កម្ពុជា​ទទួលបាន​ជោគជ័យក្នុងការការពារ​អភិរក្ស​សត្វ​ត្រដក់​ធំ

2236
ចែករម្លែក
  • 254
    Shares

(​ភ្នំពេញ​) : អង្គការ​សមាគម​ការ​ពារ​អភិរក្ស​សត្វព្រៃ ហៅ​កាត់​ថា WCS កាលពី​ថ្ងៃទី​២៧ ខែ កក្កដា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​​មួយ ស្តីពី​ជោគជ័យ​នៃ​ការការពារ​បន្ទាយ​ពង​កូន​សត្វ​ត្រដក់​ធំ នៅក្នុង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ដែល​ផ្តល់​ក្តីសង្ឃឹម​សំរាប់​ការអភិរក្ស​​សត្វ​ត្រដក់​ធំ​នៅលើ​សកលលោក ។​
​ ​
​សេចក្តីប្រកាស​ព័ត៌មាន​ដែល​រស្មី​កម្ពុជា​ទទួលបាន​រយៈពេល ៦​ខែ ឆ្នាំ​២០១៧​នេះ អ្នក​អភិរក្ស​ការពារ​ព្រែក​ទាល់ នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​មន្ត្រី​នៃ​អង្គការ WCS បានសំរេច​ធ្វើឱ្យ​ពង​សត្វ ត្រដក់​ធំ ចំនួន​១៧៥​កូន​បាន​ញាស់ ដោយ​សុ​វិ​ត្ថ​ភាព​ហើរ​ចេញពី​​សំបុក​ចេញទៅ​រក​ទ្រ​នៅ​នានា​នៅ​កម្ពុជា​។​
​ ​
​សត្វ​ត្រដក់​ធំ​នេះ ជា​ប្រភេទ​សត្វ​មួយ​ជិត​ផុត​ពូជ​នៅលើ​សកលលោក ។ តែ​ជា​ប្រភេទ​បក្សី​មួយ​ធំ ជាង​បក្សី​នានា​ទាំងអស់​ដែលមាន​កំពស់​​រហូតដល់​១,៥​ម៉ែត្រ ។ សកលលោក​គេ​សង្កេតឃើញ​ត្រដក់ ពេញវ័យ​នៅសល់​ប្រមាណ​តែ​៨០០​ទៅ​១០០០​ក្បាល​ប៉ុណ្ណោះ ។ ក្នុងនោះ​កម្ពុ​ជាមាន ១៥០​ទៅ​២០០​ក្បាល រស់នៅក្នុង​បន្ទាយ​សត្វ​ព្រែក​ទាល់ ដែលជា​ជំរក​មួយ​រឹងមាំ នៅ​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ​។​
​ ​
​លោក ឈន ឈួ​ម អតីត​អ្នក​ធ្លាប់​ប្រមូល​ពង​កូន​សត្វ​សា្ល​ប​ទឹក បច្ចុប្បន្ន​ជា​អ្នកការពារ​សំបុក​សត្វ នៅ​ព្រែក​ទាល់ បាន​និយាយថា​កន្លង​​មក​រូបគាត់​មាន​កំហុស​ច្រើន​ដែរ ទៅលើ​ការប្រមូល​ពង​សត្វ​នៅទីនេះ យកទៅលក់ ។​តែ​ឥឡូវ​មែន​ជា​ងាក​មក​ការពារ​សត្វ​សា្ល​ប​ទាំងនេះ​​ទៅវិញ​គួរឱ្យ​ខ្មាស់អៀន​ណាស់ ។​តែ​ទោះជា​យ៉ាងណា​រូបខ្ញុំ​កំពុងតែ​ផ្លូវត្រូវ​មួយ​ដោយសារ​មានការ​យល់ដឹង​រៀនសូត្រ​ច្រើន​ពី​មន្ត្រី​អភិរក្ស​យើង និង​អ្នកជំនាញ WCS ។​
​ ​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WCS បាន​បញ្ជាក់ថា​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នេះ​គឺជា​ជំរក​ពង​សត្វ​សា្ល​ប​ធំជាងគេ​បង្អស់​នៅលើ​​សកលលោក​លំដាប់​ទី​២ សំរាប់​សត្វ​ត្រដក់​ធំ បន្ទាប់ពី​តំបន់​រ៉ា​ម​សារ នៅ​ប្រទេស​ឥណ្ឌា​ហើយ​ជា​តំបន់ដីសើម​ទឹកសាប​សំខាន់បំផុត​នៃ​​បឹង​ទន្លេសាប ដែលមាន​ការទទួលស្គាល់​ធនធាន​មានតម្លៃ​ផ្នែក​ជីវសាស្ត្រ​ចំរុះ សង្គម និង​សេដ្ឋកិច្ច ។ អង្គការ WCS​កំពុងធ្វើការ​ងារ​រួម​​គ្នា​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ការពារ​ព្រៃ​លិច​ទឹក និង​ស្លាប​ទឹក​សំខាន់ៗ នៅ​តំបន់​ព្រែក​ទាល់ នេះ​អស់​រយៈពេល ២០​មកហើយ ធ្វើយ៉ាងណា​ឱ្យ​បន្ទាយ​សត្វ​ស្លាប​នេះ កាន់តែ​រឹងមាំ និង​បង្កើន​សត្វ​ស្លាប់​ឱ្យ​កាន់តែច្រើន ថែមទៀត ។​
​ ​
​លោក ស៊ន វិសាល ប្រធាន​ផ្នែក​អង្កេត​តាមដាន​និ សិក្សា​ស្រាវជ្រាវ​សត្វ​ស្លាប​ទឹក នៃ​ក្រសួងបរិស្ថាន​ជាមួយ WCS​បាន​ចាត់ទុកថា​ព្រែក​ទាល់ គឺជា​បន្ទាយ​សត្វ​ស្លាប​មួយ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​។​ទីនេះ​ក្រៅពី​សត្វ​ត្រដក់​ធំ គឺមាន​សត្វ​ស្លាប ១៣០​ប្រភេទ​រស់នៅ​ចំរុះ​គ្នា​។
​ ​
​ជោគជ័យ​ការការពារ​សត្វ​ស្លាប​ទឹក​នៅ​តំបន់​ព្រែក​ទាល់​នេះ គឺ​មិនអាច​កាត់ផ្តាច់​បាន​ពី​ជំនួប​មនុស្ស ធម៌​នៃ​អង្គការ​អន្តរជាតិ​នានា ជាច្រើន​បានផ្តល់​មូលនិធិ​សំរាប់​បំរើឱ្យ​ការអភិរក្ស​សត្វ​ទាំងនេះ​។​គួរ​បញ្ជាក់ថា​កាលពី​ចុងឆ្នាំ​២០១៥​ព្រែក​ទាល់​នេះ​ត្រូវបាន​កំណត់ឱ្យ​ទៅជា​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដោយសារតែ សារៈសំខាន់​របស់​វា​ជា​លក្ខណៈ​សកលលោក​សំរាប់​ការងារ​អភិរក្ស ៕​មូល សម្បត្តិ​