គណបក្សនយោបាយ​នានា ស្វាគមន៍ និង​ត្រៀមខ្លួន​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​រវាង​នាយករដ្ឋមន្ត្រី​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​មិន​ជាប់ឆ្នោត​

1270
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​ / ​ភ្នំពេញៈ ប្រធាន និង​តំណាង​គណបក្សនយោបាយ ដែល​ចូលរួម​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ បានប្រកាស​ស្វាគមន៍ និង​ត្រៀមខ្លួន​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​មិន​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​។ គម្រោង​បង្កើត​វេទិកា​ពិគ្រោះ​យោបល់ ពុំ​ធ្លាប់​មាននៅ​កម្ពុជា​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹងធ្វើ នៅមុន​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី នា​ថ្ងៃទី​៦ ខែកញ្ញា​ខាងមុខ​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ​រាប់ម៉ឺន​នាក់ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុងនាម​សម្តេច ជា​នាយករដ្ឋមន្ត្រី​នៃ​អាណត្តិ​ថ្មី​ទី​៦ (២០១៨-២០២៣) គឺ​សម្តេច​គ្រោង​នឹង​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង នៅក្នុង​បោះឆ្នោត​កន្លងមកនេះ​។​

សម្តេច​តេ​ជោ បន្ថែមថា ការបង្កើតឡើង​នូវ​វេទិការ​ពិគ្រោះ​យោបល់​នេះ គឺ​នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​សម្រាប់​កិច្ចការ​ប្រទេសជាតិ ក្នុងនោះ​គឺ​រួមទាំង​សេចក្តីព្រាងច្បាប់ សម្រាប់​ប្រើប្រាស់​ផងដែរ​។ ការបង្កើតឡើង​នូវ​វប្បធម៌​សន្ទនា​រវាង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី ជាមួយនឹង​គណបក្សនយោបាយ​ទាំង​២០ គឺ​នឹង​ប្រមូល​នូវ​កម្លាំង​ទ្រព្យសម្បត្តិ កម្លាំង​ធនធានមនុស្ស​និង​កម្លាំង​ប្រាជ្ញា ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គ្រោង​នឹង​អញ្ជើញ​តំណាង​២-៣ នាក់ មកពី​គណបក្ស​ទាំង​២០ ដែល​បាន​ចូលរួម​បោះឆ្នោត​កន្លងទៅនេះ ចូលរួម​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​នៅ​វិមាន​សន្តិភាព មុនពេល​រៀបចំ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​។ ​តាមរយៈ​យន្តការ​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នេះ ត្រូវបាន​ប្រធាន និង​តំណាង​គណបក្សនយោបាយ​នានា សម្ដែង​ការស្វាគមន៍ និង​ប្រកាស​ត្រៀមខ្លួន ចូលរួម​ពិគ្រោះ​យ​ប​ល់ ក្នុងន័យ​ស្ថាបនា និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានប្រកាស​ស្វាគមន៍ ហើយ​ចាត់ទុកថា​ជាការ​ចាប់អារម្មណ៍ និង​ជា​របត់​នយោបាយ​ថ្មី​នៅ​កម្ពុជា ឆ្ពោះទៅរក​ការផ្សះផ្សារ និង​អភិវឌ្ឍន៍​ជាតិ ដើម្បី​ឲ្យ​អ្នកនយោបាយ ដែល​មិន​ជាប់ឆ្នោត មានឱកាស​ចូលរួម​កា​រងារ​អភិវឌ្ឍន៍​ប្រទេសជាតិ​។

​ដោយ​ប្រកាស​ត្រៀមខ្លួន​ចូលរួម​វេទិកា​រវាង​នាយករដ្ឋមន្ត្រី និង​គណបក្ស​ក្រៅ​រដ្ឋសភា នាពេល​ឆាប់ៗ​នេះ លោក ពេជ្រ ស្រស់ បាន​លើកឡើងថា នៅពេល​ជួប​ជជែក​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ត្រៀម​ប្រធានបទ ២ សំខាន់ គឺ​ទី​១-​បញ្ហា​កសិកម្ម និង​ទី​២-​ពាក់ព័ន្ធ​នឹង​ច្បាប់​ចូលសញ្ជាតិ​ខ្មែរ​។ លោក​ពេជ្រ​ស្រស់ ក៏​ចង់​ឲ្យ​វេទិកា​នេះ ធ្វើឡើង​រៀងរាល់ ប្រាំមួយ​ខែម្តង ដើម្បី​ផ្តល់ឱកាស​ដល់​គណបក្ស​ក្រៅ​រដ្ឋសភា អាច​ផ្តល់​មតិយោបល់ ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ដោយឡែក គណបក្ស​ធម្មាធិបតេយ្យ របស់លោក​ស្រី ពោធិ​តី សាវត្ថី តាមរយៈ​អ្នកនាំពាក្យ លោក ឆូ​ន ឆ​វ័​ន្ត ក៏បាន​ប្រកាស​ស្វាគមន៍ និង​ត្រៀមខ្លួន ដើម្បី​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់ នាពេលខាងមុខ​។
​លោក ឆូ​ន ឆ​វ័​ន្ត លើកឡើងថា “​វេទិកា​នេះ ជាការ​បង្រួបបង្រួម​ជាតិ​ផង និង​ដើម្បី​ជួយ​ដល់​ប្រជារាស្ត្រ​ម្ចាស់ឆ្នោត​ផង ហើយក៏​ស្របតាម​ការចង់បានរ​បស់​គណបក្ស​ធម្មាធិបតេយ្យ ដែល​លោកស្រី ពោធិ​តី សាវត្ថី បាន​សរសេរ​លិខិត ដាក់ជូន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត អាច​ធ្វើជា​អ្នកសង្កេតការណ៍ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា និង​អាច​ផ្តល់​មតិយោបល់ សម្រាប់​ចូលរួម​ក្នុងការ​ពិភាក្សា​អនុម័ត​ច្បាប់​នានា ផងដែរ​”​។

​ដោយឡែក លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានចាត់ទុក​វេទិកា​ពិ​គ្រោះ​យោបល់​រវាង​នាយករដ្ឋមន្ត្រី និង​គណបក្ស​ក្រៅ​រដ្ឋសភា​នេះ ថា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​តែងតែមាន​វេទិកា​នេះ​។ នេះ​ជា​ឥរិយាបថ ដើម្បី​បន្ថយ​អរិយ​ភាព ជម្លោះ​រវាង​គណបក្សនយោបាយ​។ ក៏ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ មិនទាន់​ប្រាកដថា នឹងចូលរួម ឬក៏​មិន​ចូលរួម​វេទិកា​នេះ​ទេ ដោយនៅ​ចាំមើល ស្វែងយល់ និង​ពិចារណា​លើ​គម្រោង​រៀបចំ​វេទិកា​នោះ​សិន​។​

​ចំណែក​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​ក្រោក គណបក្ស​ខ្មែរ​មួយ រួម​នឹង​គណបក្ស​សញ្ជាតិ​កម្ពុជា បានប្រកាស​រៀងៗ​ខ្លួន ពី​ការបង្ហាញ​ជំហ​គាំទ្រ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចង់​បង្កើត​វេទិកា​ពិគ្រោះ​យោបល់ រវាង​គណបក្សនយោបាយ​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​ប្រទេសជាតិ​។ នេះ​គឺ​ការរួបរួម និង​ផ្សះផ្សារ​ជាតិ ដែល​ពុំ​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម