សូត្រ ប៊ុន​ធី ស្វាគមន៍​អ្នក​ប្រដាល់​ថៃ ភី​ឈី​ត ឆៃ លើស​ង្វៀន​អាស៊ីអាគ្នេយ៍​ព្រឹក​ថ្ងៃអាទិត្យ​

1260
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: លើស​ង្វៀន Boostrong Fighter On Fire នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩​សីហា អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក រង់ចាំ​ស្វាគមន៍​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ភី​ឈី​ត ឆៃ (Phichhit Chhai) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ទំនងជា​មិនមែនជា​អ្នកខ្សោយ​ឡើយ ទើប​គេ​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សូត្រ ប៊ុន​ធី បែបនេះ​។ ប៊ុន​ធី វ៉ៃ​ល្អ​តែ​ចិត្ត​របស់គេ​ធំ​ឡើយ​គេ​ក្លាហាន ប្រសិនបើ​គូប្រកួត​ខ្សោយ​ជាង តែបើ​គូប្រកួត​ខ្លាំង ឬ​ប្រហាក់ប្រហែល​នោះ​ចិត្ត​របស់គេ​តូច​តែម្ដង​។ អ្នក​ប្រដាល់​រូបនេះ ល្អ​កែង និង​ជង្គង់ តែបើ​គូប្រកួត​ខ្លាំង​អាវុធ​ដ៏​ពិសិដ្ឋ​របស់គេ​នេះ វ៉ៃ​ចេញ​លែងរួច​តែម្ដង​។​

​ចំពោះ ភី​ឈី​ត ឆៃ ពុំ​សូវ​មាន​នរណា​ស្គាល់​នោះទេ ព្រោះ​គេ​មិនសូវ​មានឱកាស​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ តែបើ​តាម​ការអះអាងរ​បស់​មន្ត្រី​ខាង​ផ្គូរ​ផ្គង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិនមែនជា​ដុំ​សាច់​ដែល​ស្រួល​ទំពារ​នោះទេ​។ គេ​មិនសូវ​ចូលចិត្ត​លេង​កែង​ក៏​ពិតមែនតែ​កណ្ដាប់ដៃ​ស្នៀត​ទាត់ និង​ជង្គង់​របស់គេ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធភាព​ណាស់​។​

​សូត្រ ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៩​ដង ឈ្នះ​៨៥​ដង ចាញ់​២០​ដង និង​ស្មើ​ពិន្ទុ ៤ ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ ភី​ឈី​ត ឆៃ​វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៥៦​សង ចាញ់​១១ ដង និង​ស្មើ​ពិន្ទុ ១​ដង​។ ជំនួប​រវាង​កំពូល​អ្នក​ប្រយុទ្ធ​ទាំង​២​រូបនេះ នរណា​ឈ្នះ​នរណា​ចាញ់​?

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សល់ ស្រស់ របស់​ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ គង់ វីរៈ របស់​ក្លិប​យុវ​វាល​ស្បូវ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។​

​សល់ ស្រស់ មិនសូវមាន​នរណា​ស្គាល់​ឡើយ តែ គង់ វីរៈ គេ​ជា​អ្នក​ប្រដាល់​មួយរូប​មិន​អន់​នោះទេ ទោះបី​ផ្លែ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ច្បាស់​ក៏ពិតមែន តែ​គេ​មាន​ច​ត្ត​ធំ និង​ក្លាហាន​ណាស់​។ នៅពេល​ប្រកួត​បើ​គូប្រកួត​ណា​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះ គេ​តាម​វ៉ៃ​សងសឹក​វិញ​ទាល់​តែមាន​ទោះបី​មួយ​ចាន់​ទឹក​មួយ​ចាន​គោក​ក៏ដោយ​។ ចាំមើល សល់ ស្រស់ អាច​តស៊ូ​ជាមួយ គង់ វីរៈ បាន​ឬទេ​?

​ស៊ូ វណ្ណៈ ក្លិប​នាគរាជ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​ព្រំ​ម៉ាញ ពេលនេះ​វ៉ៃ​អន់​ណាស់​គេ ទើបតែ​ខ្ទាត​ចេញពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពានរង្វាន់​មួយ​។ ចំពោះ ស៊ូ វណ្ណៈ ក៏​មិនមែនជា​អ្នក​ប្រដាល់​ដែល​អស្ចារ្យ​ដែរ គេ​មានចិត្ត​តូច​ណាស់​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ មាន​ឱក​ស​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះទេ​។​

​ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ជា ចំរើន ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម