ចំនួន​អ្នកស្លាប់​ដោយ​ទឹកជំនន់​នៅ​រដ្ឋ​Kerala ប្រទេស​ឥណ្ឌា កើនឡើង​ដល់​៦៧

3054
ចែករម្លែក

មន្ត្រីម្នាក់បាននិយាយប្រាប់សារព័ត៌មានបារាំងថា ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅរដ្ឋKerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានកើនឡើងដល់៦៧នាក់ បន្ទាប់ពីមានមនុស្សស្លាប់២៥នាក់ផេ្សងទៀត ត្រូវបានរាយការណ៍កាលពីថ្ងៃពុធទី១៥សីហាហើយថា​ មនុស្សជាង៥០.០០០នាក់កំពុងស្វែងរកទីជម្រកនៅតាមជំរំសង្គ្រោះ។

រដ្ឋKerala ដែលជាតំបន់ទេសចរណ៍នេះ មានភ្លៀងធ្លាក់ច្រើនរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំនេះ មានភ្លៀងធ្លាក់ដ៏ខ្លាំង ដោយបានបង្កឱ្យជន់លិចភូមរាប់រយនិងបានបណ្តាលឱ្យក្រុមអាជ្ញាធរផ្អាកជើងហោះហើរនៃយន្តហោះទាំងក្នុងនិងក្រៅតំបន់នេះ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនៃរដ្ឋKerala បានប្រាប់សារព័ត៌មានAFPថា ស្ថានភាពអាក្រក់នៅក្នុងផ្នែកជាច្រើននៃរដ្ឋនេះ នឹងកាន់តែអាក្រក់ឡើង ហើយ ចំនួនអ្នកស្លាប់នេះ ទំនងជានឹងកើនឡើង ។

មន្ត្រីនេះ បានបន្ថែមថា​ក្រុមអាជ្ញាធរបានចេញការព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅទីក្រុងចំនួន១៤នៅរដ្ឋដែលមានទឹកជំនន់ខ្លាំងនេះ ហើយថាភ្លៀងធ្លាក់ខ្លាំង ត្រូវបានរំពឹងថានឹងកើតឡើងក្នុងរយៈពេល២៤ម៉ោងបន្ទាប់មកទៀត នៅតំបន់ជាច្រើនដែលបានប្រឈមផលប៉ះពាល់ដ៏ខ្លាំង។

ក្រុមអាជ្ញាធរនៃរដ្ឋនេះ បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិក្រុងKochi នៅក្នុងរដ្ឋនេះ នឹងត្រូវបានបិទរហូតដល់ថ្ងៃសៅរ៍ ដោយសារភ្លៀងធ្លាក់ខ្លាំង ដោយបង្កជាទឹកជំនន់៕ដោយ៖សុខា/SN

អាកាសយានដ្ឋានអន្តរជាតិក្រុងKochi នៅក្នុងរដ្ឋKerala ត្រូវបានទឹកជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលនាំឱ្យផ្អាកជើងហោះហើរ

ទីតាំងផ្សាយពាណិជ្ជកម្ម