អង្គការសហប្រជាជាតិ​ថា មនុស្ស​ជាង​២​លាន​នាក់​បាន​ភៀសខ្លួន ចេញពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

762
ចែករម្លែក

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី១៤សីហាថា ដោយគិតត្រឹមខែមិថុនានោះ ពលរដ្ឋវ៉េណេស៊ុយអេឡាចំនួន២,៣លាននាក់បានភៀសខ្លួនពីប្រទេសដែលរងគ្រោះដោយវិបត្តិនេះ ដោយភាគច្រើននៃពួកគេនេះបានភៀសខ្លួនចូលទៅប្រទេស កូឡុំប៊ី អេក្វាឌ័រប៉េរូ និងប្រេស៊ីល។

លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថាពួកអ្នកភៀសខ្លួន ដែលស្មើនឹង៧ភាគរយនៃចំនួនប្រជាជនវ៉េណេស៊ុយអេឡាសរុបចំនួន៣២,៨លាននាក់នេះ បានលើកឡើងអំពីការខ្វះខាតស្បៀងអាហារ ដែលជាមូលហេតុធំដែលនាំឱ្យមានការចាកចេញ។

លោកបានបន្តថាក្រុមមន្រ្តីផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានរាយការណ៍ថាមនុស្សចំនួន១,៣លាននាក់ដែលបានភៀសខ្លួននោះ បានទទួលរងគ្រោះពីកង្វះខាតអាហារ។

វេណេស៊ុយអេឡាដែលជាប្រទេសសម្បូរប្រេងនេះ បានធ្លាក់ចូលកាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ចនិងនយោបាយ។ អតិផរណាខ្ពស់និងការខ្វះខាតស្បៀងអាហារនិងឱសថ បានកំពុងកើតឡើងនៅប្រទេសនេះ ។

លោកNicolas Maduro ប្រធានាធិបតីវ៉េណេស៊ុអេឡា ជាញឹកញយ ស្តីបន្ទោសសេដ្ឋកិច្ចដ៏អាក្រក់របស់ប្រទេសនេះ ទៅលើអ្វីដែលលោក អះអាងថា គឺជាសង្គ្រាមសេដ្ឋកិច្ច ដែលបង្កឡើងដោយសហរដ្ឋអាមេរិកនិងអឺរ៉ុប៕ដោយ៖សុខា/SN

ប្រជាជនវ៉េណេស៊ុយអេឡាឈររង់ចាំដើម្បីឆ្លងចូលប្រទេសកូឡុំប៊ី ពីទីក្រុងSan Antonio del Tachira ប្រទេសវ៉េណេស៊ុយអេឡា កាលពីឆ្នាំ២០១៦

ទីតាំងផ្សាយពាណិជ្ជកម្ម