ​ផ្លូវការ​មួយ​ពី​រដ្ឋាភិបាល និង​ក្រសួង​ការងារ​។ ទោះ​យ៉ាងនេះ​ក្តី លោក​នឹងមាន​គោលការណ៍​ថ្មី​មួយ ដើម្បី​ជំរុញ​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​នៅ​ខេត្តកោះកុង​ទាំងអស់​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​លោក កាំ​ង ម៉ូ​នី​កា អ្នកនាំពាក្យ​សមាគម​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា បានឱ្យដឹងថា ការបើក​ប្រាក់ខែ​ពីរដង​ក្នុង​មួយខែ​នេះ ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​កំពុង​ព្យាយាម​អនុវត្ត​ទៅតាម​ច្បាប់ ក៏​ជាគោលការណ៍​របស់​រដ្ឋា​ភិ​បាល​ហើយពី​ចំនួន​តិច​ទៅ​ច្រើន ទោះបី​វា​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយផ្នែក​ការងាររដ្ឋបាល គណន​យ្យេ សម្រាប់​រោងចក្រ​ដែលមាន​កម្មករ បុគ្គលិក និយោជិត​រាប់ពាន់នាក់​។ ម្យ៉ាងទៀត​មាន​ម្ចាស់​រោងចក្រ​មួយចំនួន​ក៏​លំបាក​បង្វិលប្រាក់​ដែល​បានមកពី​អ្នកបញ្ជា​ទិញ​ទាន់ពេលវេលា​ណាស់​។ ករណី​ម្ចាស់​រោងចក្រ​ណាមួយ​មិន​អនុវត្តតាម​នោះ គឺអាច​ប្រឈម​នឹង​ការពិន័យ​របស់​ក្រុមអធិការកិច្ច​ពាក់ព័ន្ធ​ជាក់​ជាពុំខាន​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ថា​ការបើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ក្នុង​មួយខែ​ពីរដង​តាម​ការណែនាំ​របស់​ក្រសួង​ត្រូវបាន​អនុវត្ត​ហើយ នឹង​បើ​រោងចក្រ​ណា​មិន​អនុវត្តតាម​នោះ​នឹងត្រូវ​ពិន័យ​ផងដែរ​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានឱ្យដឹងថា បើទោះបី​មានការ​ណែនាំ​នា​កន្លងមក ក៏ដោយ​រោងចក្រ​មួយចំនួន ដែល​មិនបាន​អនុវត្តតាម​នោះ​ច្រើន តែ​ទៅលើ​ការស្រុះស្រួល​គ្នា​រវាង​កម្មករ​ជាមួយ​ថៅកែ​រោងចក្រ​ប៉ុណ្ណោះ​។ ពីព្រោះថា​កន្លងមក​ក៏មាន​កម្មករនិយោជិត​រោងចក្រ​ខ្លះ​ពួកគាត់​មិន​ចង់​បើកប្រាក់​ឈ្នួល​ចំនួន​ពីរដង​ក្នុង​មួយខែ​ទេ ពោលគឺ​គាត់​សុំ​មួយខែ​បើក​ម្តង ដើម្បី​ងាយស្រួល​ក្នុងការ​ទូទាត់​ថ្លៃ​ទឹក​ភ្លើង ឬ​ចំណាយ​វាយ​ផ្សេងៗ​ជាដើម​។​

​ទាក់ទិន​ទៅនឹង​រោងចក្រ​មួយចំនួន​មិនបាន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ក្នុង​មួយខែ​២​ដង​នេះដែរ លោក​បានធ្វើការ​ដាស់តឿន​ថា បើ​ក្រសួង​បាន​សើ​ប​អង្កេត​ដឹង​នោះ នឹងត្រូវ​ពិន័យ​ពីព្រោះថា​យើង​មានច្បាប់​ចែង​រួចស្រេច​ហើយ​។​

​គួរបញ្ជាក់​ថាបើ​តាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​កន្លងមក បានធ្វើការ​បញ្ជាក់​ជុំវិញ​បញ្ហា​ការបើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ក្នុង​មួយខែ​២​ដង​នេះ គឺ​ងាយស្រួល​ដល់ក​ម្មករ​ចាយវាយ​ប្រចាំថ្ងៃ និង​ពិសេស​នៅពេល​រោងចក្រ​បិទទ្វារ ឬ​មាន​បញ្ហា​អ្វីមួយ​នោះ កម្មករនិយោជិត​មិន​ជួប​បញ្ហា​ថៅកែ​ជំពាក់​ប្រាក់​ឈ្នួល​ច្រើន និង​មិន​ជួប​បញ្ហា​ជីវភាព​គ្រួសារ​ផង​។​

​កញ្ញា សាវ៉ា​ន់ ចាន់ធូ កម្ម​កា​រិ​និ និង​លោក ភិន វិចិត្រ កម្មករ​នៅ​រោង KKN សាទរ​ចំពោះ​យន្តការ​បើកប្រាក់​ឈ្នួល​ពីរដង​ក្នុង​មួយខែ ព្រោះ​វា​ជួយ​ដោះ​ទាល់​ពេល​ខ្វះ​ថវិកា​ក្នុងបន្ទុក​គ្រួសារ​ប្រចាំថ្ងៃ ឬ​សងបំណុល​គេ ពេល​មាន​តម្រូវការ​ចាំបាច់​ណាមួយ​។ ពិសេស​មិន​បារម្ភ​ខ្លះ​ថៅកែ​រត់ចោល​ដូច​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ​ទេ​។​

​ក្រុមកម្មករ​ដដែល ក៏បាន​ថ្លែង​អំណ​គុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ក្រសួង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដែល​យកចិត្ត​ទុក​អំពី​ភាពលំបាក​របស់​ពួកគេ​ទាំង​ប្រាក់បៀវត្ស លក្ខខណ្ឌ​ការងារ​សមរម្យ និង​បរិយាកាស​កន្លែងធ្វើការ​។ យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បង្ហាញថា សព្វថ្ងៃនេះ ខេត្តកោះកុង​មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស សរុប​ចំនួន​៦៨​ក្រុមហ៊ុន​សហគ្រាស និង​មាន​កម្មករ និយោជិត​ជាង​១​ម៉ឺន​១​ពាន់​នាក់ ស្រី​៧​ពាន់​៦៥៦​នាក់​។​

​ទាក់ទិន​នឹង​បញ្ហា​ប្រាក់​ប្រៀ​វត្ស​កម្មករ និ​យោ​ជិ​ក កាលពី​ថ្ងៃទី​២ សីហា ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន ត្រូវ​ព​ន្លឿ​ន​ការរៀបចំ​បើកប្រាក់​ឈ្នួល​ដល់ក​ម្មករ បុគ្គលិក និយោជិត​ពីរ​សប្តាហ៍​ម្តង​ក្នុង​មួយខែ ចាប់ពី​ឆ្នាំ​២០១៩​តទៅ​។ ព្រោះនេះ​ជាការ​សន្យា​របស់​ប្រមុខ​រដ្ឋាភិបាល មុន​ការបោះឆ្នោត ហើយ​ត្រូវ​បន្តធ្វើ​រហូតដល់​សម្តេច​ឈប់​ធ្វើជា​នាយករដ្ឋមន្ត្រី​។

​គួរ​ជម្រាប​ថា ការបើក​ប្រាក់ខែ​ពីរដង​ក្នុង​មួយខែ​នេះ ធ្វើឡើង ដើម្បី​កុំឱ្យ​មាន​ហានិភ័យ ប្រសិនបើ​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ ក៏​កម្មករ​អាច​ទទួលបាន​ប្រាក់ខែ​ខ្លះ​ដែរ​។ ហើយ​បច្ចុប្បន្ន កម្មករ និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ទ​ទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៧៣​ដុល្លារ ដោយ​មិន​គិតពី​អត្ត​ប្រយោជន៍​ឡើយ ប៉ុន្តែ​បើ​គិត​បញ្ចូល​អំពី​អត្ត​ប្រយោជន៍​ផ្សេង​នោះ គឺ​ពួកគេ​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​១៨០​ដល់​២០០​ដុល្លារ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម