សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ស្រេកឃ្លាន​សិទ្ធ​ចូលរួម​ត្រួតពិនិត្យ​សត្វ​

2320
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក លី ឡា​វី​ល ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា  វា​គឺជា​តម្រូវការ​ដ៏​ចាំបាច់​របស់​អ្នក​ប្រកបមុខរបរ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ដូច្នេះ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ត្រូវការ​សិទ្ធិ​មួយចំនួន​បន្ថែមទៀត ក្នុងការ​ចូលរួម​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ ជាពិសេស​សិទ្ធិ​ក្នុង​ការចូលរួម​ត្រួតពិនិត្យ​សុខភាព​សត្វ​ដែល​ត្រូវ​នាំចូល ឬ ឆ្លងកាត់​ប្រទេស​កម្ពុជា  ។

​លោក លី ឡា​វី​ល ( ស្តាំ ) ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា

​ ​លោក លី ឡា​វី​ល បាន​បន្ថែមថា មូលហេតុ​ដែល​សមាគម​ត្រូវការ​សិទ្ធិ​ចូលរួម​ត្រួតពិនិត្យ​សុខភាព​សត្វ​ដែល​ត្រូវ​នាំចូល ឬ ឆ្លងកាត់​ប្រទេស​កម្ពុជា នេះ ក៏​ដើម្បី ឱ្យ​សមាគម​ទទួលបាន​ព័ត៌មាន​ជាក់លាក់ ឬ ទិន្នន័យ​ពិតប្រាកដ នៃ ចំនួន​សត្វ​ដែល​ត្រូវបាន​អនុ​ញ្ញា​ត្ត និង សត្វ​ដែល​នាំចូល​ពិតប្រាកដ​មក​កម្ពុជា ។ តាមរយៈ​ព័ត៌មាន​ទាំងនេះ គឺ​សមាគម ងាយ​នឹង​ជូនដំណឹង​ទៅ​ឧស្សាហកម្ម និង កសិករ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា អំពី​ស្ថានភាព​តម្លៃ ទីផ្សារ និង តម្រូវការ​ក្នុងប្រទេស និង ទីផ្សារ​នៅ​បណ្តា​ប្រទេស​ដែលមាន​ទំនាក់ទំនង​គ្នា ដើម្បី ឱ្យ​ពួកគេ អាច​ចិញ្ចឹមសត្វ​ឱ្យ​ឆ្លើយតប​ទាន់ពេលវេលា​ផង និង សុវត្ថិភាព​អាជីវកម្ម​ផង ។​

​តាម​ពិ​ទៅ សិទ្ធិ​ដូចដែល​លោក លី ឡា​វី​ល បានលើកឡើង​នេះ គឺជា​ការស្រេកឃ្លាន​ចង់បាន​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​មកហើយ ជាពិសេស​កាលពី ២ ឬ ៣ ឆ្នាំ​មុននេះ ពោលគឺ​អំឡុង​ពេលដែល​កម្ពុជា រង​ការនាំ​សត្វ​ចូល​ពី​ប្រទេសជិតខាង​យ៉ាង​គ្មាន​ការគ្រប់គ្រង​ដែល​បានធ្វើ​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ប្រមាណ​ជា ៥០ ភាគរយ​បាន​ខ្ស័យធន បន្សល់ទុក​ទៅដោយ​បំណុល​វណ្ឌ ក ។​

​កាលណោះ ជ្រូក​ដែល​ត្រូវបាន​នាំចូល​ប្រទេស​កម្ពុជា យ៉ាង​អាណាធិបតេយ្យ​បំផុត គឺ​ជ្រូក​មកពី​ប្រទេស​វៀតណាម ដោយសារ​កាលណោះ ប្រទេស ចិន ដែលជា​ទីផ្សារ​ជ្រូក​ធំ​បំផុត​របស់ វៀតណាម នោះបាន​បិទ​ការនាំ​ជ្រូក​ពី​វៀតណាម ទើប​ជ្រូក​វៀតណាម ចាល់ ហើយ​ត្រូវបាន​នាំមក​លក់​នៅ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការត្រួតពិនិត្យ ដោយសារ​ជា​ញឹកញាប់​ក្រសួង​ជំនាញ​របស់​រដ្ឋ​បាន​ឆ្លើយថា ខ្លួន​គ្មាន​មន្ត្រី​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​នោះឡើយ ។​

​លោក លី ឡា​វី​ល បាន​បន្ថែមថា សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា មាន​ធនធានមនុស្ស ពោលគឺ​អ្នកឯកទេស​អំពី​សត្វ​គ្រប់គ្រាន់ ហើយ​ចង់​ចូលរួម​ជាមួយ​ស្ថាប័នរដ្ឋ ពោល​គឹ​ជួយ​ស្ថា​ប័​រដ្ឋ ប៉ុន្តែ​មិនមែន​ជាការ​ទៅ​ជ្រៀតជ្រែក​ការងារ​របស់​ស្ថាប័នរដ្ឋ​ឡើយ ។​

​ចាប់តាំងពី​អំឡុង​ខែមេសា ឆ្នាំ ២០១៨ នេះ​មក ស្ថានភាព​ទីផ្សារ​សាច់ជ្រូក​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ដោយសារ​ជ្រូក​នៅ​វៀតណាម​អស់ ។ ពេលនេះ វៀតណាម មិន​គ្រាន់តែ​មិនមាន​ជ្រូក​នាំ​ចេញទៅ​ប្រទេស​ផ្សេង​ទេ ថែមទាំង​ត្រូវ​នាំ​ជ្រូក​ចូល​ពី​ប្រទេស ថៃ ដោយ​ឆ្លងកាត់​ប្រទេស​កម្ពុជា ទៀតផង ។

​លោក លី ឡា​វី​ល បាន​បន្ថែមថា ការនាំ​ជ្រូក​ពី​ប្រទេស ថៃ ទៅ​ប្រទេស វៀតណាម នេះ គឹជា​ចម្ងាយ​ឆ្ងាយ​គួរសម​ដែល​បានសេចក្តីថា ជ្រូក​អាច​នឹងមាន​បញ្ហា​សុខភាព ហើយ​ប្រសិនបើ​មិនមាន​ការតាមដាន​ត្រួតពិនិត្យ​ឱ្យបាន​ដិតដល់​ទេនោះ ជ្រូក​ទាំងនោះ អាច​នឹង​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​ដល់​ជ្រូក​ក្នុងប្រទេស​កម្ពុជា​ផងដែរ ។​

​ជារួម​ទៅ លោក លី ឡា​វី​ល នៅតែ​បារម្ភ​ថា អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា នឹង​នៅតែ​ងាយ​រងគ្រោះ​ដូច​លើក​មុនៗ​ទៀត ដ៏​រាប​ណា សមាគម​មិនមាន​សិទ្ធិ​ចូលរួម​ក្នុងការ​ត្រួតពិនិត្យ​ការនាំ​សត្វ​ចូល ឬ ឆ្លងកាត់​ប្រទេស​កម្ពុជា​ទេនោះ ៕ Kh

 

ការនាំ​ជ្រូក​ចូល​ពី​ប្រទេស វៀតណាម នាពេល​កន្លងមក

ទីតាំងផ្សាយពាណិជ្ជកម្ម