បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់ជាតិ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​សំដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ឱ្យបាន​៥០​ភាគរយ ត្រឹម​ឆ្នាំ​២០២០

896
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញ​: បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​ក្លាយជា​ប្រធានបទ​មួយ​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ព្រួយបារម្ភ ចំពោះ​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​។ គ្រោះថ្នាក់​ចរាចរណ៍ បាន​បន្សល់ទុក​នូវ​សោកនាដកម្ម និង​ផលប៉ះពាល់​ជាច្រើន​ដល់​សេដ្ឋកិច្ច និង​សង្គម និង​បញ្ហា​ប្រឈម​គួរឱ្យ​ព្រួយបារម្ភ ។​

​យោងតាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានបង្ហាញ​ថា ជា​រៀងរាល់ឆ្នាំ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​ជិត​២ ពាន់ នាក់ និង​របួសធ្ងន់​រហូត​ដល់​ជិត​៥ ០០០​នាក់​។​

​យោងតាម​របាយការណ៍​បណ្តោះអាសន្ន​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៧ បានឱ្យដឹងថា បើ​ធៀប​នឹង​ប្រជាពលរដ្ឋ ១០០ ០០០​នាក់ ប្រទេស​កម្ពុ​ជាមាន​អត្រា​ស្លាប់​ចំនួន ១២,៥ ដែល​អត្រា​នេះ​គឺ​ខ្ពស់ជាង​ប្រទេស​វៀតណាម​(៩,៣) ។ ដោយ​គិត​ជា​មធ្យម​មាន​មនុស្ស​ចំនួន​៥​នាក់​ស្លាប់ និង​១៣​នាក់​រងរបួស​ធ្ងន់​ក្នុង​មួយថ្ងៃ ។ ប្រភព​របាយការណ៍​ដ​ដែល​ឆ្នាំ​២០១៧​បាន​បង្ហាញថា អ្នកស្លាប់​ចំនួន ៥៤% មាន​អាយុ​ចន្លោះ​ពី ១៥-៣៤​ឆ្នាំ ដែល​ក្នុងនោះ​៨២%​គឺជា​បុរស ។ អ្នកស្លាប់​ជា​កសិករ​មាន​ភាគរយ​ច្រើនជាងគេ (៤០%) បន្ទាប់មក​កម្មករ ២១% និង​សិស្ស ១២%​។​

​ដោយ​មើលឃើញ​អំពី​ទំហំ​សោកនាដកម្ម និង​ផលវិបាក​ដល់​សង្គម​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រសួង​អភិវឌ្ឍន៍ជនបទ​តាមរយៈ​ការគាំទ្រ​ជំនួយ​បច្ចេកទេស និង​ថវិកា ពី​ដៃគូ​អភិវឌ្ឍន៍​រួមមាន​ធនាគា​អភិវឌ្ឍ​ន៏​អាស៊ី ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏​នៃ​ប្រទេស​បារាំង និង​កម្មវិធី​ជំនួយ​អូស្ត្រាលី បានរៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស នៅក្នុង​តំបន់​នៃ​គម្រោង​កែលម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​ទាំង​១០​ខេត្ត រួមមាន​ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ ដោយ​ផ្តោតលើ​កត្តា​ហានិភ័យ​នានា សំដៅ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ប្រើប្រាស់​ផ្លូវ​គ្រប់រូប​។​

​នា​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨ កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​គម្រោង​កែលម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ដែល​រៀបចំ​នៅ​សាលប្រជុំ នៃ​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ ក្រោម​អធិបតីភាព​លោក សុង សុផល ប្រធាន​គ្រប់គ្រង​គម្រោង​កែលម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​និង​លោក​បណ្ឌិត ម៉ាសា​តូ កូ​តូ ប្រធាន​ក្រុម​ទីប្រឹក្សាបច្ចេកទេស​សុវត្ថិ​ភាព​ចរាចរណ៍ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ៤៨​រូប អញ្ជើញ​មកពី​ក្រសួង និង​មន្ទី​អភិវឌ្ឍ​ន៏​ជនបទ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ស្តីពី សុវត្ថិភាព​ចរាចរណ៍ ដល់​ម​ន្រី្ត​អនុវត្ត​ការងារ​អប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការគោរព និង​អនុវត្ត​ន៏​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាច​រាណ៍​ផ្លូវគោក​។ សៀវភៅ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​វគ្គប​ណ្តុះ​បណ្តាល​នេះ ត្រូវបាន​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​អបរំ​សហគមន៍ នឹង​ផ្តោតជាសំខាន់​លើ ការបើករ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការពាក់​មួកសុវត្ថិភាព សុវត្ថិភាព​ថ្មើរជើង សុវត្ថិភាព​ជិះ​កង់ សុវត្ថិភាព​តំបន់​សាលារៀន ការសង្គ្រោះ​បឋម និង​វិធីសាស្ត្រ​សម្របសម្រួល​វគ្គ​បណ្ដុះបណ្ដាល​។

​លោក សុង សុផល បាន​លើកឡើងថា ជាការ​ពិតណាស់ កាលបើ​មាន​ផ្លូវ​ល្អ នោះ​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នឹង​បាន​ងាយស្រួល​ជាង និង​ឆាប់រហ័ស​ជាង​មុន ក៏ប៉ុន្ដែ​ទន្ទឹមនឹងនោះ​ការ​ប្រឈម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ ដូច្នេះ​ការអប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​គម្រោង​គឺជា​កិច្ចការ​ចាំបាច់ ដើម្បី​ក្រើនរំលឹក​ប្រជាពលរដ្ឋ​គ្រប់រូប​ឱ្យមាន​ការប្រុងប្រយ័ត្ន គោរព និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រមទាំង​បន្ដ​ផ្សព្វផ្សាយ​ដល់​សមាជិកគ្រួសារ កូនចៅ អ្នកភូមិ​ជាមួយគ្នា និង​សិស្សសាលា​ក្នុងភូមិ ឱ្យ​ប្រយ័ត្នប្រយែង​ខ្ពស់​ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​។

​លោក​បណ្ឌិត ម៉ាសា​តូ កូ​តូ ក៏បាន​លើកឡើងថា តាម​ការព្យាករណ៍ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់ និង​យន្តការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាក់លាក់​ទេ នោះ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នឹង​កើនឡើង​រហូតដល់ ៣២០០​នាក់ នៅ​ឆ្នាំ​២០២០​។

កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍ នៃ​គម្រោង​កែលម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​នេះ គឺជា​ការចូលរួមចំណែក​ដ៏​ធំធេង និង​ស្របតាម​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១១-២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ប្តេជ្ញា​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ឱ្យបាន​៥០​ភាគរយ ត្រឹម​ឆ្នាំ​២០២០ ខាងមុខ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម