មី​ឆែ​ល យ៉ូ ដំបូង​មិន​ចង់​សម្តែង​ជា​ម្តាយក្មេក​កាច​ក្នុង​រឿង Crazy Rich Asians ទេ តែ​ព្រម​សម្តែង​ព្រោះ​រឿងនេះ​បាន​បំបែក​ផ្នត់គំនិត​ជាច្រើន​អំពី​ជនជាតិ​អាស៊ី

1397
ចែករម្លែក
  • 4
    Shares

​តារា​សម្តែង​ស្រី មី​ឆែ​ល យ៉ូ (Michelle Yeoh) មិន​ចង់​សម្តែង​ជា​តួ​បែប​កំប្លែង​ចម្អក​នោះទេ នៅពេល​លោកស្រី​ទទួលយក​ការសម្តែង​ជា​តួ​ស្ត្រី​នាគរាជ​ម្នាក់ នៅក្នុង​រឿង​ហូលីវូដ​បែប​កំប្លែង​ស្នេហា Crazy Rich Asians ដោយ​ផ្អែកលើ​សៀវភៅ​ប្រលោមលោក​លក់ដាច់​បំផុត​របស់លោក​ខេ​វិ​ន ក្វាន់ (Kevin Kwan) ដែលមាន​ចំណងជើង​ដូចគ្នា​។​

​តារា​សម្តែង​ម៉ាឡេស៊ី​វ័យ ៥៦ ឆ្នាំ​រូបនេះ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​នៅឯ​សណ្ឋាគារ Beverly Wilshire ក្នុង​ទីក្រុង Beverly Hills ថា “​នោះ​ហើយ​ជា​រឿង​ដំបូង ដែល​លោកនាយក​ដឹកនាំ​រឿង ច​ន អេ​ម ជូ និង​ខ្ញុំ​បាន​ពិភាក្សាគ្នា នៅពេល​យើង​និយាយ​តាម Skype អំពី​ការចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​”​។​

​មី​ឆែ​ល យ៉ូ បាន​និយាយថា “​ខ្ញុំ​បាន​សួរ​គាត់​ថា តើ​លោក​កំពុង​ផលិត​រឿង Hangover ឬ លោក​កំពុង​ផលិត​រឿង​អី​បន្ថែមទៀត​មែន​ទេ​? បន្ទាប់ពី​ខ្ញុំ​បាន​អាន​សៀវភៅ​នោះ​រួច ខ្ញុំ​គិតថា​វា​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​បង្ហាញ​ដល់​ពិភពលោក អំពី​បេតិកភណ្ឌ ប្រពៃណី​ក្នុង​គ្រួសារ​ជនជាតិ​ចិន​នៅ​អាស៊ី និង​តើ​វា​មានន័យ​ដូចម្តេច​ដែល​កើត​មកជា​អាស៊ី​កាត់​ចិន​។ តួ​ជា​ម្តាយ​គឺមាន​ឥទ្ធិពល​ខ្លាំងណាស់ ដោយសារតែ​បន្ទុក​ការលំបាក និង ការទទួលខុសត្រូវ បាន​ធ្លាក់​ទៅលើ​នាង​”​។​

​នៅក្នុង​រឿង Crazy Rich Asians ដែល​នឹង​បញ្ចាំង​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី ២២ សីហា តួ Eleanor Young (​សម្តែង​ដោយ​លោកស្រី​យ៉ូ​) មិន​យល់ថា មិត្តស្រី​ជនជាតិ​ចិន​កាត់​អាមេរិក (​សម្តែង​ដោយ​នាង ខុន​ស្តែ​ន វូ​) របស់​កូនប្រុស​លោកស្រី​ឈ្មោះ Nick (​សម្តែង​ដោយ​លោក ហង់​រី ហ្គោល​ឌី​ង​) គឺ​ល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​បាន​និយាយ​អំពី​រឿងនេះ​ដោយ​ឥត​លាក់លៀម នៅពេល​កូនប្រុស​បាន​នាំ​នាង​ទៅ​ប្រទេស​សិង្ហ​បុរី​ដើម្បី​មកជួប​គ្រួសារ​មាន​ស្តុកស្តម្ភ​របស់ខ្លួន និង ចូលរួម​មង្គលការ​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​របស់ Nick​។​

​ដោយ​មើលទៅ​ស្អាត​អស្ចារ្យ​ក្នុង​ឈុត​សម្លៀកបំពាក់​ម៉ូត​ល្បី​របស់​តួ​ជា​ម្តាយ​អម​ជាមួយ​គ្រឿងអលង្ការ​ស្រោច​ខ្លួន (​គ្រឿងអលង្ការ​ខ្លះ​ជា​របស់លោក​ស្រី​យ៉ូ​ផ្ទាល់​) លោកស្រី​យ៉ូ​បាន​សម្តែង​យ៉ាង​ល្អឥតខ្ចោះ​ក្នុងនាម​ជា​តួ​ស្ត្រី​មេ​គ្រួសារ​មាន​ស្តុកស្តម្ភ ដែល​និយាយ​តែ​សម្តី​ថ្លៃថ្នូរ ប៉ុន្តែ​ក៏មាន​កំហុស​ខ្លះៗ​ដែរ មិន​អត់​នោះទេ​។​

​តួ​ម្ដាយក្មេក​ក្នុង​ខ្សែភាពយន្ត​ដទៃទៀត​មើលទៅ​មិនទាន់​គួរឱ្យខ្លាច​ស្មើនឹង​ការសម្តែង​របស់លោក​ស្រី​យ៉ូ​នោះទេ​។​

​លោកស្រី​យ៉ូយ​ល់​ថា នាយក​ដឹកនាំ​រឿង ច​ន ជូ បាន​បំបែក​រាល់​ផ្នត់គំនិត​ទាំងឡាយ​អំពី​ជនជាតិ​អាស៊ី​ជាមួយនឹង​ខ្សែភាពយន្ត​មួយ​នេះ ដោយ​បន្ថែមថា “​ច​ន ជូ បាន​យក​បាល់​បេស​ប​ល គប់​ចំ​គោលដៅ​នៅក្នុង​សួន​។ ខ្ញុំ​គិតថា វា​ដល់​ពេលដែល​ត្រូវ​បំបែក​ផ្នត់គំនិត​អំពី​ជនជាតិ​អាស៊ី​ហើយ​…​យើង​គួរតែ​បានឃើញ​រឿង​បែប​នោះ​ឱ្យបាន​ច្រើន ដូច្នេះ​នេះ​គឺជា​ឱកាសល្អ​ហើយ​ខ្ញុំ​សង្ឃឹមថា​មានឱកាស​ជាច្រើន​ទៀត​ដើម្បី​ប្រាប់​រឿងរ៉ាវ​បែបនេះ​”៕ ដោយ៖ កញ្ញាដាលីស

មី​ឆែ​ល យ៉ូ

ទីតាំងផ្សាយពាណិជ្ជកម្ម