ប្រពន្ធ​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់​ប្តី​និង​ស្រី​ស្នេហ៍ ករណី​គ្រឿងញៀន​, បញ្ជូនទៅ​ឃុំឃាំង​

1254
ចែករម្លែក
ប្រពន្ធ​ប្តឹង​អោយ​ប៉ូលិស​ចាប់​ប្តី និង​ស្រី​ស្នេហ៍​ករណី​គ្រឿងញៀន​, បញ្ជូនទៅ​ឃុំឃាំង (​រូប​: ភ្នំ​ស្វាយ​)​

បន្ទាយមានជ័យ ៖ ស្ត្រី​ជា​ប្រពន្ធ​បានសម្រេច​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់​ប្តី និង​ស្រី​ស្នេហ៍ ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ឲ្យ​ជំនាញ​កសាង​សំណុំរឿង​ទៅ​ឲ្យ​តុលាការ​ចាត់ការ​បន្ត​ឃុំឃាំង​។ ការបង្ក្រាប​នោះ ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ ម៉ោង​៤​និង​៣០​នាទី នៅ​បន្ទប់​ជួល​មួយកន្លែង​នៅ​ភូមិ​-​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

​លោក ធិ​ន ស៊ិន​ដេ​ត អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹងថា ដោយ​យោងតាម​ពាក្យបណ្តឹង​ឈ្មោះ ឆេង លៀង ជា​ប្រពន្ធ​របស់​មុខសញ្ញា​ជន​សង្ស័យ ទើប​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ឃាត់​ជនសង្ស័យ ឈ្មោះ លី ណា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ស្នាក់នៅ​ភូមិ ផ្សារកណ្តាល សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ខត្ត​បន្ទាយមានជ័យ (​ជា​ប្តី​របស់​ឈ្មោះ ឆេង លៀង​) ហើយ​បានធ្វើការ​ត្រួតពិនិត្យ រកឃើញ​វត្ថុតាង​ក្នុង​បន្ទប់​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១២​កូន​ថង​តូច ជញ្ជីង​១ ថង់​តូចៗ​សំរាប់​ច្រកថ្នាំ​មួយចំនួន​។​

​លោក​បន្តថា សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ទៀត​ដែលមាន ឈ្មោះ ស្មាន ម៉ា​រី អាយុ ៣២​ឆ្នាំ (​ជា​ស្រី​ស្នេហ៍​របស់​បុរស​ឈ្មោះ​លី ណា​) ដែល​បាន​ទិញ​ពី​ឈ្មោះ លី ណា ដើម្បី​យកទៅ​ប្រើប្រាស់​(​សេព​បំពាន​)​។​

​លោក​អធិការ​បន្តថា ករណីនេះ ស្ត្រី​ជា​ប្រពន្ធ​បាន​ដាច់ចិត្ត​ប្តឹង​បុរស​ជា​ប្តី ព្រោះតែ​បុរស​នោះ កែ​មិន​ឡើង ហើយ​ថែមទាំង​មាន​ស្រី​ស្នេហ៍​ជា​អ្នកញៀន​ថ្នាំញៀន​ថែមទៀត​។ ម្យ៉ាង នេះ​ជា​បទល្មើស​រក្សាទុក​ចែកចាយ និង​ប្រើ​បំពាន​គ្រឿងញៀន ទើបត្រូវ​បង្ក្រាប​ដូច្នេះ​។​

​ចំណែក​នគរបាល​ជំនាញ​ខេត្ត​នៅ​ថ្ងៃទី​២៨ កក្កដា​នេះ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចេញ​ដីកា​ឃុំឃាំង​បណ្តោះអាសន្ន​៕ ដោយ​៖ ភ្នំ​ស្វាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម