គណបក្ស​ប្រជាជន​នឹង​បន្ត​សហការ​ជាមួយ​បណ្តា​គណបក្សនយោបាយ​ដទៃទៀត​និង​សង្គម​ស៊ីវិល​

1087
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្តធ្វើ​ការសហការ​ជាមួយ​បណ្តា​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​គ្រប់​មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​ក្នុងសង្គម តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ និង​ឈរលើ​ស្មារតី​បង្រួបបង្រួម​ជាតិ សំដៅ​ពង្រឹង និង​ពង្រីក​កម្លាំង​ជាតិ​ទាំងមូល​​រួមគ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ការបញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែសីហា នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។​

​លោក​បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ នេះ​។

​លោក​សុខ ឥសាន បាន​បន្តទៀតថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​នូវ​ឆន្ទៈ និង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា ក្នុងការ​រួបរួមគ្នា​ថែរក្សា​រាល់​សមិទ្ធិផល​របស់​ជាតិ បន្ត​ជម្រុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​លើកស្ទួយ​ជីវភាព​របស់​នៅ​របស់ខ្លួន​។ ព្រម​ជាមួយនេះ តាមរយៈ​លទ្ធផល នៃ​ការបោះឆ្នោត ក៏បាន​ធ្វើអោយ​ឧបាយកល​ពិសពុល​របស់​ពួក​ប្រឆាំង​ខុសច្បាប់ និង​មជ្ឈដ្ឋាន​អគតិ​នៅ​ខាងក្រៅ​មួយចំនួន ដែល​តែងតែ​មួលបង្កាច់​សភាពការណ៍​ពិត ប៉ុនប៉ង​បង្ក​អស្ថិរភាព និង​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ត្រូ​ូ​វ​ទទួល​បរាជ័យ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តទៅ​យ៉ាង​ទៀងទាត់ និង​ត្រឹមត្រូវ​តាម​រដ្ឋ​នុ​ញ្ញ និង​ច្បាប់​កម្ពុជា និង​ប្រកបដោយ​លក្ខណៈ​សេរី និង​យុត្តិធម៌​។ ស្ថិតក្នុង​បរិយាកាស​អ​ព្យា​ក្រឹត្យ សេរី តម្លាភាព សន្តិភាព និង​គ្មាន​អំពើហិង្សា ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៨៣,០២% នៃ​បញ្ជី​បោះឆ្នោត បាន​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​សិទ្ធិ​របស់ខ្លួន​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដោយបាន​អញ្ជើញ​ទៅ​បោះឆ្នោត​យ៉ាងច្រើន​កុះករ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស ប្រកបដោយ​ភាព​រីករាយ ថ្លៃថ្នូរ និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ភាពជា​ម្ចាស់​ប្រទេសជាតិ ដើម្បី​ជ្រើសរើស​គណបក្ស និង​ឥស្សរជន​នយោបាយ​ដ៏​ឆ្នើម​ដែល​ខ្លួន​ពេញចិត្ត​អោយ​បន្ត​ដឹកនាំ​ប្រទេស​សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម