ទឹក​លេច​កំណាត់​ផ្លូវ​បេតុង​រវាង​ស្រុក​ត្បូងឃ្មុំ​និង​ស្រុក​ក្រូចឆ្មារ​

1362
ចែករម្លែក

(​ត្បូងឃ្មុំ​)៖ ទឹកជំនន់​ទន្លេមេគង្គ​បាន​ហូរ​កាត់​លើ​កំណាត់​ផ្លូវ​បេតុង​រវាង​ស្រុក​ត្បូងឃ្មុំ និង ស្រុក​ក្រូចឆ្មារ ប្រវែង​ជិត ៥០០ ម៉ែត្រ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទន្លេ​បិទ និង ឃុំ​ជី​រោទ៍​មួយ ខណ​:​ដែល​ទឹកទន្លេ​នេះ​បាន​ឡើងដល់​កម្ពស់ ១៣,៨០ ម៉ែត្រ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។ ប៉ុន្តែ​ការធ្វើដំណើរ​នៅតែ​ប្រព្រឹត្តទៅបាន​តាម​ធម្មតា​។​
​ ​
​បុរស​វ័យ​៧១​ឆ្នាំ​ជា​គ្រូបង្រៀន​ភាសា​ចាម​ឈ្មោះ​ឡឹប​ម៉ាត់​ដែល​កំពុងធ្វើដំណើរ​លុយ​ទឹក​ហូរ​កាត់​ថ្នល់​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៨ កក្កដា​ថា ទឹក​នេះ​បានចាប់ផ្តើម​ហូរ​លើផ្លូវ​បេតុង​កាលពី​ម៉ោង​ប្រមាណ ១២ យប់មិញ ប្រវែង​ប្រហែល ៥០០ ម៉ែត្រ​ក្នុងភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ និង ភូមិ​រកា​ធំ ឃុំ​ជី​រោទ៍​មួយ ស្រុក​ត្បូងឃ្មុំ​។​

​លោក ឡឹប ម៉ាត់ បាន​បន្តថា ប្រជាពលរដ្ឋ​ជា​អ្នកភូមិ​ទាំងពីរ ដែល​លេច​ទឹក​ហូរ​ចូល​ផ្ទះ និង ក្រោមផ្ទះ បាននាំគ្នា​រើ​របស់របរ​ទាំងយប់ និង​ខ្លះ​បាន​ដឹកគោ ក្របី​ទៅរក​ទីទួល​សុវត្ថិភាព​។ ប៉ុន្តែ​ទឹកបាន​ហូរ​ច្រោះ​ដី​ចិញ្ចើមផ្លូវ​អស់​ជា​ម៉ែត្រ ហើយ​ខាង​អាជ្ញាធរ​នៅ​មិនទាន់​រក​វិធីសាស្ត្រ ដើម្បី​បញ្ជៀ​ស​ការហូរ​នេះ​នៅឡើយ​ទេ គឺ​លោក​បារម្ភ​ទឹក​នេះ​នឹង​ហូរ​ច្រោះ​បាក់​ដល់​ថ្នល់​ដែល​ទើប​សាងសង់​នេះ​។​
​ ​
លោក​អនុសេនីយ៍ឯក ប៉ន ស៊ា​ង​ហ៊ី នាយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​ទន្លេ​បិទ​បាន​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​ទឹកជំនន់​នេះ​ខាង​អាជ្ញាធរ និង សមត្ថកិច្ច​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន បី កន្លែង​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ និង សត្វពាហន​:​ទៅកាន់​ទីនោះ​។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា ទីទួល​សុវត្ថិភាព​ទាំងនោះ​មាននៅ ទួល​ឧកញ៉ា អាន ម៉ារ​ឌី ចំនួន ពីរ កន្លែង​ក្នុងភូមិ​ទន្លេ​បិទ​លើ និង មួយកន្លែង​ទៀត​នៅ​ចំណុច​ទួល​បេង ស្ថិតក្នុង​ភូមិ​អំពិល​ជ្រុំ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។​

​លោក កេង ប៊ុន​ណា អភិបាលស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា មកដល់​ម៉ោង ៦ ព្រឹក​ថ្ងៃទី ២៨ កក្កដា​នេះ​ជំនន់​ទន្លេមេគង្គ​បាន​ជន់​លេច​វត្ត​រកា​ធំ​មួយកន្លែង សាលាបឋមសិក្សា​រកា​ធំ​មួយកន្លែង និង ជន់​លេច​ផ្លូវ​បេតុង​ប្រវែង ៤៥០ ម៉ែត្រ​ឃុំ​ទន្លេ​បិទ និង ឃុំ​ជី​រោទ៍​មួយ ហើយ​ការ​នៅ​រាក់​ត្រឹម​ស្មងជើង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ខាង​អាជ្ញាធរ បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​ពី បួន​ទៅ​ប្រាំមួយ កន្លែង​នៅក្នុង​ស្រុក​ត្បូងឃ្មុំ​នេះ ដើម្បី​ទប់ទល់​នឹង​ទឹកជំនន់​នេះ​។​
​ ​
លោក​អភិបាល​បាន​បន្តថា គិត​មកទល់ពេលនេះ នៅ​មិនទាន់មាន​ព័ត៌មាន​ជនរងគ្រោះ​ពី​ជំនន់​ទឹកទន្លេ​មួយ​នេះ​ទេ​។ ក្នុងនោះ​ដំណាំ​កសិកម្ម​ដែល​ដាំ​ដុះ​លើ​ផ្ទៃដី​ប្រហែល ៣៦ ហិកតា បាន​លិចលង់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន​បាននាំគ្នា​ប្រមូល​ផល​ទាំង​នៅ​ខ្ចី ឬ​មិន​គ្រប់​អាយុ​ប្រមូល​ផល ដើម្បី​បញ្ចៀស​ការខាតបង់​ច្រើនពេក​៕S/​ដោយ​: ភោគ សម្បត្តិ​

ទឹក​លេច​កំណាត់​ផ្លូវ​បេតុង​រវាង​ស្រុក​ត្បូងឃ្មុំ​និង​ស្រុក​ក្រូចឆ្មារ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ