ស៊ិន ឧ​ត្ត​ម​ផល្លា ធ្វើ​បេសកកម្ម​ស្វែងរក​សិល្បករ​ទសវត្សរ៍ ៧០-៨០ ក្នុង​បំណង​ធំៗ​ពីរ​

1603
ចែករម្លែក

តាម​ការបញ្ជាក់​របស់​អតីត​តារាចម្រៀង​និយម​ច្រៀង​ភាសា​ចិន ស៊ិន ឧ​ត្ត​ម​ផល្លា បាន​ឲ្យ​ដឹងថា អស់​ពេល​ជាង​៣​ខែ​មកហើយ ដែល​នាង​បានធ្វើ​បេសកម្ម​ស្វែងរ​ករូក​ភាព​សិល្បករ​ទសវត្សរ៍​៧០-៨០ និង​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងទៀត​។ ការងារ​នេះ អ្នកនាង ផល្លា ថា នាង​ពិត​ជាមាន​មោ​ទ​ភាព ក្រោយ​ឃើញ​ការ​សាទរ​របស់​ប្រិយមិត្ត​។


​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា​

​គិត​មក​បច្ចុប្បន្ន មាន​សិល្បករ​ជើងចាស់ ក៏ដូចជា​រៀមច្បង​សិល្បករ​បាត់​ខ្លួន​មិនតិច​នាក់​ទេ ដែល​ត្រូវបាន​រកឃើញ ក៏ដូចជា​គាស់កកាយ​ឡើងវិញ ដោយ​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក្រោយ​តារា​ស្រី​រូបនេះ​បានបង្ហាញ​មុខ​ក្នុង​សិល្បៈ​វិញ បន្ទាប់​បាត់​ខ្លួន​ប្រមាណ ២០​ឆ្នាំ​។ សិល្បករ​រៀមច្បង​ទាំងនោះ​មានដូចជា សន ចរិយា ប៊ុនធឿន សុ​រិ​យ៉ាន់ សម តារា យស បូ​វណ្ណៈ វ៉េង សូ​ដា​នី សួស សុគន្ធា សួស សុគន្ធ​ថាវ​រី និង សំអែល តារា​វុ​ធ ជាដើម ដែល​ភាគច្រើន​ជា​សិល្បៈ​ជំនាន់​ឆ្នាំ ១៩៧០ និង ៨០​។​


​តារា​សម្តែង ឧ​ត្ត​ម បូ​ទី​, ថោង តារា​ឆាយា និង ចា ឬ​ទ្ធី (​រាប់​ពីឆ្វេង​ទៅ​ស្តាំ ទី​១ ទី​២ និង​ទី​៤)

“​តារា​ដែល​ខ្ញុំ​រកឃើញ គឺមាន​តាំងពី​ទសវត្សរ៍​៧០ និង ៨០ រហូតដល់​បច្ចុប្បន្ន បងប្អូន​យើង​ចង់ដឹងថា ពួកគេ​សុខទុក្ខ​យ៉ាងណា តែ​អត់​ឃើញ​សារព័ត៌មាន​ចុះផ្សាយ​អី អ៊ីចឹង​មានតែ​ខ្ញុំរ​កដោយ​ខ្លួនឯង​។ ក្រោយពី​ខ្ញុំ​បានបង្ហាញ​ព័ត៌មាន​ពី​ពួកគាត់ ឃើញថា​បងប្អូន​យើង​សប្បាយចិត្ត នឹកឃើញ​ទៅ​អនុស្សាវរីយ៍​កាល​២០-៣០​ឆ្នាំមុន ហើយ​ពួកគាត់​បាន​សរសើរ​ថា​ខ្ញុំ​ចេះ​រកបាន ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​នឹង​ការងារ​នេះ​ណាស់​”​។ ផល្លា ថ្លែង​។​

​ក្រៅពី​សិល្បករ​ក្នុងស្រុក អ្នកនាង ផល្លា ក៏​នៅបាន​រុករក​តារា​បរទេស​ផ្សេងទៀត​ដូចជា​តារា​របស់​ប្រទេស​ឥណ្ឌា និង​ចិន​ចាស់ៗ​ផងដែរ ដែល​តារា​ទាំងនោះ គេ​ឃើញ​បង្ហាញខ្លួន​នៅលើ​ទំព័រ​ហ្វេ​ស៊​បុក​របស់​នាង Movies Star Research សរុបទៅ​មិន​ក្រោម​១០០​នាក់​ទេ​។ ក្នុងចំណោម​នោះ តារាចម្រៀង​សាច់​សខ្ចី​រូបនេះ ថា​ការរកឃើញ​អតីត​តារា​សម្ដែង សម តារា បានធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម និង​ធ្វើ​ឲ្យ​អ្នកនាង​សប្បាយចិត្ត​យ៉ាងខ្លាំង​។


​អតីត​តារា​សម្តែង សម តារា​

​ស៊ិន ឧ​ត្ត​ម​ផល្លា ប្រាប់ថា នាង​មាន​គោលបំណង​២​លើ​ការងារ​នេះ ទី​១​ចង់​រំលឹក​នូវ​អនុស្សាវរីយ​របស់​រៀម​ច្បង​ផង និង​ទី​២​ក៏​ដើម្បី​ស្រាយ​ចម្ងល់​បងប្អូន​ផង ព្រោះ​សិល្បករ​ខ្លះ​បាត់​ខ្លួន​ដោយ​ជាប់​មន្ទិល​អកុសល​ថា​ស្លាប់​។ ជាក់ស្ដែង​ដូច សម តារា សន ចរិយា ជាដើម គេ​ល្បី​ថា​ស្លាប់ តែ​តាមពិត ពួកគាត់​នៅរស់​ទាំងពីរ គឺ​ម្នាក់​ទៅក្នុង​ប្រទេស ម្នាក់​នៅក្រៅ​ប្រទេស​។​

​បែបនេះ​ក្ដី ស៊ិន ឧ​ត្ត​ម​ផល្លា មិនបាន​បញ្ចេញ​ពី​តិច​និក​ស្វែងរក​សិល្បករ​រៀមច្បង​ទាំង​នោះទេ ដោយ​នាង​លើកឡើងថា នោះ​ជា​អាថ៌កំបាំង​របស់​នាង​។ ម្ចាស់​អាជីវកម្ម​លក់​ស្បង់​ចីពរ​រ​រូបនេះ បញ្ជាក់​បន្ថែមថា ក្រោយ​ទទួលបាន​ការកោតសរសើ​រ នឹង​បន្តធ្វើ​ការងារ​នេះ​បន្តទៅទៀត បើ​ទោះ​រវល់​រឿង​មុខ​ជំនួញ​ផង និង​ការងារ​សិល្បៈ​ផង​ក៏ដោយ គឺ​ដាច់ខាត​មិន​ឈប់​ទេ​៕


​តារាចម្រៀង និង​សម្តែង​ទសវត្ស​៧០-៨០

​អត្ថ​ប​ទៈ ស៊ុនហួត​/Sabay​

ទីតាំងផ្សាយពាណិជ្ជកម្ម