​ប្រមុខ​រាជរដ្ឋាភិបាល​បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​បន្ត​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​មេដឹកនាំ​ចិន​

780
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ញើ​សារ​ថ្លែងអំណរគុណជូន​ចំពោះ​លោក ស៊ី ជិន​ពីង ប្រធា នាធិបតី​ចិន និង លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ។នៅក្នុង​សារលិខិត​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​បន្ត​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​មេដឹកនាំ​ចិន​ដើម្បី​ជម្រុញ​ការផ្លាស់ប្តូរ​ទំណាក់ទំនង​រវាង​គណ​បក្ស​និង​គណបក្ស​, រដ្ឋាភិបាល និង​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។​ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោហ៊ុនសែនចុះថ្ងៃទី ១៥ ខែ សីហា ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពីយប់ថ្ងៃទី ១៥ ខែ សីហា ។

សម្តេចតេជោ ហ៊ុន សែន ចាប់ដៃជាមួយលោក ស៊ី ជីនពីង ប្រធានធិបតីចិន ៕

​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​ចំពោះ លោក ស៊ី ជិន​ពីង សម្តេច​តេ​ជោ​ហ៊ុនសែន​សរសេរ​រៀបរាប់ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ជា ខ្លាំង ដោយបាន​ទទួល​នូវ​សារ​អបអរសាទរ​របស់​ឯក​ឧ​ត្ត​ម​តែ​ក្នុងពេល​ដ៏​ខ្លី​ក្រោយពី​ឃើញច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ជ័យជំនះ​ដ៏ លើស លុប​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី ៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​ខ្ញុំ​សូម​សម្តែង​នូវ​ការ​អំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ចិន ដែល​មិន​ត្រឹមតែ​ផ្តល់ជំនួយ​ដល់​ដំណើរការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍​ធំ​បំ ផុត​ជាង​ពេលមុនៗ​មក​ធ្វើជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​នៅ​ប្រទេស​ខ្ញុំ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​៖«​ខ្ញុំ​សូម​បញ្ជាក់ជូន​ឯកឧត្តម អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​បន្ត​សហការ​យ៉ាង​ជិតស្និទ​ជាមួយ ឯកឧត្តម ដើម្បី​ជម្រុញ​ការផ្លាស់ប្តូរ​ប្រាស្រ័យ​ទាក់ ទង​គ្នា​រវាង​គណបក្ស​និង​គណបក្ស​, រដ្ឋាភិបាល​និង​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន និង​ប្រជាជន ហើយនឹង​បន្ត​លើកកម្ពស់​ចំណងមិត្តភាព​ជា​បងប្អូន និង កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជានិងចិនដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​យើង​ទាំងពីរនិង​ដើម្បី​សន្តិភាព និង​វិបុលភាព​រួម​នៅក្នុង និង​ក្រៅ​តំបន់​របស់​យើង ​»​។​

​ដោយឡែក​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក លី ខឺ​ឈាង សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា​៖«​ខ្ញុំ​បានទទួល​ដោយ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ នូវ​សារ​អបអរសាទរ​របស់​ឯក​ឧ​ត្ត​ម ផ្ញើជូន​ដល់​ខ្ញុំ​ក្នុងឱកាស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ជ័យជំនះ​ក្នុង ការបោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា នីតិកាល​ទី ៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ខែកក្កដាឆ្នាំ​២០១៨ ដោយ​សុខសន្តិភាព សេរី មាន សណ្តាប់ធ្នាប់និង​ប្រកបដោយ​តម្លាភាព​»​។​

​សម្តេច​តេ​ជោ​បាន​បន្តថា«​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះដែរសម្តែង​នូវ​ការ​អរគុណ​ជា​អនេកប្បការ​ចំពោះ​រដ្ឋាភិបាល ដែល​បាន​ផ្តល់ជំនួយ​យ៉ាង ច្រើន​រួមចំណែក​ដ៏​ធំធេង​ដល់​ការរៀបចំ​ដំណើរការ​បោះឆ្នោត ដោយ​ជោគជ័យ​ហើយ​ថែមទាំង​បាន​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍​ធំ​បំផុត​ជាង​ពេលមុនៗ មក​ធ្វើជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​នៅ​ប្រទេស​កម្ពុជា​»​។​

​គួរ​បញ្ជាក់ថា​ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦កាលពីថ្ងៃទី ១៩ ខែ កក្កដា លោក ស៊ី ជិន​ពីង អគ្គលេខាធិការ​នៃ​បក្ស​កុម្មុយនីស្ត​ចិននិងលោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនបាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជានិងសម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន ដែល​ទទួលបាន​ ជ័យជំនះ​ក្នុងកាrបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រអាណត្តិ​ទី​៦ ៕​BR

សម្តេចតេជោ ហ៊ុន សែន ចាប់ដៃជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ៕

ទីតាំងផ្សាយពាណិជ្ជកម្ម