​វត្ថុ​ដែល​ផ្សាភ្ជាប់​ពី​សម័យបុរាណ និង​បច្ចុប្បន្ន​

4454
ចែករម្លែក
  • 64
    Shares

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​: ណុប សុវណ្ណ​ឧ​ត្ត​ម អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​អនុវត្ត ក្នុង​រាជធានី​ភ្នំពេញ​។ សុវណ្ណ​ឧ​ត្ត​ម​គឺជា​ក្មេងប្រុស​ម្នាក់​ដែលមាន​និស្ស័យ​ស្រឡាញ់​ខាង​វត្ថុ​បុរាណ និង​វត្ថុ​កេតនភណ្ឌ​ដែល​បាន​បន្សល់ទុក​ពី​សម័យមុន​។

រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​សុវណ្ណ​ឧ​ត្ត​ម បានចាប់ផ្តើម​ស្រឡាញ់ និង​ចូលចិត្ត​វត្ថុ​បុរាណ​ចាប់តាំងពី​ខ្លួន​មាន​អាយុ​១២​ឆ្នាំ​មកម្ល៉េះ​។ ដោយបាន​ខំប្រឹងប្រែង និង​ចំណាយ​ពេលវេលា​ក្រៅពី​ម៉ោង​សិក្សា ដើម្បី​ប្រមែប្រមូល​វត្ថុ​កេតនភណ្ឌ​ដែល​នៅ​សេសសល់ និង​រាយប៉ាយ​បន្ទាប់ពី​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​។ សុវណ្ណ​ឧ​ត្ត​ម បាន​ចុះ​ទៅតាម​ភូមិ​ស្រុក និង​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ប្រមែប្រមូល​វត្ថុ​ទាំងនោះ​យកមក​ថែរក្សា និង​បាន​រៀបរាប់ថា ចំពោះ​ពេលវេលា និង​ការ​ខំប្រឹងប្រែង​របស់គាត់ ក៏មាន​មិត្តភក្តិ​មួយចំនួន​នៅក្នុង​ថ្នាក់រៀន បាន​និយាយ​ចំអក​ដាក់ថា វា​គឺជា​ការចំណាយ​ពេលវេលា​ឥតប្រយោជន៍​ទៅលើ​វត្ថុ​ទាំងនេះ​។ ទោះជា​យ៉ាងនេះ​ក្តី សុវណ្ណ​ឧ​ត្ត​ម ក៏​មិនដែល​ចង់​លះបង់ ឬ​ចង់​បញ្ឈប់​គំនិត និង​សកម្មភាព​របស់ខ្លួន​ដែរ ព្រោះ​គាត់​ស្រឡាញ់​វត្ថុ​ដែលជា​កេរដំណែល​ពី​ដូនតា​។ ម្យ៉ាងទៀត សុវណ្ណ​ឧ​ត្ត​ម តែងតែ​ទទួល​ការលើកទឹកចិត្ត​ពី​សំណាក់​សមាជិក​ក្រុមគ្រួសារ ឪពុកម្តាយ និង​ជីតា​របស់ខ្លួន​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ សុវណ្ណ​ឧ​ត្ត​ម បាន​ប្រមែប្រមូល​វត្ថុ​បុរាណ និង​វត្ថុ​កេតនភណ្ឌ​ដែល​បាន​បន្សល់ទុក​ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា​កើតមាន​សង្គ្រាម​បាន​មួយចំនួន ដូចជា ពពិល កាក់​ពី​សម័យ​អង្គឌួង កាក់​សម័យ​ឧដុង្គ មេដៃ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ស្រាប​ប្រាក់ និង​សស្ត្រា​ស្លឹករឹត​។ វត្ថុ​ដែល​ប្រមូលបាន​ទាំងអស់នេះ គឺ​ក្នុង​គោលបំណង​រក្សាទុក​ដើម្បី​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់ និង​ដើម្បី​ប្រគល់​ឲ្យ​ទៅ​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ ឬ​សារមន្ទីរ​ជាតិ​គឺជា​កន្លែង​ដែល​អាច​រក្សា​វត្ថុ​ទាំងនេះ​បាន​ដោយ​សុវត្ថិភាព​។ សុវណ្ណ​ឧ​ត្ត​ម បាន​រក្សាទុក​វត្ថុ​ទាំងនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ​ទើបតែ​ពេល​ថ្មីៗ​នេះ បានសម្រេច​ចិត្ត​ក្នុងការ​ប្រគល់​វត្ថុ​ទាំងនេះ មក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ថែរក្សា ព្រោះ​គាត់​យល់ឃើញថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​កន្លែង​ដែល​រក្សា និង​តម្កល់ទុក​ឯកសារ​ប្រវត្តិសាស្ត្រ ដូច្នេះ​ក៏​ជា​កន្លែង​ដែល​រក្សាទុក​វត្ថុ​ទាំងនេះ​បានដែរ​។ មិនតែប៉ុណ្ណោះ វត្ថុ​ដែល​ខ្លួន​ប្រមូលបាន​សព្វថ្ងៃ គឺ​សុទ្ធតែជា​វត្ថុ​មុនពេល​ប្រទេស​កម្ពុជា​កើតមាន​សង្គ្រាម និង​វត្ថុ​ដែល​បាន​បន្សល់ទុក​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​។

រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​នាពេល​ថ្មីៗ​នេះ សុវណ្ណ​ឧ​ត្ត​ម ក៏បាន​ប្រគល់​ក្រឡ​ដែលមាន​អាយុកាល​ជា​យូរ​មកហើយ​មក​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ថែរក្សា​បន្ថែមទៀត​។ ក្រឡ គឺជា​វត្ថុ​បុរាណ​ម្យ៉ាង​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​សម័យ​បុរេប្រវត្តិ​មកម្ល៉េះ​។ ក្រឡ​មួយចំនួន​ត្រូវបាន​អ្នកជំនាញ​ផ្នែក​ភាជន៍​ស្រាវជ្រាវ និង​រកឃើញ​ទៅតាម​យុគសម័យ​កាល​នីមួយៗ មាន​ក្រឡ​ខ្លះ​ធ្វើ​អំពី​ដី​ដុត​សម្រាប់​ដាក់​គ្រឿងទេស​ជាច្រើន​ប្រភេទ​ដូចជា អំបិល ស្ករ ប្រហុក និង​វត្ថុ​រាវ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ សម្រាប់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ក៏​នៅមាន​ប្រជាជន​មួយចំនួន​បន្ត​ប្រើប្រាស់​ក្រឡ​ដែរ​។ សុវណ្ណ​ឧ​ត្ត​ម បាន​រៀបរាប់​តាមរយៈ​ជីតា​របស់គាត់​ថា ក្រឡ​ដែល​គាត់​បានប្រគល់​ឲ្យ​ទាំងអស់នេះ គឺជា​ក្រឡ​មួយ​ដែល​បាន​ឆ្លងកាត់​ជាច្រើន​សម័យកាល​មកហើយ ចាប់តាំងពី​ជនជាតិ​ចិន​និរទ្ទេស​ខ្លួន​មក​រស់នៅ​ប្រទេស​កម្ពុជា​ដំបូង​។​

​ជីតា​របស់ សុវណ្ណ​ឧ​ត្ត​ម ឈ្មោះ ចាន់ ចេង មាន​អាយុ​៨០​ឆ្នាំ សព្វថ្ងៃ​រស់នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ តា​ចេង បាន​ឲ្យ​ដឹងថា ក្រឡ​ទាំងអស់នេះ គឺមាន​ប្រវត្តិ​ចាប់តាំងពី​ប្រទេស​កម្ពុជា​មិនទាន់​កើតមាន​សង្គ្រាម និង​នៅពេលដែល​ជនជាតិ​ចិន​បាន​រត់​ភៀសខ្លួន​ចេញពី​ក្រុម​កុម្មុយនីស្ត​ចិន ដែល​បាន​ផ្តួលរំលំ​របបរាជានិយម​ដោយ​ប្រធានាធិបតី ម៉ៅ សេទុង នៅក្នុង​ឆ្នាំ​១៩៤៩​។ ពីដំបូង​ក្រឡ​ទាំងអស់នេះ ត្រូវបាន​ជនភៀសខ្លួន​ចិន​យកមក​ជាមួយ​ដោយបាន​ដាក់​ត្រាំ​ស្រាស ឬ​ស្រា​ដែល​យក​មកពី​ស្រុក​ចិន​ដើម្បី​យកមក​លក់​នៅក្នុង​ស្រុក​ខ្មែរ​។ ក្រោយមក ប្រជាជន​ខ្មែរ​បាន​ទិញ​ស្រា​ពី​ហាង​ចាប់ហួយ​ចិន​យកមក​ផឹក និង​បាន​បន្សល់ទុក​ក្រឡ​ទាំងនេះ​។ ប្រជាជន​ខ្មែរ​បាន​យក​ក្រឡ​ទាំងនេះ​មក​ច្នៃ​ទៅតាម​តម្រូវការ​ប្រចាំថ្ងៃ​របស់ខ្លួន ដោយបាន​ប្តូរ​ទៅជា​ក្រឡ សម្រាប់​ដាក់​ទឹកត្រី ផ្អក ម៉ាំ ប្រហុក ជាដើម​។ រហូតមកដល់​សម័យ​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥-១៩៧៩ ក្រឡ​ទាំងនេះ ត្រូវបាន​ខ្មែរក្រហម​ប្រមូល​យកមក​ដាក់​ជា​របស់​រួម​នៅក្នុង​សហករណ៍​។ នៅក្នុង​ឃុំ​អរិយ​ក្សត្រ ក៏​ជា​តំបន់​ដែលជា​ប់​នឹង​ទន្លេមេគង្គ និង​ស​ប្បូ​រណ៍​ទៅដោយ​ត្រី ដូច្នេះ​ក្រឡ​ទាំងនេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ផ្ទុក​ស្បៀង និង​ម្ហូប​ផ្អាប់​ជាច្រើន​ដល់​ខ្មែរក្រហម​។ ខ្មែរក្រហម​បាន​យក​ក្រឡ​ទាំងនេះ​មកប្រើប្រាស់​ទៅតាម​តម្រូវការ​របស់ខ្លួន ដូចជា ៖ ផ្ទុក​ត្រីងៀត ត្រីផាត់ ផ្អក ប្រហុក និង​ម៉ាំ​។ រហូតមកដល់​សព្វថ្ងៃ ក៏​នៅមាន​ប្រជាជន​ខ្មែរ​មួយចំនួន​បន្ត​ប្រើប្រាស់​ក្រឡ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ដែល​ហាក់បីដូចជា​បង្ហាញ​ពី​ទំនាក់ទំនង និង​ការផ្សាភ្ជាប់​រវាង​មនុស្ស​សម័យមុន និង​សម័យ​ប​ច្ច​ប្បន្ន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម