ត្រូវធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នឹង​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​បាន​លឿន​, ស្រប​ទៅ​និង​កំណើត​សេដ្ឋកិច្ចជាតិ​

951
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ក្រុមការងារ​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ បានរៀបចំ​សិក្ខាសាលា​ស្តីពី ដំណើរការ​អនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ជុំ​ទី​១២ ឆ្នាំ​២០១៨ ជូន​ដល់ អ្នកផ្តល់​សេវា អង្គការ ខណ្ឌ សង្កាត់​នានា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ អំពី​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ផ្តល់​ការគាំទ្រ ចូលរួម​ក្នុង​ដំណើរការ ការងារ​នេះ ឱ្យ​ទទួលបាន​ជោគជ័យ ។​
​សិក្ខាសាលា​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​ផែនការ នៃ​ក្រសួងផែនការ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ រួម​និង អាជ្ញាធរ​មូលដ្ឋាន អង្គការ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​រសៀល​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៨​នេះ នា​សាលា​រាជធានី​ភ្នំពេញ ។​
​ក្នុង​កិច្ចប្រជុំ​នោះ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ សិក្ខាសាលា​ស្តីពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នេះ គឺជា​ការផ្សព្វផ្សាយ​និង​ស្វែងយល់​ពី​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ នៅក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​នីមួយៗ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង ស្ថាប័ន​នានា ដើម្បី​យកមក​ធ្វើជា​ឧបករណ៍​បំរើឱ្យ កម្មវិធី​ប្រព័ន្ធ​សុ​វត្តិភាព​សង្គម ដូចជា​ការផ្តល់សេវា​សុខភាព ការផ្តល់​អាហារូបករណ៍ ការផ្តល់សេវា​កសិកម្ម ការផ្តល់​ដី​សប្បទាន​សង្គមកិច្ច ការផ្តល់​ស្បៀងអាហារ និង​ការផ្តល់សេវា​សំណូមពរ ព្រមទាំង​ការរៀបចំ​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ក្នុង​មូលដ្ឋាន​របស់​អាជ្ញាធរ​ផងដែរ ។​
លោក​អភិបាលរង​បានបញ្ជាក់​ទៀតថា​៖ នៅ​រាជធានី​ភ្នំពេញ អត្រា​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​កម្រិត ៩,៩​ភាគរយ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៦ ។ ទាក់ទិន​ទៅ​និង​កំណើន​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់ៗ កាលពី​ឆ្នាំ​២០១២ មាន​ត្រឹមតែ​៩៣១​ដុល្លា​ប៉ុណ្ណោះ​ក្នុង​មួយខែ បាន​កើនឡើង​រហូតដល់ ៣៨០០​ដុល្លា គិត​ត្រឹម​ឆ្នាំ​២០១៦ និង​បន្ត​កើន​ឡើងជា​លំដាប់​ទៅតាម​សេដ្ឋកិច្ចជាតិ ។​
​ក្នុងឱកាស​នោះ លោក ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​ផែនការ បាន​បានអោយដឹង​ដែរ​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ទី​១​ផ្តល់ឱកាស​អោយ​ភាគី​ពាក់ព័ន្ធ អ្នកផ្តល់​សេវា ខណ្ឌ សង្កាត់​នានា បានទទួល​ព័ត៌មាន ស្តីពី​ប្រភព​ទិន្នន័យ និង​ការ​ចែកចាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ ព្រមទាំង​អត្រា​ភាពក្រីក្រ​នៅតាម​តំបន់ ។ ទី​២ ជំរុញអោយមាន​ការផ្សព្វផ្សាយ​បន្ត ដើម្បីអោយ​ភាគី​ពាក់ព័ន្ធ អង្គការ​នានា និង​បណ្តា​ខណ្ឌ សង្កាត់ ប្រើប្រាស់​សេវា​ទិន្នន័យ​គ្រួសារ​ក្រីក្រ និង​តារាង​ប្រៀបធៀប​ផែន​អត្រា​ក្រីក្រ ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន ផ្តល់​សេវា​ដល់​គ្រួសារ​ក្រីក្រ​អោយចំ​គោលដៅ ។ ទី​៣ គឺ​ការលើកទឹកចិត្ត ដល់​អ្នកពាកព័ន្ធ អង្គការ​នានា អ្នកផ្តល់​សេវា និង​ខណ្ឌ សង្កាត់ ប្រើប្រាស់​បញ្ជីរ​គ្រួសារ​ក្រីក្រ ដើម្បី​ផ្តល់​សេវា និង​អនុវត្តន៍​សហគមន៍​ក្រីក្រ គ្រួសារ​ក្រីក្រ​អោយមាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ ។​
​ក្នុងឱកាស​នោះដែរ លោក​បាន​បន្តថា​៖ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ​អោយបាន​កាន់តែ​ឆាប់រហ័ស​នោះ ក្រសួងផែនការ​បានរៀបចំ បង្កើន​សំនុំ​អន្តរាគមន៍​សេវា​ចំនួន​២​ទៀត គឺ សំនុំ​អន្តរាគមន៍​សេវា​ដើម្បី​បង្កើន​ចំណូល និង​សំនុំ​អន្តរាគមន៍​សេវា​ដើម្បី​កាត់បន្ថយ​ចំនាយ ដោយ​ផ្តោត​អោយចំ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​បំផុត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​អភិវឌ្ឍន៍​ធនធានមនុស្ស រួម​និង​ការ ការពារ​ជនក្រីក្រ​ពី​វិបត្តិ​ដែល​អាច​បណ្តាលអោយ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម