អគ្គរាជទូត ជាមួយ​អភិបាលក្រុង​សន្យា​រួមគ្នា​ការ​គាំពារ​ដល់​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​អាន​សាន​

1038
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សា​ធារ​ណះរ​ដ្ឋ​កូរ៉េ​និង​អភិបាលក្រុង​អាន​សាន បាន​សន្យាថា​នឹង​បន្ដ​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​លើកស្ទួយ​វប្បធម៌ អរិយធម៌​នៃ​ប្រទេស​ទាំងពីរ និង​ការ​គាំពារ​ដល់​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​អាន​សាន​។​
​ក្នុងនោះ​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បានស្នើ​ដល់​អភិបាលក្រុង​អាន​សាន ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​ចំណងមិត្តភាព​ជាមួយនឹង​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ណាមួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រឹតបន្ដឹង​ចំណង​មិត្ត​បន្ថែមទៀត​ក្នុង​ក្រប​ខ័​ណ្ណ​ថ្នាក់ក្រោម​ជាតិ​នៃ​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ប្រសើរ​ថែមទៀត​។​
​ការស្នើ​ខាងលើនេះ​របស់លោក ឡុង ឌី​ម៉​ង់ បាន​ធ្វើឡើង​ខណៈដែល​លោក​និង​សហការី បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Wha Sub Yoon អភិបាល​ទីក្រុង​អាន​សាន និង​លោក​ប្រធាន​ម​ជ្ឈ​ម​ណ្ឌ​ប្រឹក្សា​យោបល់​ជនបរទេស​នៃ​ទីក្រុង​អាន​សាន នា​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ ។​
​ជាមួយគ្នា​នោះ​ចំពោះ​ការស្នើ​អោយ​អភិបាលក្រុង​អាន​សាន ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​ចំណងមិត្តភាព​ជាមួយនឹង​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ណាមួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រឹតបន្ដឹង​ចំណង​មិត្ត​បន្ថែមទៀត​ក្នុង​ក្រប​ខ័​ណ្ណ​ថ្នាក់ក្រោម​ជាតិ​នៃ​ប្រទេស​ទាំងពីរ​នោះ ជាការ​ឆ្លើយតប លោក​អភិបាលក្រុង​រីករាយ ហើយ​ថ្លែងអំណរគុណ​ដល់​ឯកអគ្គរាជទូត ហើយ​សន្យាថា​នឹង​យក​សំណើរ​នេះ​មក​ពិនិត្យ​ពិភាក្សា នឹង​ឆ្លើយតប​វិញ​ក្នុងពេល​ខាងមុខនេះ​។​ក្នុងឱកាស​នោះ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក ឡុង ឌី​ម៉​ង់​ក៏បានផ្ដល់​សម្លៀកបំពាក់​ប្រពៃណី​ក្នុង​ពិធីមង្គលការ​ចំនួន ២​ឈុត ជូន​មជ្ឈមណ្ឌល​វប្បធម៌​នៃ​ទីក្រុង​អាន​សាន​ដើម្បី​ទុក​តាំង​បង្ហាញ​ផងដែរ​។​
​គួរបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ននេះ​ព្រះរាជាណាចក្រ​ក​ម្ពូ​ជាមាន​រាជធានី​-​ខេត្ត ដែលមាន​សម្ព័ន្ធមិត្ត​ជាមួយនឹង​សាធារណរដ្ឋ​កូរ៉េ​ដូចជា រាជធានី​ភ្នំពេញ​បាន​ចងសម្ព័ន្ធភាព​ជាមួយនឹង​ទីក្រុង​ប៊ូសាន និង​ទីក្រុង​អ៊ិន​ឆន់ ហើយ​ខេត្តសៀមរាប​បាន​ចងសម្ព័ន្ធភាព​ជាមួយនឹង​ទីក្រុង​ស៊ូ​វ៉ុ​ន ហើយ​សមិទ្ធិផល​ផ្លែផ្កា​ជា​វិជ្ជមាន​នៃ​ចំណងមិត្តភាព​ក៏បាន​នឹង​កំពុង​រីកដុះដាល​ជា​បន្ដបន្ទាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម