ក្រោយពី​សម្រាលកូន​រួច គួរតែ​ឆាប់​ហាត់ប្រាណ​វិញ​

2185
ចែករម្លែក

​ការ​សម្រក​ទម្ងន់​ប្រហែល ៦​ខែ​ក្រោយពី​សម្រាលកូន​រួច​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង ភាពធាត់ ជ្រុល​របស់​ស្ត្រី​នៅ​ថ្ងៃ​អ​នា​គត់​បាន​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ត្រឡប់​ទៅ​ភាព​ដើម​វិញ ក្រោយពី​សម្រាលកូន​រួច​គឺ​ត្រូវតែ​ផ្សំគ្នា​រវាង​របប​អាហារ និង​ហាត់ប្រាណ​ចៀស​ជាង​ប្រើប្រាស់ របប​អាហារ​តែមួយ​មុខ​។ នេះ​ដោយសារតែ ការហាត់​ប្រាណ​នឹង​ជួយ​បង្កើន​សុខភាព​បេះដូង និង​ជួយ​ថែរក្សា​សាច់ដុំ​នៅពេល​អ្នក​មិនអាច​ញ៉ាំ​អ្វី​បាន​ច្រើន​។ វា​ក៏​ត្រូវការ​កាឡូរី​ច្រើន​ដែរ ក្នុងការ​ថែរក្សា​សាច់ដុំ​ជាង​ថែរក្សា​ជាតិ​ខ្លាញ់ មានន័យថា អ្នកនឹង​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន នៅពេល​សម្រាក​។

​នៅពេល​គ្រូពេទ្យ​អនុញ្ញាតិ​ឲ្យ​ហាត់ប្រាណ​ហើយ យក​ល្អ​គួរតែ​ត្រឡប់​ទៅរក​ទម្លាប់​ហាត់ប្រាណ របស់​អ្នក​វិញ​ទៅ​។ ចូរ​ធ្វើ​វា​បន្តិច​ម្តងៗ ប៉ុន្តែ​ត្រូវធ្វើ​វា​ឲ្យ​ជាប់​។ រាល់ថ្ងៃ ចូរ​ញ៉ាំ​អាហារ​តិច និង​ហាត់ប្រាណ​ច្រើន​បន្តិច​។ អ្នក​ប្រហែលជា​ចាប់ផ្តើមបាន​តាមរយៈ​ការ​រុញ​រទេះ​ដើរលេង ជាមួយ​កូន​។ យ៉ាងណាមិញ​ចូរ​ចាំ​ថា ការ​សម្រក​ទម្ងន់​លឿន​ពេក​មិនមែនជា​វិធី​ផ្តល់​សុខភាព​ទេ ជាពិសេស​បើសិនជា​អ្នក​កំពុងតែ​បំបៅ​ដោះ​កូន​តែម្តង​។

​ដោយសារតែ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​អាច​ប្រឈម​នឹង​ការបាត់បង់​កំហាប់​ឆ្អឹង​បណ្តោះអាសន្ន ដូច្នេះ​ចូរ​ធ្វើការ​ហាត់ប្រាណ​ដោយ​ការ​ទ្រ​ទម្ងន់ ជាពិសេស​លំ​ហាត់ប្រាណ​ដែល​ជួយ​បង្កើន​ភាព រឹងមាំ​របស់​រាងកាយ​។ រឿងនេះ​នឹង​ជួយ​កាត់បន្ថយ​បាន​ច្រើន​បំផុត​ចំពោះ​ការបាត់បង់​កំហាប់​ឆ្អឹង និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​នៅ​ថ្ងៃក្រោយ​ផងដែរ​។

​ការសិក្សា​មួយ​បាន​រកឃើញថា ការ​ផ្សំ​ចូលគ្នា​នៃ​ការហាត់​ប្រាណ​បែប​ពង្រឹង​ភាពរឹងមាំ​របស់ រាងកាយ និង​លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​បិ​ក ចំនួន ៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ រយៈពេល ១៦​សប្តាហ៍ អាច​បន្ថយ​ចំនួន​ជាតិ​ខ្លាញ់​រាងកាយ និង​បង្កើន​ទំហំ​សាច់ដុំ​បាន​ដោយ​មិនបាច់​តមចំណី​អាហារ អ្វី​ឡើយ​។

​យ៉ាងណាមិញ ចូរ​មានការ​ប្រុងប្រយ័ត្ន​បន្តិចបន្តួច​ផង​ក្នុងការ​ហាត់ប្រាណ​។ ចូរ​ចៀសវាង​ការ ហាត់ប្រាណ​ក្នុង​អាកាសធាតុ​ដែល​ក្តៅ​ខ្លាំង និង​មាន​សំណើម​ខ្ពស់​។ ចូរ​ញ៉ាំ​អាហារសម្រន់ ដែលមាន​ជីវជាតិ​ប្រហែល​មួយ​ម៉ោង​មុន​ធ្វើ​សកម្មភាព​ហាត់ប្រាណ និង​ញ៉ាំ​ទឹក​ខ្លះ​ផង​មុន ពេល​ហាត់ ក្នុងពេល និង​ក្រោយពេល​ហាត់​រួច ដើម្បី​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​។

​អ្នក​នឹងមាន​អារម្មណ៍​កាន់​តែមាន​ផាសុកភាព​បើសិនជា​ស្លៀក​សម្លៀកបំពាក់​ដែល​អាច​ឲ្យ​រាងកាយ​ធ្វើ​ចលនា​បាន​ពេញលេញ​ខណៈពេល​ដែលមាន​ការ​ទ្រទ្រង់​ដល់​រាងកាយ​បាន​គ្រប់គ្រាន់​។ រឿងនេះ គួរតែមាន​អាវទ្រនាប់​ដែល​ផ្តល់​ការ​ទ្រទ្រង់​គ្រប់គ្រាន់ បើសិនជា​សុដន់​អ្នកមាន​ការប្រែប្រួល ក្រោយ​សម្រាលកូន​រួច ហើយ​អ្នក​ក៏​ប្រហែលជា​ត្រូវ​ការប្រើ​អាវទ្រនាប់​ថ្មី​មួយ​ដែលមាន ទំហំ​ខុសពី​មុន​ដែរ​៕ ដោយ​: health.com.kh​

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ