សម្តេច​ប្រធានព្រឹទ្ធសភា​អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​ឡាវ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

1096
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ (Prasith SAYASITH) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា​។

​នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃទី​១៥​ខែ សីហា ឆ្នា​២០១៨​នោះ លោក​ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ អនុញ្ញាត​ឲ្យ​លោក​ចូល​ជូ​ប​ធ្វើ​សវនាការ និង​ជម្រាបលា ។​

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឲ្យ​លោក ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ ឯកអគ្គរដ្ឋទូត ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា​

​ក្នុងនាម​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ និង​កាកបាទក្រហម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​សម្រាប់​ប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ការបាក់​ទំនប់​វា​រី​អគ្គិសនី​សេ​ប៉ាន សេ​ណាំ​ណ​យ នៅ​ខេត្ត​អា​តា​ពើ នៃ​ប្រទេស​ឡាវ​។ លោក ក៏បាន​សម្តែង​នូវ​ការចូលរួម​អបអរ​ចំពោះ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អប្រសើរ និង​ដោយ​រលូន​។

​លោក ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា ស្ថានទូត​បាន​ចាត់​តំណាងឱ្យ​ចូលរួម​តាមដាន​សង្កេតការណ៍​កា​របោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ តាំងពី​ពេលព្រឹក​រហូតដល់​ពេលរ​សៀ​ល ដោយ​សង្កេតឃើញថា ការបោះឆ្នោត​ទាំងមូល​បាន​ដំណើរការ​យ៉ាង​ល្អប្រសើរ​។​

​លោក​ឯកអគ្គរដ្ឋទូត បានគត់សម្គាល់​ថា ក្នុងអំឡុង​បេសកកម្ម​របស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៤​ឆ្នាំនេះ​លោក​មាន​សេចក្តី​ពេញចិត្ត​យ៉ាង​ក្រៃលែង​ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដ៏​កក់ក្តៅ​ពី​ព្រឹទ្ធសភា​និង​គ្រប់​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ អនុវត្ត​ភារកិច្ច​ជា​ឯកអគ្គរដ្ឋទូត​។ ក្នុង​រយៈ​៤​ឆ្នាំនេះ ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​ជឿនលឿន​យ៉ាង​ឆាប់រហ័ស ហើយ​ជីវភាព​របស់​ប្រជាជន​កាន់ តែ​ល្អ​ប្រសើរឡើង ជាពិសេស​ការរីកចម្រើន​នៃ​អគារ​ធំៗ​នៅ​រាជធានី​ភ្នំពេញ ដូចជា​នៅ​តំបន់​កោះ​ពេជ្រ​។ លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍​បន្ថែមថា កាលពីមុន​លោក​ធ្លាប់ធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប តាម​រថយន្ត​ត្រូវ​ចំណាយពេល​ចំនួន ៨​ម៉ោង ប៉ុន្តែ​បច្ចុប្បន្ន​ចំណាយពេល​តែ ៣​ម៉ោង​ប៉​ណ្ណោះ​។​

​លោក ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន និង​ចាត់ទុកជា​បងប្អូន និង​ជា​អ្នកជិតខាង​ល្អ​។ ជាក់ស្តែង កាលពីពេល​កន្លងទៅនេះ មានការ​ផ្លាស់ប្តូរ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ និង​គណៈប្រតិភូ​ច្រើន​កម្រិត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​។

​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ជម្រាប​សម្តេច​ប្រធានព្រឹទ្ធសភា អំពី​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ គឺ​ប្រទេស​ទាំងពីរ បាន​ដោះស្រាយ​ចំនួន ៨៧% នៅសល់តែ ១៣%​ប៉ុណ្ណោះ ដែល​កំពុង​ពិភាក្សា​ដោះស្រាយ​ដោយ​ឈរលើ​ស្មារតី​យោគយល់​គ្នា និង​ដោយ​សន្តិវិធី​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជូនពរ​សម្តេច​ប្រធានព្រឹទ្ធសភា សូមឱ្យ​មាន​សុខ​ភាពល្អ អាយុ​យើ​ន​យូរ និង​ជោគជ័យ​។​
​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ក​ការទូត​រយៈពេល​៤​ឆ្នាំ របស់លោក​ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ ដែល​បាន​បំពេញ​តួនាទី ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ព្រឹទ្ធសភា ក្រសួង ស្ថាប័នរដ្ឋ និង​ប្រជាជន​កម្ពុជា​។ បេសកកម្ម​ការទូតរ​បស់​ឯកឧត្តម ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់ តែ​រឹងមាំ និង​ខ្លាំងខ្លា​ថែមទៀត​។

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​រំលឹក​អំពី ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៥៦ ក្រោម​ស្នា​ព្រះហស្ត​របស់​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ថ្នាក់ដឹកនាំ​ឡាវ​ជំនាន់​មុន ហើយ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នេះ ត្រូវបាន​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទន រហូតដល់​ពេលបច្ចុប្បន្ន​នេះ តាមរយៈ​ការផ្លាស់ប្តូរ​គណៈប្រតិភូ​កម្រិត​កំពូល ជាន់ខ្ពស់ ក្រសួង ស្ថាប័ន អង្គការ​មហាជន ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ មន្ត្រី​មូលដ្ឋាន រហូតដល់​ការផ្លាស់ប្តូរ​ប្រជាជន​គ្នា​ទៅវិញទៅមក​។ ក្នុងនោះ​ប្រទេស​ទាំងពីរ បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្រប​ខ័​ណ្ឋ​តំបន់​និង​អន្តរជាតិ​។​តាមរយៈ​ទំនាក់ទំនង​ដ៏​សកម្ម​នេះ ក៏មាន​ការខិតខំ​ជំរុញ​នូវ​ការ​វិ​និ​យោ​ទុន ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេ​សចណ៍​ទៅវិញទៅមក​ផងដែរ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត​ឡាវ ដែល​បាន​ចូលរួម​តាមដាន​សង្កេតការណ៍​កា​របោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​តី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ​។ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ដែល​បាន​ផ្ញើលិខិត​ចូលរួម​អបអរសាទរ​ចំពោះ​ការជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។
​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា តាម​ការកំណត់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នា​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ​។​តាម​លទ្ធផល​ឃើញថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ទទួលបាន​អាសនៈ​១០០%​។ បើតាម​ការគ្រោងទុក ព្រះមហាក្សត្រ​នឹង​កោះប្រជុំ​រដ្ឋសភា នីតិកាល​ទី​៦ នា​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​រដ្ឋាភិបាល​ថ្មី​នឹង​បង្កើតឡើង នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ប្រធានព្រឹទ្ធសភា​ជឿជាក់ថា ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ នឹង​រាំង​មាំ និង​កាន់តែ​ខ្លាំងខ្លា​ថែមទៀត​។ ជាមួយគ្នានេះដែរ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ឯកភាព​ជាមួយនឹង​ប្រសាសន៍​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បានលើកឡើង​អំពី បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​។ ក្នុងនាម​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ សូម​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បន្ត​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ដោយ​សន្តិវិធី ផ្អែកលើ​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ឯកសារ​ពាក់ព័ន្ធ សំដៅ​ឈានទៅ​បោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​បាន​រួចរាល់​ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ព្រមទាំង​ជាម​រតក​ដ៏​ថ្លៃថ្លា​សម្រាប់​ប្រជាជន​ទាំងពីរ ទាំង​នៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ក្នុង​ការជួយ​សម្របសម្រួល​ទំនាក់ទំនង​រវាង​អង្គការ​នីតិ​ប្ប​ត្តិ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​ល្អ​និង​រលូន​។ សម្តេច​បាន​បញ្ជាក់ថា​ព្រឹទ្ធសភា​នឹង​ត្រៀមខ្លួន​ជានិច្ច​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ​ជាមួយនឹង​ឯកអគ្គ​រដ្ឋ ទូត​ឡាវ​ថ្មី និង​ស្ថានទូត​ឡាវ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​បន្ត​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ប្រសិទ្ធិ​ពរ​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត សូមឱ្យ​មាន​សុខ​ភាពល្អ​បរិបូរ​ណ៌ និង​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ថ្មី នាពេលខាងមុខ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម