កម្ពុជា​ការនាំ​ទំនិញ​ចេញ​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៨ កើនឡើង​ជាង​១៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​

1036
ចែករម្លែក

​ដោយ : ពៅ និមល / ភ្នំពេញ : មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ មានតម្លៃ​៦.២២៩​លាន​ដុល្លារ​អាម​រិ​ក បាន​កើនឡើង​ជាង​១៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​ទឹកប្រាក់​សរុប​៥.៣៨៦​លាន​ដុល្លារ​អាមេរិក​។​

​នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ស្តីពី​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ​-​នាំចូល​(​ជំនា​ន់ទី​២ និង​ទី​៣) និង​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​តំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ​-​នាំចូល (​ជំនា​ន់ទី​៤) កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ទីស្តីការក្រសួង លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ទៀតថា សហភាព​អឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និង​អាស៊ាន គឺជា​ទីផ្សារ​ដែល​ស្រូបយក​ផលិតផល​កម្ពុជា រួមមាន​៖ សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូង​មី និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​។​

ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ​បា​ន​សម្តែង​ការអបអរ​ចំពោះ​សិក្ខាកាម​សរុប​ចំនួន​១១៤​នាក់ ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​២​និង​ទី​៣​ដោយ​ជោគជ័យ ព្រមទាំង​សិក្ខាកាម​ចំនួន​៦៤​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ជ្រើសរើស​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​៤ ដែល​នឹង​ចាប់ផ្តើម​ឡើង​នាពេល​ឆាប់​ខាងមុខ​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក​ក៏បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​ទៅ​អនុវត្តន៍​ការងារ​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ចេះ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នូវ​ព័ត៌មាន និង​ឯកសារ​ដែល​បានផ្តល់​មក​ក្រសួង​។​

​សូមបញ្ជាក់ថា ដើម្បី​ជួយ​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ស៊ីអូ (CO) ក៏ដូចជា​ការផ្តល់​ឯកសារ​នាំចេញ​-​នាំចូល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ក្រសួងពាណិជ្ជកម្ម​តាមរយៈ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ (TTRI) បាន​សហការ​ជាមួយ​នាយកដ្ឋាន​នាំចេញ​-​នាំចូល រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ​-​នាំចូល ចំនួន​បី​វគ្គ​រួចមកហើយ​ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​១៨០​នាក់​។​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ​បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​វឌ្ឍនភាព​ល្អប្រសើ​រ​។ ជាក់ស្តែង ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​ឆ្នាំ​២០១៧ មានតម្លៃ​សរុប ១១,១៥៣​លាន​ដុល្លារ គឺ​បាន​ឡើង​ប្រមាណ​១៨​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ដែលមាន​ទឹកប្រាក់​ត្រឹមតែ​៩,៤២១​លាន​ដុល្លារ​អាមេរិក​៕B


ទីតាំងផ្សាយពាណិជ្ជកម្ម