សហ​ស្ថាបនិក​-​ម្ចាស់ជំនួយ​: អង្គការ​ពន្លឺ​អនាគត​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​

1245
ចែករម្លែក
  • 220
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហែម សឿន ជា​សហ​ស្ថាបនិក​អង្គការ​ពន្លឺ​អនាគត និង​លោក ROB HAIL ជា​ម្ចាស់ជំនួយ​របស់​អង្គការ​ពន្លឺ​អនាគត បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ​អង្គការ​ពន្លឺ​អនាគត កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា នៃ​ការគ្រប់គ្រង​អង្គការ​ពន្លឺ​អនាគត ដោយ​លោក នួន សុ​ថេ​រ៉ូ ជា​ប្រធាន​អង្គការ​ពន្លឺ​អនាគត​។​

​យោងតាម​ឯកសារ​ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ បានបង្ហាញ​ឲ្យ​ដឹងថា អង្គការ​ពន្លឺ​អនាគត ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨៧ ដោយ​លោកស្រី នួន ផល្លី និង​ស្វាមី​ឈ្មោះ លោក ហែម សឿន ដែលជា​ស្ថាបនិក​និង​សហ​ស្ថាបនិក​។ ហើយ​អង្គការ​នេះ​មាន​ទីតាំង​ដំបូង នៅ​ជំរុំ​ឬ​ទ្ធី​សែន​ទី​២ នៅតាម​ព្រំដែន​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៩៣ ពួកគាត់​បាន​បន្ត​ដឹកនាំ​អង្គការ FLO មក​តាំងនៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលមាន​ទំហំ​ដី​ជាង ២,៨ ហិក​តា ដែល​ក្នុងនោះ ២/៣ នៃ​ចំនួន​ផ្ទៃដី​សរុប​ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​ស​ម្រា​ប់​ប្រយោជន៍​កម្មវិធី​សប្បុរសធម៌ របស់​អង្គការ​ពន្លឺ​អនាគត​។ ដី​ដែល​បានដាក់​ប្រើប្រាស់​សម្រាប់​សកម្មភាព​របស់​អង្គការ​ទាំងនេះ មិនមែនជា​ដី​កេរ្តិ៍មរតក​របស់​ម្តាយ​លោកស្រី នួន ផល្លី ដូច​ការរៀបរាប់​ពីមុន​ឡើយ តែ​ជា​ដី​ដែល​បាន​ពី​ការទិញ​ដូរ​ពី​កសិករ ក្នុងភូមិ​ព្រៃ​ល្វា និង ភូមិ​ព្រៃ​សណ្តែក​។ ម្ចាស់ជំនួយ និង សប្បុរសជន​ជាច្រើន បាន​រួមគ្នា​បរិច្ចាក​ដើម្បី សាងសង់​អគារ​ជាច្រើន​ដូចជា សាលារៀន បណ្ណាល័យ សាល​សិល្បៈ អាគារ​រដ្ឋបាល ដើម្បី​ផ្តល់ឱ្យ​កុមារ​ស្នាក់នៅ និង​ទទួលបាន​ការអប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​កុមារ​កម្ពុជា​ទាំងនេះ​ពី​សំណាក់ ស្ថាបនិក​អង្គការ និង​ម្ចាស់ជំនួយ​។

​របាយការណ៍​បន្តថា ក្រោម​ការដឹកនាំ​អង្គការ​ពន្លឺ​អនាគត របស់លោក​ស្រី នួន ផល្លី និង​លោក ហែម សឿន បានធ្វើឱ្យ​អង្គការ​មាន​ភាព​រីកចម្រើន​ជា​លំដាប់ និង​បាន​ជួយ​កុមារកំព្រា និង​កុមារ​ងាយ​រងគ្រោះ​ជាច្រើន ឱ្យ​រួច​ផុតពី​ទុក្ខវេទនា និង​ទទួលបាន​ឳ​កាស​ក្នុង​ការកសាង​ជីវិត​ជាថ្មី​សម្រាប់​អនាគត​កុមារ​ទាំងនោះ​។ លើសពីនេះទៅទៀត លោកស្រី នួន ផល្លី និង​លោក ហែម សឿន តែងតែ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជំនួយ​ពី​ម្ចាស់ជំនួយ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​បន្ត​ជួយ​ដល់​កុមារកំព្រា និង​កុមារ​ងាយ​រងគ្រោះ​កម្ពុជា​។ ប៉ុន្តែ​ជា​អកុសល លោកស្រី នួន ផល្លី បានទទួល​មរណៈភាព នៅ​ចុងឆ្នាំ​២០១២ ហើយ​ដី​អង្គការ​នេះ​ត្រូវបាន​ធ្លាក់​មកជា​កម្មសិទ្ធិ​រប​ស់ លោក ហែម សឿន​។ ក្រោយមកទៀត លោក នួន សុ​ថេ​រ៉ូ ដែលជា​កូនចុង​របស់លោក ហែម សឿន បាន​បញ្ចុះបញ្ចូល លោក ហែម សឿន ឱ្យ​ផ្ទេរកម្មសិទ្ធិ​ដី​ដែលជា​ទីតាំង​របស់​អង្គការ​ពន្លឺ​អនាគត (FLO) មក​ឈ្មោះ លោក នួន សុ​ថេ​រ៉ូ ដោយ​លោក នួន សុ​ថេ​រ៉ូ បាន​សន្យាថា នឹង​ប្រើប្រាស់​ដី​នេះ​ដើម្បី​តែ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​កុមារកំព្រា​ក្រីក្រ​និង​ងាយ​រងគ្រោះ​តែប៉ុណ្ណោះ​។ ផ្ទុយទៅវិញ​បន្ទាប់ពី​ទទួលបាន​ការផ្ទេរកម្មសិទ្ធិ​ដី​រួច លោក នួន សុ​ថេ​រ៉ូ បែ​ជាល​ក់ដី​នេះ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ លោក នួន សុ​ថេ​រ៉ូ បាន​ឈូសឆាយ​វាយកំទេច​អាគារ​កុមារកំព្រា​ទាំងអស់​រួមមាន សាលារៀន អាគារ​រដ្ឋបាល បណ្ណាល័យ​និង សាល​សិល្បៈ ដែល​ម្ចាស់ជំនួយ​បាន​ចំណាយ​ប្រាក់​រាប់សែន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងការ​សាងសង់​អាគារ​ទាំងនោះ ដោយ​មិន​គោរព​តាម​ពាក្យសន្យា​ចំពោះ​ការរក្សា​ដី​អង្គការ​ពន្លឺ​អនាគត​នេះ ដើម្បី​ប្រយោជន៍​កុមារ​ឡើយ ។
​ចំពោះ​ការបាត់បង់​ដី និង អគារ​ដ៏​ស្រស់ស្អាត​ដែល​ធ្លាប់ប្រើ​ប្រាស់​សម្រាប់​សកម្ម​ភាព​របស់​អង្គការ ពិតជា​ធ្វើ​ឲ្យ​ម្ចាស់ជំនួយ ដែលមាន​លោក Rob Hail និង​សហ​ស្ថាបនិក លោក​ហែម សឿន មានការ​ខូចចិត្ត​យ៉ាងខ្លាំង​និង​ជាពិសេស​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សតិអារម្មណ៍​រប​ស់​កុមារកំព្រា​ទាំងនោះ​ផងដែរ​។ ក្រោយពី​សកម្មភាព​វាយកំទេច​អាគារ​អង្គការ​ពន្លឺ​អនាគត​លើដី ២/៣ ដែល​បានកំណត់​សម្រាប់​ប្រើ​ជា​ប្រយោជន៍​មណ្ឌល ដោយ​ស្នាដៃ​លោក នួន សុ​ថេ​រ៉ូ បានធ្វើឱ្យ​ម្ចាស់ជំនួយ និង​បុគ្គលិក​ផ្សេងៗ​ទៀត មិន​ពេញចិត្ត និង​បានទាមទារ​ឱ្យ​លោក នួន សុ​ថេ​រ៉ូ លាលែង​តំណែង​ពី​ប្រធាន​អង្គការ​ពន្លឺ​អនាគត ដោយ​តែងតាំង​លោក ហែម សឿន ដែលជា​សហ​ស្ថាបនិក​ដើម មក​ធ្វើជា​ប្រធាន​អង្គការ​វិញ បើ​មិន​ដូច្នោះ​ទេ​ម្ចាស់ជំនួយ​ធំៗ​ជាច្រើន​នឹង​ផ្តាច់ជំនួយ​។ លើសពីនេះទៅទៀត​ដោយហេតុថា ឃើញ​កុមារ​កំពុង​រស់នៅក្នុង​មណ្ឌល រងទុក្ខវេទនា​ប៉ះពាល់​សតិអារម្មណ៍ ទាក់ទង​និង​ការខ្វះ​ទីតាំង គ្មាន​អគារ សម្រាប់​កុមារ​បន្ត​ការសិក្សា ក្រោយពី លោក នួន សុ​ថេ​រ៉ូ បាន​លក់​ដី​ដែលជា​ទីតាំង​អង្គការ​ពន្លឺ​អនាគត​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​បាន​បណ្តេញ​កុមារកំព្រា​ចេញពី​ទីតាំង​នោះ​។ លោក ហែម សឿន ដែលជា​សហ​ស្ថាបនិក​អង្គការ​ពន្លឺ​អនាគត និង​ម្ចាស់ជំនួយ​បានរៀបចំ​សម្របសម្រួល​រាល់​សកម្មភាព​របស់​អង្គការ​មក​នៅ ទីតាំង​មួយទៀត​ដែលមាន​ក្បាលដី​ដែលមាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនទ្រព្យ​លេ​ខៈ​១២០៥០៥២២-០០០៩ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០០៦ ហើយ​ក្បាលដី​នេះ​គឺជា​ដី​របស់លោក ហែម សឿន និង​ម្ចាស់ជំនួយ​ដែល​បាន​យល់ព្រម​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​ក្រោម​ឈ្មោះ​របស់​លោកស្រី ធូ ចាន់​ស៊ី​។

​នៅ​ដើមឆ្នាំ​២០១៥ លោក ហែម សឿន បានសម្រេច​ចិត្ត​ទុក​ដី​ចំនួន​២​ប្លង់ ដែលមាន​លេខ​ក្បាលដី​១២០៥០៥២២-០០០១ មាន​ទំហំ ១៧៥៩០ ម៉ែត្រក្រឡា​ជា​ដី​របស់​ក្រុមគ្រួសារ និង ក្បាលដី​លេខ​១២០៥០៥២២-០០០៩ ដែលមាន​ទំហំ ៤៩០២ ម៉ែត្រក្រឡា ជា​ដី​ដែល​បាន​ទិញ​ក្រោម​ជំនួយ​អង្គការ​ហ្គ្រី​ន​បា​លូន​(Green Balloon)​នៅ​ប្រទេស​ជប៉ុន​សម្រាប់​កម្មវិធី​មនុស្សធម៌ សរុប​ទាំង​២​ប្លង់​មាន​ទំហំ ២២៤៩២ ម៉ែត្រក្រឡា សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​កម្មវិធី​សប្បុរសធម៌​របស់​អង្គការ ជួយ​ដល់​កុមារកំព្រា​និង កុមារ​ងាយ​រងគ្រោះ​។ ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​កម្មសិទ្ធិ​ដី​ដែលមាន​ទំហំ​១៧៥៩០​ម៉ែត្រក្រឡា​លោក នួន សុ​ថេ​រ៉ូ បាន​យកទៅដាក់​បញ្ចាំ​នៅ​ធនាគារ​កា​ថេ​យូ​ណៃ​ធី​ត ក្នុង​កំចី​ជា​ទឹកប្រាក់​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មិនបាន​ផ្តល់ដំណឹង​ដល់​លោក​ហែម សឿន ឡើយ​។ នៅ​កំឡុង ខែតុលា ឆ្នាំ​២០១៦ លោក​នួន សុ​ថេ​រ៉ូ បាន​ប្រាប់​បុគ្គលិក និង​ម្ចាស់ជំនួយ ថា​គាត់​ត្រូវ​ការលក់​ដី ដោយសារ​គាត់​មិនមាន​លទ្ធភាព​សងបំណុល​ធនាគារ​។ ហេតុដូចនេះ បាន​បណ្តាល​ឲ្យ លោក ហែម សឿន មិន​ទុកចិត្ត​លោក នួន សុ​ថេ​រ៉ូ ក៏បាន​ពិភាក្សា​ជាមួយ​បុគ្គលិក និង​ម្ចាស់ជំនួយ​ក្នុងការ​រក្សា​ដី​ដែល​នៅសល់​។ លោក ហែម សឿន និង​ម្ចាស់ជំនួយ បាន​យល់ព្រម​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​ទៅឱ្យ​ឈ្មោះ លោកស្រី ធូ ចាន់​ស៊ី ដោយសារតែ​ជៀសវាង លោក នួន សុ​ថេ​រ៉ូ ធ្វើការ​ទាមទារ​ក្បាលដី​មួយកន្លែង​ថ្មី​នេះ ដែលមាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនទ្រព្យ​លេ​ខៈ​១២០៥០៥២២-០០០៩ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០០៦ យកទៅលក់​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​បន្តទៅទៀត​។ ទោះបី​មានការ​ផ្ទេរកម្មសិទ្ធិ​ក្បាលដី ខាងលើ មកឱ្យ​លោកស្រី ធូ ចាន់​ស៊ី ក៏ដោយ ប៉ុន្តែ លោកស្រី ធូ ចាន់​ស៊ី បានប្រកាសថា មិន​ប្រើប្រាស់​ដី​នេះ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​រូបភាព​ណាមួយ​ឡើយ​។ លើសពីនេះទៅទៀត លោកស្រី ធូ ចាន់​ស៊ី បានបង្ហាញ​ឆន្ទៈ​ដ៏​ស្មោះត្រង់​ថា លោកស្រី យល់ព្រម​ក្នុងការ​ឈរឈ្មោះ​តំណាង​លើ​ក្បាលដី​នេះ ជំនួស​លោក ហែម សឿន និង​ម្ចាស់ជំនួយ ដោយ​ពិតប្រាកដ​។ លោកស្រី ធូ ចាន់​ស៊ី រីករាយ​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​ដី​ខាងលើ ទៅ​ម្ចាស់​ដើម​ឬ​អោយទៅ​ស្ថាប័ន​ឯករាជ្យ​ណាមួយ ដែលមាន​ការព្រមព្រៀង ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ជា​ប្រយោជន៍​ដល់​កុមារកំព្រា និង កុមារ​ងាយ​រងគ្រោះ ឬ កម្មវិធី​សប្បុរសធម៌​។​

ទាក់ទង​ករណីនេះ លោក​នួន សុ​ថេ​រ៉ូ ប្រធាន​អង្គការ​ពន្លឺ​អនាគត បាន​បដិសេធ​ទាំងស្រុង​ពាក្យ​ច​ចាម​អារាម​ថា អង្គការ​ត្រូវបាន​បិទ គឺ​រហូតមកដល់​បច្ចុប្បន្ន​នេះ​អង្គការ​កំពុង​ង​តែ​ដំណើរការ​ជា​ប្រក្រតី​នៅឡើយ តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​លក្ខន្តិកៈ​អង្គការ​ឲ្យ​បាន​ស្របច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ សមាគម​ទៀតផង​។ ហើយ​ខ្លឹមសារ​នៃ​ប្រកាស​ព័​ត៍​មាន​នេះ គឺជា​ការ​មួល​បង្កាច់បង្ខូច​កេ​រ្តិ័​ឈ្មោះ និង​ថែមទាំង​មាន​ចេតនា​បង្អាក់​ការអភិវឌ្ឍន៍​ទៅមុខ​របស់​អង្គការ​ថែមទៀត​។​

​លោក​នួន សុ​ថេ​រ៉ូ បាន​បញ្ជាក់ថា អង្គការ​ពន្លឺ​អនាគត មាន​បេសកកម្ម​ផ្តល់​ទីកន្លែង​ស្នាក់នៅ អាហារូបត្ថម្ភ ថែរក្សា​សុខភាព ផ្តល់​ការអប់រំ និង​ការថែទាំ​លើ​កុមារ​បី​ប្រភេទ​ដូចជាៈ កុមារកំព្រា​ឪពុកម្តាយ កុមារកំព្រា​តែ​ឪពុក ឬ​ម្តាយ និង​កុមារ​ងាយ​រងគ្រោះ​។ កុមារ​ទាំងនេះ ទទួល​ការអប់រំ​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ នៅ​សាលាបឋមសិក្សា​ព្រៃ​ល្វា និង​វិទ្យាល័យ ហ៊ុន សន ជម្ពូ​វ័​ន្ត ។ នៅក្នុង​អង្គការ​មានកម្ម​វិ​ធៅ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ក​កំ​ព្យូ​ទ័​រ សិល្បៈ និង​ជំនាញ​ផ្សេងៗ នៅពេល​ខាងមុខ​អង្គការ​និង​បន្ថែម​ម​ភាសា​ចិន​ទៀតផង​។​
​ជាមួយគ្នានេះ ប្រធាន​អង្គការ​ពន្លឺ​អនាគត​បាន​បដិសេធ​នូ​វ​សកម្មភាព​លក់ ទិញ​អចលនទ្រព្យ​របស់​អង្គការ ម្យ៉ាងទៀត​ដីឡូត៍​លេខ​៩​ក៏ត្រូវ​បានចែង​ទុក​ក្នុង​លក្ខន្តិកៈ​របស់​អង្គការ ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថា ជា​ទ្រព្យសម្បត្តិ​របស់​អង្គការ​ជា​រៀងរហូត​។ ក្នុងករណី​ដែល​អង្គការ​ត្រូវ​បិទ ឬ​បញ្ឈប់​ប្រតិបត្តិការ​លើដី​ឡូត៍​លេខ​៩ ដី​នេះ​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម