សិក្សា​ពី​លទ្ធភាព​សង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ច្នៃ​ពី​ដើម​ឫស្សី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​

1208
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: វិស័យ​ឯកជន​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា បាន​កំពុង​សហការគ្នា​ដើម្បី​សិក្សា​ស្រាវជ្រាវ​យក​ដើម​ឫស្សី មក​ធ្ចើ​ជា​អង់​តែ​ន​ទូរស័ព្ទ ដែល​ផលប្រយោជន៍​របស់​វា​នឹង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​លើ​បរិស្ថាន និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។​

​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) និង​ក្រុមហ៊ុន Atelier Cole បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​នៃ​ការប្រើប្រាស់​ដើម​ឫស្សី ដែលមាន​នៅក្នុង​ស្រុក យកមក​ធ្វើជា​សម្ភារៈ​សម្រាប់​ការសាងសង់​បង្គោល​អង់​តែ​ន​ទូរគមនាគមន៍​។

​ក្រោម​កិច្ចព្រមព្រៀង​នេះ Atelier Cole នឹង​ទទួលខុសត្រូវ​ចំពោះ​ការស្ថាបនា​រចនាសម្ព័ន្ធ​បង្គោល​អង់​តែ​ន​ធ្វើ​ពី​ដើម​ឫស្សី​នេះ​ក្រោយពី​ការសិក្សា​របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ និង​ITC ត្រូវបាន​បញ្ចប់​។ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ មាន​មហិច្ឆតា​ចង់​បង្កើត​ឲ្យ​មាន​បង្គោល​អង់​តែ​ន​ទូរគមនាគមន៍​ធ្វើ​ពី​ឫស្សី​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​រួចរាល់​ជាស្រេច​សម្រាប់​ការប្រើប្រាស់​ក្នុង​គោលដៅ​ពាណិជ្ជកម្ម​នៅត្រឹម​ចុងឆ្នាំ​២០១៨​នេះ​។​

​លោក ហ្វី​លី​ព វ៉ុ​ង (Phillip Wong) នាយកប្រចាំតំបន់ផ្នែកតំបន់ទីផ្សារនៃក្រុមហ៊ុនអ៊ីដតខូគ្រុប ​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​តែងតែ​ធ្វើ​ពិសោធ​ជាមួយ​ស​មា្ភ​រៈ និង​ផ្តល់​ដំណោះស្រាយ​ច្នៃប្រឌិត​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម នៃ​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ ទូរ គមនាគមន៍​។​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ធ្វើ​ពី​ដើម​ឫស្សី គឺជា​ការច្នៃប្រឌិត​ថ្មី​ចុងក្រោយ​បំផុត​ដែល យើង​ផ្តើមគំនិត​ប្រើប្រាស់​សម្បត្តិ​ធម្មជាតិ​ធនធាន​កកើត​ឡើងវិញ ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​បរិស្ថាន​»​។​

​លោក​បាន​បញ្ជាក់ថា «​នៅពេលដែល​អង់​តែ​ន​ទាំងនេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ធនធានធម្មជាតិ ការបញ្ចេញ​កាបូន​ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ​។ បង្គោល​អង់​តែ​ន​ប្រភេទ​នេះ ដែល​ត្រូវបាន​សង់​លើកដំបូង​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​សបាន​បង្ហាញថា ការបញ្ចេញ​កាបូន​ទៅក្នុង​បរិយាកាស​ត្រូវបាន​កាត់​បន្ថយ​រហូតដល់​ទៅជា​ង ៧០%​ឯណោះ ក្នុង​មួយ​បង្គោល​អង់​តែ​ន​។ បង្គោល​អង់​តែ​ន​ទាំងនេះ មាន​ទម្ងន់​ស្រាល​ជាង​បង្គោល​អង់​តែ​ន​ធ្វើ​អំពី​ដែក​រហូតដល់​ទៅ ៨៨% ឯណោះ ហើយ​មាន​ភាពងាយស្រួល​ក្នុងការ​សាងសង់​និង​កាត់បន្ថយ​ទម្ងន់​ផ្ទុក​ទៅលើ​អគារ​ទៀតផង​»​។​

​ប្រភព​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បានឱ្យដឹងថា​«​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(ITC)​ជឿជាក់​យ៉ាង​មុតមាំ​ថា​ធនធាន​កកើតឡើង​វិញ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ច្នៃប្រឌិត​និង​បង្កើត​នូវ​អ្វី​ថ្មីៗ​ជាច្រើន​ទៀតហើយ​យើង​ពិត​ជាមាន​សេចក្តី​រីករាយ​ឥតឧបមា​ក្នុងការ​បានធ្វើ​ជា​ដៃគូ​ដ៏​ល្អ​ជាមួយ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ចំពោះ​គម្រោង​ត្រួសត្រាយ​ផ្លូវ​មួយ​នេះ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា​។ ប្រទេស​របស់​យើង​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ជាច្រើន​ហើយ​ការប្រើប្រាស់​ធនធាន​ទាំងនេះ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​គឺជា​វឌ្ឍនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ​របស់ខ្លួន​ប្រកបដោយ​ចីរភាព​»​។

​យោងតាម​ការសិក្សា​បាន​បង្ហាញថា​៖ ដើម​ឫស្សី​ដែល​មិនទាន់​កែច្នៃ​មាន​សមត្ថភាព​ទ្រ​ទម្ងន់​បេតុង​ពេលធ្វើ​រន្ទា និង​ចាក់គ្រឹះ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​សម្ភារ​ចាំបាច់​មួយ​សម្រាប់​វិស័យ​សំណង់​ទូរគមនាគមន៍​។ វា​អាច​ទប់​ទល់នឹង​កម្លាំង​សន្ទុះ​ខ្យល់​បាន​ដល់​ទៅ ២១០​គម​/​ម៉ និង​មាន​អាយុកាល​ប្រមាណ​១០ ឆ្នាំ​ប្រសិន​ជាមាន​ការថែទាំ​បាន​ត្រឹមត្រូវ​។​បង្គោល​អង់​តែ​ន​ឫស្សី ត្រូវ​ចំណាយពេល​ប្រហែល​១២​ថ្ងៃ​ដើម្បី​សាងសង់​និង​ប្រើប្រាស់​ថាមពល​តិច​ដើម្បី​ផលិត​បើ​ប្រៀបធៀប​ទៅនឹង​បង្គោល​អង់​តែ​ន​ធ្វើ​ពី​ដែក​។ សំណង់​នេះ មាន​សមត្ថភាព​អាចដាក់​អង់​តែ​ន​បាន​រហូតដល់​ទៅ​៨ ក្នុងពេល​តែមួយ​ដោយ​អនុញ្ញាតឱ្យ​បំពាក់​នៅលើ​ទីតាំង​តែមួយ​បាន​។​

​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ បាន​ផ្គត់ផ្គង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ច្នៃ​ពី​ដើម​ឫស្សី​ដំបូង​គេ​នៅលើ​ពិភពលោក​ក្នុង​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែ​ស​កាលពី​ឆ្នាំ​២០១៧ ហើយ​ចាប់តាំងពី​ពេល​នោះមក​ក្រុមហ៊ុន​បានដាក់​ពង្រាយ​អង់​តែ​ន​ប្រភេទ​នេះ​បាន​ចំនួន​ប្រាំបួន​បន្ថែមទៀត​ខណៈដែល​បង្គោល​អង់​តែ​ន​ឫស្សី​ចំនួន​ប្រាំមួយ​ផ្សេងទៀត​កំពុង​សាងសង់​។​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ​នៅតែ​បន្ត​ជំរុញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​លើ​បរិស្ថាន​តាមរយៈ​ការធ្វើ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​ក្នុង​គោលបំណង​នាំយក​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ច្នៃ​ពី​ដើម​ឫស្សី​នេះ​ទៅកាន់​ទីផ្សារ​ជាច្រើន​ទៀត​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​ប្រតិបត្តិការ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម