សហគមន៍​ទេសចរណ៍​បន្ទាយស្រី មាន​ទាំង​ទេសភាព​ស្អាត និង​ការរក្សាបាន​នូវ​ការអភិរក្ស​រមណីយដ្ឋាន​បុរាណ​

2675
ចែករម្លែក
  • 1
    Share

​ដោយ​:​អង្គរតូច​/​សៀមរាប : ​សហគមន៍​ទេសចរណ៍​បន្ទាយស្រី ជា​រមណីយដ្ឋាន​ធម្មជាតិ ដ៏​ស្រស់បំព្រង លម្អ​ដោយ​ទឹក​ត្រពាំង​ថ្លាយង់ និង​ភ្នំ​ដ៏​ខៀវស្រងាត់ នា​ទិសខាងកើត​។ ប៉ុន្តែ​នៅ​ទីនោះ ទេសចរ​ភាគច្រើន ច្រើនតែ​រំលង​ការ​ទស្សនា បើ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​។ ឯ​ទេសចរ​ជាតិ​ក៏​ដូចគ្នា​ដែរ ព្រោះ​មិនសូវមាន​អ្នកដឹង​។ សហគមន៍​បន្ទាយស្រី​មាន​ទីតាំង ខាងជើង​ប្រាសាទ​បន្ទាយស្រី​។

ដើម្បី​បង្ហាញ នូវ​ធម្មជាតិ​ព្រៃភ្នំ​ដ៍​ស្រស់​ខៀវ​ស្រ​ង៉ា​ត់​នេះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​គម្រោង ACHA របស់​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​បាន​អភិរក្ស​និង​កែច្នៃ​ត្រពាំង​បុរាណ​ឈ្មោះ «​ស្រែ​ព្រៃ​» ឱ្យ​ក្លាយជា​សហគមន៍​ទេសចរណ៍​ដែលមាន​ឈូក​រីក​រហង់ មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង​លម្អ​ដោយ​ទឹក​ត្រពាំង​ថ្លាយង់ និង​ភ្នំ​ដ៏​ខៀវស្រងាត់​។ ព្រោះថា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​ធម្មជាតិ មាន​ខ្យល់អាកាស​បរិសុទ្ធ មាន​ភាពស្ងប់ស្ងាត់​ក្នុងការ​ផ្ចង់អារម្មណ៍ មាន​ម្ហូបអាហារ​របៀប​អ្នកស្រុក និង​សកម្មភាព​ប្រពៃណី​ផ្សេងៗ​ទៀត​។​

លោក សំ កុសល មន្ត្រី​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ បានឲ្យដឹងថា សហគមន៍​បន្ទាយស្រី​បង្កើតឡើង​នៅ​ឆ្នាំ​២០១៣​។ មាន​សមាជិក​សហគម​ន៍ ៣៥​រូប គឺ​គណៈកម្មការ​ចំនួន​៦​រូប និង​សមាជិក​២៩​រូប​។ ឆ្លងកាត់​តាមរយៈ​ការបោះឆ្នោត​ជ្រើសតាំង​។ ពួកគាត់​ជា​អ្នកភូមិ មកពី​ភូមិ​បន្ទាយស្រី​និង​ភូមិ​ទួល​ក្រឡាញ់​។

លោក​បន្តថា គម្រោង​នេះ​បង្កើតឡើង​ដើម្បី​បង្កើន​ចំណូល​បន្ថែម​លើ​មុខរបរ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់ ហើយ​ចង់ឃើញ​ប្រជាជន​ទាំងពីរ​ភូមិ​មានការ​រីកចម្រើន​តាម​រយៈ​សហគមន៍​នេះ ដែល​ស្របតាម​គោលការណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ក្នុងការ​លើកស្ទួយ​កម្រិត​ជីវភាព​ប្រជាជន​ឱ្យ​ល្អប្រសើរ​។ បន្ថែម​ពី​នោះ ក្រៅពី​ទាញ​ប្រយោជន៍​ពី​សហគមន៍​នេះ អាជ្ញាធរ​ជាតិ​អប្សរា​និង​សហគមន៍ ក៏បាន​រួមគ្នា​អភិរក្ស ថែរក្សា​ជីវចម្រុះ មាន​ត្រី សត្វ​ស្លាប សត្វ​ក្នុង​ទឹក រុក្ខជាតិ នៅក្នុង​ត្រពាំង​បុរាណ​នេះ​មិនឱ្យ​មានការ​បាត់បង់​ឬ​ទទួលរង​នូវ​ការបំផ្លាញ​ឡើយ​។ មិនតែប៉ុណ្ណោះ ក្រៅពី​សមាជិក​ទាំង​៣៥​នាក់ ប្រជាជន​ចំនួន​ពីរ​ភូមិ​នេះ ក៏​ទទួលបាន​ផល​ពី​សហគមន៍​ដោយ​ប្រយោល​ផងដែរ តាមរយៈ​ការផលិត សិប្បកម្ម​លក់ និង​ដាំ​ដុះ​បន្លែបង្ការ​សម្រាប់​ផ្គត់ផ្គង់​សហគមន៍​និង​លក់​ជូន​ទេសចរ​។​

ចំណែក​លោក ស៊ា​ម សារឿន ប្រធាន​សហគមន៍​បន្ទា​យ​ស្រី​បានឲ្យដឹងថា នៅទីនេះ​មាន​សេវាកម្ម​ជិះទូក​ដែល​ពេញនិយម​ជាងគេ ជិះ​រទេះគោ ស្ទួ​ច​ត្រី ស្ទូង​/​ច្រូតស្រូវ និង​ការរៀបចំ​អាហារ​សាមគ្គី​របៀប​អ្នកស្រុក​បាន​ចំនួន​១០០​នាក់​។ ទេសចរ​អាចមក​កម្សាន្ត​ទីនេះ​ជា​លក្ខណៈ​ឯកជន គ្រួសារ និង​ជា​ក្រុម​ក៏បាន ដើម្បី​ស្វែងយល់​ពី​ការរស់នៅ​របៀប​អ្នកស្រុក ជិះទូក​លម្ហែកាយ​ក្នុង​ត្រពាំង ថតរូប​ភាព​ស្អាតៗ​តាម​ចំណូលចិត្ត និង​ពិសា​អាហារ​ឆ្ងាញ់ៗ មានតម្លៃ​សេវាកម្ម​សមរម្យ​។ សហគមន៍​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​អឺរ៉ុប ចំណែក​ភ្ញៀវ​អាស៊ី ពួកគាត់​មក​ត្រឹម​ថតរូប​ប៉ុណ្ណោះ​។​

​លោក​បន្តទៀតថា តាំងពី​ចាប់ផ្តើម​ការងារ​បញ្ហាលំបាក​ខ្លះៗ​ដែល​ជួបប្រទះ គឺ​នៅ​រដូវប្រាំង ព្រោះ​គ្មាន​ទឹក ទេស​ភាពមិន​ស្អាត ចំណែក​ខែវស្សា​មិន​ជាមាន​បញ្ហា​ទេ​។ ដូច្នេះ​ពួកយើង​បាន​បង្កើន​ការផ្សព្វផ្សាយ​តាម​មគ្គុទ្ទេសក៍​ទេសចរណ៍ សណ្ឋាគារ និង​តាមរយៈ​ភ្ញៀវ​ដោយផ្ទាល់ និង​ការពង្រីក​ទីតាំង បង្កើន​ការអភិរក្ស​សត្វ​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​ទេសចរ​។ លោក​បាន​សំណូមពរ​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍ សូមជួយ​ណែនាំ​ភ្ញៀវ​មកកាន់​ទីនេះ ពិសេស​ភ្ញៀវ​ជាតិ​សូមជួយ​គាំទ្រ​ទេសចរណ៍​សហគម​ន៍ ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាជន​ក្នុង​តំបន់ និង​រួមចំណែក​ក្នុងការ​អភិរក្ស​រមណី​យ​ដ្ឋា​ន​បុរាណ​ផងដែរ​។​

​លោក ផានិត ជា​អ្នកភូមិ​បន្ទាយស្រី បាន​ចូលធ្វើការ​ក្នុង​សហគមន៍​នេះ​រយៈពេល​៤​ឆ្នាំ​មកហើយ ដែល​គាត់​ជា​អ្នក​ចែវ​ទូក និង​មាន​ប្រពន្ធ​ជា​អ្នកធ្វើ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​។ លោក​លើកឡើងថា «​តាមរយៈ​ទេសចរណ៍​សហគមន៍ បានធ្វើឱ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​ធូរធារ​ជាង​ពីមុន មាន​លុយកាក់​ផ្គង់​ផ្គង់​គ្រួសារ​សមរម្យ កូនចៅ​បាន​សិក្សា​រៀនសូត្រ និង​មាន​ការងារ​ធ្វើ​បន្ថែម​លើ​មុខរបរ​ស្រែចម្ការ​»៕​B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ