គណៈកម្មាធិការ​ទន្លេមេគង្គ​ស្វាគមន៍​ការសំរេចចិត្ត​របស់​ឡា​វ​ក្នុងការ​ផ្អាក​គំរោង​វា​រី​អគ្គិសនី​ថ្មី​

2991
ចែករម្លែក
  • 6
    Shares

ការបាក់ទំនប់វារីអគ្គិសនីឡាវបានធ្វើអោយមហិច្ឆតារបស់ប្រទេសនេះដើម្បីក្លាយជាធុងអាគុយអាស៊ីនោះក្លាយជាបញ្ហាភ្លាមៗនិងរំលេចអំពីការព្រួយបារម្ភរបស់ក្រុមការពារបរិស្ថានព្រមទាំងបង្ខំអោយរដ្ឋាភិបាលឡាវប្រកាសផ្អាកការផ្តល់អាជ្ញាប័ណ្ណថ្មីសំរាប់គំរោងបែបនេះ។

គណៈកម្មាធិការទន្លេមេគង្គ កាលពីថ្ងៃពុធទី១៥សីហាបានស្វាគមន៍ការសំរេចចិត្តដោយរដ្ឋាភិបាលឡាវក្នុងការផ្អាកការអនុម័តសំណង់ទំនប់វារីអគ្គិសនីថ្មីៗក្នុងពេលខ្លួនធ្វើការពិនិត្យសើរើឡើងវិញសំណង់ដែលកំពុងសង់និងកំពុងដំណើរការក្រោយការបាក់ទំនប់វារីអគ្គិសនីមួយកាលពីខែមុននៅខេត្តអត្តពឺ។

ទំនប់បង្ហៀរមួយ ដែលជាផ្នែកនៃគំរោងរោងចក្រវារីអគ្គិសនីXe-Pian Xe-Namnoyបានបាក់កាលពីថ្ងៃ២៣កក្កដា ដោយសម្លាប់មនុស្សយ៉ាងតិច៣៩នាក់និងជាង៩០នាក់នៅបាត់ខ្លួននៅឡើយ។

គណៈកម្មាធិការទន្លេមេគង្គ(MRC)បាននិយាយកាលពីថ្ងៃពុធថា” គណៈកម្មាធិការទន្លេមេគង្គសូមស្វាគមន៍និងអបអរយ៉ាងខ្ពង់ខ្ពស់ការសំរេចចិត្តដ៏ល្អមួយដែលថាប្រទេសនេះនឹងពិនិត្យមើលឡើងវិញគំរោងកំពុងដំណើរការនិងកំពុងសាងសង់បច្ចុប្បន្នព្រមទាំងផ្អាកការពិចារណាផ្តល់គំរោងថ្មីទាំងអស់ពាក់ព័ន្ធនឹងការវិនិយោគថាមពលវារីអគ្គិសនី”។

ឡាវ ដែលជាប្រទេសក្រីក្របំផុតមួយនៅអាស៊ី សង្ឃឹមក្លាយជា”ធុងអាគុយនៃអាស៊ីអាគ្នេយ៍” ដោយសារតែលក់ចរន្តអគ្គិសនីទៅអោយប្រទេសជិតខាងចេញពីរោងចក្រវារីអគ្គិសនីទាំងនេះ។ការលក់ចរន្តអគ្គិសនីរបស់ឡាវស្មើនឹងការនាំចេញរបស់ប្រទេសនេះទាំងមូលប្រមាណ៣០ភាគរយ។ឡាវមានរោងចក្រវារីអគ្គិសនីកំពុងដំណើរការចំនួន៤៦នៅឆ្នាំ២០១៧ និង៥៤ទៀតស្ថិតក្នុងផែនការសាងសង់ឬកំពុងសាងសង់។

ទោះជាយ៉ាងណា បណ្តាក្រុមបរិស្ថានព្រមានអំពីផលប៉ះពាល់លើបរិស្ថាននិងសហគមន៍ជនបទដែលពឹងលើទន្លេមេគង្គ។

MRCបាននិយាយថា ការសំរេចចិត្តរបស់ឡាវនាំអោយមានក្តីសង្ឃឹមសំរាប់មាគ៌ាអភិវឌ្ឍន៍ដោយចីរភាព ល្អនិងមិនសូវបង្កវិវាទនៅតាមដងទន្លេមួយក្នុងចំណោមទន្លេវែងនិងធំបំផុតក្នុងលោក៕ដោយ៖វាសនា

ប្រជាជនក្នុងខេត្តអត្តពឺ ប្រទេសឡាវ ក្លាយជាគ្មានផ្ទះសម្បែងដោយសារការបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃ២៣កក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម