​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ប្រកាស​បិទ​ទីតាំង​សិប្បកម្ម​ស្លរ​ដេញមាស​ប្រាក់​មួយកន្លែង​ទៀត​

1226
ចែករម្លែក

​(​ភ្នំពេញ​)៖​អាជ្ញាធរ​អភិបាលខណ្ឌ​ឫស្សីកែវ ប្រកាស​បិទ​ទីតាំង​សិប្បកម្ម​ស្លរ​ដេញមាស​ប្រាក់​មួយកន្លែង​ទៀត​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ក្រោយ​រកឃើញ​មានប្រើ​ជាតិ​អាស៊ីត​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានប្រកាស​បិទ​ទីតាំង​សិប្បកម្ម “​ស្លរ​ដេញ​កំទិចមាស​-​ប្រាក់​ដ៏​ធំ​” ជា​បណ្ដោះអាសន្ន​មួយកន្លែង​ទៀត​ព្រោះ​បាន​រកឃើញថា មាន​លួចលាក់​ប្រើប្រាស់​ជាតិ​”​អាស៊ីត​” ដែល​អាច​បណ្ដាល​ឲ្យ​ជះឥទ្ធិពល​សាយភាយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចំពោះ​សុខភាព ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លោក ជា ពិសី បាន​បញ្ជាក់ថា ទីតាំង​សិប្បកម្ម​ស្លរ​ដេញ​កំទិចមាស​-​ប្រាក់​ដ៏​ធំ​ខាងលើ ត្រូវបាន​បិទ​ចោល​ជា​បណ្ដោះអាសន្ន​ក៏ពិតមែន ។​ប៉ុន្តែ​ចំពោះ​ទីតាំង​សប្ប​កម្ម ដេញមាស​-​ប្រាក់​ដ៏ទៃទៀត ដែល​នៅក្បែរ​គ្នា​នោះ ក៏​ប្រហែលជា​អាច​ប្រឈម​ការបិទ​ចោល​ផងដែរ បើ​ការស្រាវជ្រាវ​រកឃើញថា មានប្រើ​ប្រាស់​ជាតិ​អាស៊ីត និង​មាន​ពាក្យបណ្ដឹង​ថា បណ្ដាល​ឲ្យ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ លើ​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ការ​ថ្លែង​បែបនេះ​ត្រូវបាន​លោក ជា ពិសី លើកឡើង នៅក្នុង​ដំណើរ​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ចម្រុះ ដែលមាន​សមាសភាព​ចូលរួម​ពី​អភិបាលរងខណ្ឌ លោក ស៊ូ សោ​គន្ធ នាយក​រដ្ឋបាល​ខណ្ឌ លោក សន សោ​ភ័​ណ្ឌ ប្រធានការិយាល័យ​អន្តរ​វិស័យ លោក ស្មាស រិទ្ធី អនុប្រធាន​ការិយាល័យ​អន្តរ​វិស័យ លឹម សាម​ឌី ប្រធានការិយាល័យ​ឧស្សាហកម្ម សុំ សា​វុ​យ មន្ត្រី​កត់ត្រា លោក ចៅ ឡា​ស្កា​ន អនុប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ លោក ព្រំ រដ្ឋា ចៅសង្កាត់​ច្រាំង​ចំរេះ​ទី​២ លោក វ៉ាន់ ផន ចៅសង្កាត់រង លោក ហួត ហឿង មេភូមិ និង​មេក្រុម កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះទៅ​ត្រួតពិនិត្យ និង​ប្រកា​សបិទ​ទីតាំង​សិប្បកម្ម​ដេញ​កំទិច​មាសប្រាក់​ចំនួន​១​កន្លែង របស់លោក ឡោះ រ៉ះ​សេត ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ក្រុម​២ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ដែល​រស់​នៅក្បែរនោះ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​។​

​លោក ជា ពិសី បាន​ថ្លែងថា​មុន​ឈានទៅដល់​ការប្រកាស​បិទ​ទីតាំង​សិប្បកម្ម​ស្លរ​ដេញ​កំទិច​មាសប្រាក់​ដ៏​ធំ​ជា​បណ្ដោះអាសន្ន​ខាងលើ​នេះដែ​រ ក្រោយពី​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ទទួលបាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ លើ​បញ្ហា​ប្រឈម ក្នុងការ​ប្រើប្រាស់​សារធាតុ​គី​ម៊ី “​អាស៊ីត​”​ដើម្បី​ស្លរ​ដេញ​កំទិច​មាសប្រាក់ ដែល​បង្ក​ផលប៉ះពាល់​បណ្ដាល ឲ្យ​ខូចសុខភាព​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ប្រជាពលរដ្ឋ​។​

​លោក ជា ពិសី បាន​ថ្លែង​ទៀតថា កន្លងមកនេះ អាជ្ញាធរ​ខណ្ឌ បានធ្វើ​លិខិតស្នើ​មួយ ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​គោលការណ៍ ក្នុង​ការបិទ​សិប្បកម្ម​ស្លរ​ដេញ​កំទិចមាស​ប្រាក់​នេះ​ចោល ក៏​ព្រោះតែ​ឃើញ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ “​មាន​អាជ្ញាប័ណ្ណ​” ប៉ុន្តែ​ចាំបាច់ ក៏ត្រូវ​តែ​បិទ​ចោល​ជា​បណ្ដោះអាសន្ន​សិន ចាប់ពីពេលនេះ ថ្ងៃនេះ​តទៅ ដោយ​រង់ចាំ​សេចក្ដីសម្រេច​ពី​សាលា​រាជធានី​ភ្នំពេញ​ថា ត្រូវ​បិទ​ទាំងស្រុង​ជា​ស្ថាពរ ឫ​យ៉ាងណា​នោះ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​

​លោក ជា ពិសី បាន​ថ្លែងបន្តថា ជាក់ស្ដែង​ទីតាំង​បើក​សិប្បកម្ម​ស្លរ​ដេញ​កំទិចមាស​ប្រាក់​ដ៏ទៃទៀត ដែល​នៅក្បែរ​គ្នា​នោះ មិន​ថា​តូច ឫ​ធំ​ឡើយ ក៏​អាច​ប្រឈម​ការបិទ​ចោល ជា​បន្តបន្ទាប់​ផងដែរ ប្រសិនបើ​ក្នុងករណី​ស្រាវជ្រាវ​ត្រួតពិនិត្យ ហើយ​បាន​រកឃើញថា មិនមាន​ច្បាប់​អនុ​ញ្ញា​ត្តិ​គឺ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​មានការ​លួចលាក់​ប្រើប្រាស់​ជាតិ​អាស៊ីត ពិសេស​ឲ្យ​តែមាន​ពាក្យបណ្ដឹង ដែល​បង្ក​ជា​ហានិភ័យ​ខ្ពស់ ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​៕S/

​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ប្រកាស​បិទ​ទីតាំង​សិប្បកម្ម​ស្លរ​ដេញមាស​ប្រាក់​មួយកន្លែង​ទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម