កីឡាករ​បាល់ទាត់​អ៊ីតាលី​ម្នាក់​រៀបរាប់​ពី​ការ​គេច​ផុតពី​សេចក្តីស្លាប់​យ៉ាង​អ​ព្ភូ​ហេតុ​ពី​ឧបទ្ទវហេតុ​បាក់​ស្ពាន​អាកាស​នៅ​ទីក្រុង​ជេ​ណូ​អា​

989
ចែករម្លែក

​កីឡាករ​បាល់ទាត់​អ៊ីតាលី​ម្នាក់​បាន​ប្រាប់​ពី​ការ​រួច​ផុតពី​សេចក្តីស្លាប់ ខណៈដែល​គាត់​គេច​ផុតពី​សោកនាដកម្ម​បាក់​ស្ពាន​អាកាស​នៅ​ទីក្រុង​ជេ​ណូ​អា​។​

​ដាវី​ដេ កា​ប៉េ​ឡូ (Davide Capello) ជា​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​ធ្លាប់​ធ្វើជា​អ្នកចាំទី​របស់​ក្លិប​បាល់ទាត់ Cagliari បាន​កំពុង​បើកបរ​នៅលើ​ស្ពាន​អាកាស Ponte Morandi នៅពេលដែល​វា​បាន​ដួលរលំ ដោយ​ពណ៌នា​ហេតុ​ការ​រន្ធត់​បំផុត​ក្នុង​មួយជីវិត​របស់គាត់​មួយ​នេះ​ថា “​មហា​គ្រោះ​មន្ត​រាយ​”​។​

​កា​ប៉េ​ឡូ​បាន​ប្រាប់​កាសែត La Stampa ថា “​ខ្ញុំ​កំពុង​បើកបរ​ទៅកាន់​ទីក្រុង​ជេ​ណូ​អា​។ ខ្ញុំ​កំពុង​នៅលើ​ស្ពាន​នេះ​។ ខ្ញុំ​បានឮ​សំឡេង​លាន់​យ៉ាងខ្លាំង​ហើយ​បន្ទាប់មក ស្ពាន​ក៏បាន​បាក់​ប្រឹប​តែម្តង​។ រថយន្ត​របស់ខ្ញុំ​បាន​ធ្លាក់ចុះ​ពី​កម្ពស់ ៣០ ម៉ែត្រ​ហើយ​ជាប់គាំង​នៅក្នុង​គំនរ​បាក់បែក​។ មនុស្ស​មួយចំនួន​បាន​ជួយ​ខ្ញុំ​ចេញពី​រថយន្ត​។ វា​ជា​រឿង​មិន​គួរឱ្យ​ជឿ ដែល​ខ្ញុំ​នៅមាន​ជីវិត​។ វា​ជា​អព្ភូតហេតុ​។ ខ្ញុំ​មិន​រលាត់ស្បែក​សូម្បី​បន្តិច​”​។

​ក្នុងពេល​ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​ម្នាក់​ធ្លាប់បាន​អំពាវនាវ​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​២​ឆ្នាំមុន​ឱ្យ​វាយ​ស្ពាន Ponte Morandi ចោល​ទៅ ព្រោះ​សង់ “​មិន​ស្មើគ្នា​”​។​

​លោក អង់​តូ​នី​ញ៉ូ ប្រេន​ស៊ី​ក (Antonio Brencich) ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សាកលវិទ្យាល័យ​ជេ​ណូ​អាបាន​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​សំណង់​ស្ពាន​នេះ​នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​ឆ្នាំ ២០១៦​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​សីហា កំណាត់​ស្ពាន​ប្រវែង ៨០ ម៉ែត្រ​នៃ​ស្ពាន​អាយុ ៥០ ឆ្នាំនេះ​បាន​បាក់ និង​បណ្តាលឱ្យ​រថយន្ត​ជាច្រើន​គ្រឿង​ធ្លាក់​នៅ​កម្ពស់ ៤៥ ម៉ែត្រ​ចូលទៅក្នុង​គំនរ​បាក់បែក ដោយ​សម្លាប់​មនុស្ស ២២ នាក់​។​

​សាស្ត្រាចារ្យ ប្រេន​ស៊ី​ក បាន​ព្រមាន​ថា វា​នឹងត្រូវ​ចំណាយ​ច្រើន​ដើម្បី​ជួសជុល​ស្ពាន​ដែល​សង់ “​មិន​ស្មើគ្នា​” នេះ ដូច្នេះ​គួរ​វាយចោល​ល្អ​ជាង​៕ ដោយ៖ កញ្ញាដាលីស

ដាវី​ដេ កា​ប៉េ​ឡូ រួច​ផុតពី​សេចក្តីស្លាប់​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​អាកាស​នៅ​ទីក្រុង​ជេ​ណូ​អា​យ៉ាង​អព្ភូតហេតុ

ទីតាំងផ្សាយពាណិជ្ជកម្ម