បង្កើត​ក្រុមអធិការកិច្ច​ស៊ើបអង្កេត​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់លោក​មេធាវី ពុធ ធា​វី

1725
ចែករម្លែក

ភ្នំពេញៈ ក្រោយ​បញ្ចប់​កិច្ចប្រជុំ នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បង្កើត​ក្រុមអធិការកិច្ច​មួយ​ដើម្បី​ស៊ើបអង្កេត​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​របស់លោក​មេធាវី ពុធ ធា​វី តាម​លិខិត​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​លោក យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី ថ្លែងប្រាប់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ ថា ជា​លទ្ធផល​គណៈមេធាវី​សម្រេច​បង្កើត​ក្រុមអធិការកិច្ច​មួយ​ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។ អ្នកនាំពាក្យ​គណៈមេធាវី រូបនេះ អះអាងថា “​ក្រុមប្រឹក្សា​គណៈមេធាវី សម្រេច​ឲ្យ​អធិការកិច្ច​អង្កេត​សិន​បាន​លទ្ធផល​ទើប​សម្រេច​ជា​ក្រោយ​”​។ សម្រាប់​សមាសភាព មេធាវី​រូប​ណា​ជា​ប្រធាន​ក្រុមអធិការកិច្ច​វិញ លោក​មេធាវី យឹម សារី បញ្ជាក់ថា ” មិនទាន់​សម្រេច​ទេ រង់ចាំ​សេចក្តីសម្រេច​របស់​ប្រធាន​សិន “​។​

​គួរ​បញ្ជាក់ថា លោក​មេធាវី ពុធ ធា​វី ធ្លាប់​បានស្នើ​ឲ្យ​តុលាការខេត្ត​ព្រះសីហនុ ពិនិត្យ​ពាក្យ​ស្នើ​នេះ​ឲ្យ​បាន​ម៉ត់ចត់​បន្តិច ព្រោះ​វា​ខុស​នឹង​អង្គហេតុ​នៃ​ការធ្វើ​សន្និសីទកាសែត​លោក​មេធាវី ពុធ ធា​វី បាន​អះអាងថា​លោក​ពេញចិត្ត​និង​រីករាយ នឹង​ចូល​បំភ្លឺ​ជូន​ក្រុមប្រឹក្សា​គណៈមេធាវី អំពី​ករណីនេះ​។ លោក​បាន​សង្កត់ធ្ងន់ថា គ្រាន់តែ​អន្តរាគមន៍​ជូន​កូនក្តី​មានទោស​ដែរ យើង​ជា​មេធាវី​គួរ​លាលែង​ពី​មេធាវី ទៅ​លក់​ត្រីងៀត លក់​គុយទាវ​តាម​ផ្សារ​វិញ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​លិខិត​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ទង្វើ​របស់លោក​មេធាវី ពុធ ធា​វី ទាក់ទង​នឹង​ការធ្វើ​សន្និសីទកាសែត​សាធារណៈ ចោទប្រកាន់ និង​វាយប្រហារ​មកលើ​ស្ថាប័ន​តុលាការខេត្ត​ព្រះសីហនុ ទាក់ទង​នឹង​ការសម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​កូនក្តី​ឈ្មោះ ឈន ផ្លុំ គឺ​បាន​បំពាន​លើ​ការសំងាត់ វិជ្ជាជីវៈ​មេធាវី ដូច​មានចែង​ក្នុង​មាត្រា​៧ នៃ​ក្រមសីលធម៌​មេធាវី និង​ចាត់ទុកជា​បទល្មើស​ព្រហ្មទណ្ឌ ដូច​មាន​បញ្ញត្តិ​នៅក្នុង​មាត្រា​៣១៤ និង​មាត្រា​៥២២ នៃ​ក្រមព្រហ្មទណ្ឌ​៕ ដោយ​៖ ស​រិ​ទ្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម