ឧ​ទ្យា​នុ​រក្ស​តំបន់​ការពារ​នៅ​បន្ទាយមានជ័យ បង្ហាញ​ភ្ញៀវ​បរទេស​ពី​វត្តមាន​សត្វ​ស្លាប​ទឹក​

2486
ចែករម្លែក
  • 19
    Shares

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​នៅ​ខេត្តបន្ទាយមានជ័យ បង្ហាញ​ភ្ញៀវ​បរទេស​ពី​វត្តមាន​សត្វ​ស្លាប​ទឹក នៅ​គោលដៅ​តំបន់​ការពារ​១​ក្នុងចំណោម​៣​កន្លែង ក្នុង​ដូ​វ​វស្សា​ភ្លៀង​ធ្លាក់​ជោកជាំ​នេះ​។​

​លោក យឹម លី ប្រធាន​ម​ន្ទិ​រ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ថ្ងៃទី​១៥​ខែសីហា​ថា ការងារ​អភិរក្ស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ របស់​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ គឺ​ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ស្រុក​ភ្នំស្រុក សហការ​ជាមួយ​អង្គការ​អភិ​ក្ស​សង្គម​សត្វព្រៃ (​ដាប់​បិ​ល​យូ​ស៊ី​អេស​: WCS) ចុះ​ល្បាត​ចំណុច​ខាងកើត​ត្រពាំង​ក្រចាប់ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ទន្ទឹមនឹងនេះ ក៏បាន​ជូន​ដំណើរ​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​ទស្សនា​សត្វ​ស្លាប​ទឹក​ចម្រុះ ដូចជា រនាល​ពណ៍ ក្រៀល​ខ្យង​(​ឬ​ចង្កៀល​ខ្យល​) ទុង​។​ល​។ វត្តមាន​សត្វ​ទាំងនេះ បង្ហាញមុខ​ក្នុង​១​ប្រភេទៗ​រាប់រយ​ក្បាល​។ ប៉ុន្តែ​សត្វ​ក្រៀល​ក្បាល​ក្រហម​ដ៏​កម្រ និង​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក​វិញ ពុំទាន់​មាននៅ​ឡើយ​។ វា​មាន​ពី​ដើមរដូវ​ប្រាំង​នា​ខែធ្នូ និង​មករា​តទៅ​។

​ជាការ​កត់សម្គាល់ ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់​នោះ ឲ្យ​ដឹងថា នៅ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ពុំមាន​បទល្មើស​អី​កើតឡើង​ទេ​។ នៅ​តំបន់​ការពារ​២​កន្លែង​ទៀត គឺ​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​ស្រុក​ថ្មពួក និង​តំបន់ការពារទេសភាព​រនាមដូនសំ ស្រុក​ម៉ាឡៃ ដែល​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​ក្នុង​តំបន់ និង​ក្នុង​សហគមន៍​ការពារ​ព្រៃឈើ ក៏​ពុំមាន​បញ្ហា​គួរកត់សំគាល់​ដែរ​។​

​លោក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក​ប្រាប់​តាម​ទូរស័ព្ទ​ថ្ងៃទី​១៥​ខែសីហា​ថា ក្នុង​ក្រុមការងារ​សត្វ​ក្រៀល​អាង​ត្រពាំងថ្ម នៃ​អង្គការ WCS ក៏មាន​មន្ត្រីនគរបាល​ប្រចាំការ​សហការ​ជាមួយ ហើយ​តាមដាន​និង​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​សត្វព្រៃ​និង​នេសាទ​ក្នុង​តំបន់​។ ជា​លទ្ធផល មួយរយៈ​ចុងក្រោយ​នេះ មិនមាន​បទល្មើស​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម