ឡោមព័ទ្ធ​ផ្ទះសំណាក់​ក្របួច​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ពីរ​នាក់​

733
ចែករម្លែក

ដោយ : បូកគោ​/កែប : ក្រោយ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ប្រភព​សម្ងាត់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៨ ​សមត្ថកិច្ច​បាន​ចុះ​ឡោមព័ទ្ធ​ផ្ទះសំណាក់​មួយ​ដោយ​រកឃើញ​គ្រឿងញៀន​ប្រាំ​កញ្ចប់​តូចធំ រួច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​តែម្តង​។​

​ករណីនេះ​បានធ្វើ​ឡើង​នៅផ្ទះ​សំណាក់​យីហោ​តា​ពៅ ក្នុងភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប​។​
សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំងពីរ​នាក់ គឺ ១. ឈ្មោះ​យឹម ចាន់​ម៉េង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ត្រ​ទ្បា​ច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។ ២.​ឈ្មោះ សៀង វ៉ាន់​ចាន់​សីហា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។ សមត្ថកិច្ច​បាន​រៀបរាប់ថា​ដោយ​ទទួល​សេចក្តីរាយការណ៍​ពី​ប្រភព​សម្ងាត់​អំពី​ការប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះសំណាក់​តា​ពៅ ក​ម្លាំ​សមត្ថកិច្ច​ក៏បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។ ជាមួយនឹង​ការឆែកឆេរ​គ្រប់​ច្រកល្ហក​ក្នុង​បន្ទប់ សមត្ថកិច្ច​ក៏​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់​ធំ និង​បួន​កញ្ចប់​តូច​ដែល​គេ​ព្យាយាម​លាក់ទុក​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​ផ្អែកលើ​វត្ថុតាង​ទាំងនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕B