សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨

1006
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មកពី​គណបក្សនយោបាយ​ទាំង​២០

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជួបប្រជុំ​ព្រមទាំង​ហូប​អាហារ​សាមគ្គី ជាមួយ​ថ្នាក់ដឹកនាំ​មកពី​គណបក្សនយោបាយ​ទាំង​២០ នៅ​វិមាន​សន្តិភាព​។ ការជួបជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​គ្នា ក្នុងការ​បង្កើត “​ឧ​ត្ត​ក្រុមប្រឹក្សា​ពិគ្រោះ យោបល់​” រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត កន្លងមកនេះ​។​

​ក្នុងឱកាស​នេះ ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​បានសម្រេច​ផ្តល់​តួនាទី​ប្រធាន​ប្រតិភូ​នៃ​គណបក្ស​និ​មួយៗ​ដែល​ចូលរួម​​ក្នុង​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​” មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​និង​ជាទី​ប្រឹក្សា​របស់​រាជ​រដ្ឋា​ភិបាល ,​ចំណែក​សមាជិក​មាន​ឋានៈ​ស្មើ​និង​រដ្ឋមន្ត្រី ។ ការផ្តល់​ឋានៈ​នេះ គឺ​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ឲ្យ​សមាជិក​នៃ “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​” មានលទ្ធភាព​ក្នុងការ​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ៕

*​បញ្ចប់​សមាជិកភាព​លោក​យូ ហុកគ្រី​-​ប៉ោ ប៊ុន​ស្រ៊ឺ -​ញ៉េប ប៊ុនជិន​-​វ៉ាន់ សុផាន់​ណា​

​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​មន្ត្រី ជាន់ខ្ពស់​ចំនួន​បួនរូប ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ មន្ត្រីជាន់ខ្ពស់​ទាំងនោះ រួមមាន : ១. សហជីវិន យូ ហុកគ្រី , សហជីវិន ប៉ោ ប៊ុន​ស្រ៊ឺ , សហជីវិន ញ៉េប ប៊ុនជិន និង​សហជីវិន​វ៉ាន់ សុផាន់​ណា​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ ៕

*​បេក្ខជន​បាក់​ឌុប​មាន​ទាំង​អ្នក​ប្រឡង​ក្នុង​ឡានពេទ្យ​និង​ព្យួរ​សារ៉ូ​ម​ប្រឡង​ផង​

​នៅ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប​គឹជា​ការប្រឡង​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត ហេតុនេះ​ការខកខាន​ក្នុងការ​ប្រឡង​គឺជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​បំផុត និង​ពេលខ្លះ​អាចធ្វើ​ឲ្យ​ខូចអនាគត​នៃ​ផ្នែក​ការសិក្សា​របស់ខ្លួន​ថែមទៀត​។ ព្រោះតែ​ដូច្នេះហើយ​បើទោះបី​ឈឺ​ថ្កាត់​ក្នុងពេល​ប្រឡង​ក៏ដោយ គេ​ឃើញ​បេក្ខជន​មួយចំនួន​នៅតែ​តស៊ូ​ប្រឡង​ទាំង​ដៃ​ព្យួរ​សា​រ៉ូម​ផងដែរ ៕

*​ក្រសួងយុត្តិធម៌ ប្រាប់​ប្រធាន​និង​ព្រះរាជអាជ្ញា​ទូទាំងប្រទេស អំពី​ការប្រមូល​វត្ថុតាង បទល្មើស​គ្រឿងញៀន​

​លោក​អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជម្រាប​មក លោក លោកស្រី ប្រធាន​សាលាដំបូង​រាជធានី ខេត្ត​និង​ព្រះរាជអាជ្ញា​ទូទាំងប្រទេស អំពី​ការប្រមូល​វត្ថុតាង មធ្យោបាយ និង ទ្រព្យសម្បត្តិ​ផ្សេងៗ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ៕

*​ក្រសួងសុខាភិបាល ហាម​លក់ ប្រើប្រាស់ ផលិតផល AMOUR ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់​

​ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត ( ដូចជា​គាំង បេះ ដូង​ជាដើម ) របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ដល់​ជនានុជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ AMOUR ជាបន្ទាន់ ហើយ​ក្រសួងសុខាភិបាល​បានចាត់ទុក​ការលក់​ផលិតផល​នេះ ថា​ជា​អំពើ​គ្មាន​ច្បាប់​ព្រោះ​ផលិតផល​នេះ​គ្មាន​ចុះបញ្ជី​កា និង គ្មាន​ការ​អនុ​ញ្ញា​ត្ត​ពី​ក្រសួង សុខាភិបាល​ឡើយ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ៕

*​រឿង​ខិត្តប័ណ្ណ​ឃោសនា​ពាណិជ្ជកម្ម​បែប​ស្រើបស្រាល : ​មេ​ប៉ូលិស​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​បង្ក្រាប​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​រាជធានី ខេត្ត ទាំង​២៥ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ដើរ​ចែក​ខិត្តប័ណ្ណ​ដែលមាន​រូប​ស្រី​ចិន​ស្លៀកពាក់​សិច​ស៊ី​បង្ហាញ​ពី​ភាព​ស្រើបស្រាល​បង្កប់​ការរកស៊ី​ផ្លូវភេទ កុំ​ឲ្យ​កើតមាន​នៅក្នុង​ទឹកដី​របស់ខ្លួន​។ ការបញ្ជា​ឲ្យ​ទប់ស្កាត់​នេះ គឺ​បន្ទាប់ពី​កើតមាន​ករណី​ក្រុម​ជនជាតិ​ចិន​ដើរ​ចែក​ខិត្តប័ណ្ណ​រូប​ស្រី​ចិន​ស្លៀក​ស៊ិ​ច​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ៕

*​ម្រេច​ឆ្នាំនេះ​រងគ្រោះ​ធ្ងន់​ដោយសារ​ភ្លៀង​ច្រើនពេក​

​ដោយសារ​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក តាំងពី​ខែមិថុនា​រហូតដល់​ខែសីហា​នេះ នៅតែ​ភ្លៀង​ធ្លាក់​ច្រើន​តទៅទៀត ធ្វើ​ឲ្យ​ដំណាំ​ម្រេច​និង​ការប្រមូល​ផល​ម្រេច​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ៕

*​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ​បាន​លើស​កម្រិត​ការប្រកាសអាសន្ន​

​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៅ​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨ ឲ្យ​ដឹងថា​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ បាន​ហក់​ឡើងដល់​២២,១៩​ម៉ែត្រ ដែលជា​កំ​រឹត​ត្រូវ​ប្រកាស់អាសន្ន​ត្រឹមតែ​២២,០០​ម៉ែត្រ​ប៉ុណ្ណោះ សូម​ឲ្យ​បងប្អូន​ប្រជា​ពលរ​ដ្ខ​ដែល​រស់នៅ​តាម​ដង​ទន្លេ បឹង ព្រែក ត្រូវមាន​ការប្រុងប្រយ័ត្ន​នឹង​ត្រៀមលក្ខណៈ​ដើម្បី​ជម្លៀសចេញ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាបន្ទាន់ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ