ផ្ទាំង​ទឹកកក​ក្រាស់​ជាងគេ​នៅ​តំបន់​អាក់​ទិ​ក​ចាប់ផ្តើម​ដាច់ចេញ​ពីគ្នា​ជា​លើកដំបូង​

2093
ចែករម្លែក

​បំណែក​ផ្ទាំង​ទឹកកក​នៅក្បែរ​ឆ្នេរសមុទ្រ​ខាងជើង​នៃ​កោះ​ហ្គ្រី​ន​លែ​ន ដែល​គេ​ស្គាល់​ថា “​តំបន់​ទឹកកក​ចុងក្រោយ​” បានចាប់ផ្តើម​ដាច់ចេញ​ពីគ្នា​ជា​លើកដំបូង​ក្នុង​កំណត់ត្រា​។​

​តំបន់​ទឹកកក​អាក់​ទិ​ក​នេះ​គឺជា​តំបន់​ទឹកកក​ដែល​ចាស់​ជាងគេ​និង​ក្រាស់​ជាងគេ​បំផុត​នៅក្នុង​តំបន់ ដែល​រហូតមកទល់​ប​ច្ចុ​ប្បន្ន​នេះ​បាន​ទប់ទល់​រួច​នឹង​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​ខណៈដែល​ការ​ដាច់​ផ្ទាំង​ទឹកកក​នៅក្នុង​ផ្នែក​មួយ​នៃ​តំបន់​អាក់​ទិ​ក​នេះ​មិនដែល​ត្រូវបាន​ចងក្រង​ជា​ឯកសារ​ពីមុនមក​នោះ អ្នកជំនាញ​បាន​និយាយថា​វា​បានកើត​ឡើង​២​ដង​គ្រាន់តែ​ក្នុងឆ្នាំនេះ ដោយសារតែ​ខ្យល់​ក្តៅ​និង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ នេះ​បើ​យោងតាម​កាសែត The Guardian​។​

​ផ្ទៃ​ទឹក​នៅ​ខាងជើង​ឆ្នេរសមុទ្រ​ហ្គ្រី​ន​លែ​ន​គឺ​ស្ថិតនៅ​ផ្នែក​ត្រជាក់​បំផុត​មួយចំនួន​នៃ​តំបន់​អាក់​ទិ​ក ហើយ​វា​ត្រូវបាន​គេ​សន្មត​ជា​យូរ​មកហើយ​ថា ពួកវា​នឹង​ស្ថិតនៅ​ក្នុងចំណោម​ផ្ទាំង​ទឹកកក​ចុងក្រោយ​ដែល​ទទួលរង​ឥទ្ធិពល​រលាយ​ដូច​បានឃើញ​នៅក្នុង​តំបន់​ផ្សេងទៀត​។​

​ទោះយ៉ាងណា កាសែត The Guardian បាន​រាយការណ៍​ថា បន្ទាប់ពី​អំឡុងពេល​ក្តៅ​មិនធម្មតា​កាលពី​ខែកុម្ភៈ​និង​នៅ​ដើមខែ​សីហា​នេះ ឥឡូវនេះ​ការ​រលាយ​ផ្ទាំង​ទឹកកក​លែង​ជា​ករណី​អ្វី​សង្ស័យ​។​

​ផ្ទាំង​ទឹកកក​ដែល​រសាត់​ចេញ​ឥឡូវ​បានធ្វើ​ឱ្យមាន​គម្លាត​ធំ​បំផុត​ពី​ឆ្នេរ​ហ្គ្រី​ន​លែ​ន មិន​ធ្លាប់បាន​កត់ត្រា​ពីមុនមក​។​

​លោក រូត ម៉ូត​ត្រា​ម មកពី​វិទ្យាស្ថាន​ឧតុនិយម​ដា​ណឺ​ម៉ាក​បាន​ប្រាប់​កាសែត The Guardian ថា “​ទឹកកក​ស្ទើរតែ​ទាំងអស់​នៅ​ភាគ​ខាងជើង​នៃ​កោះ​ហ្គ្រី​ន​លែ​ន​បាន​បាក់​រាយប៉ាយ ដូច្នេះហើយ​ផ្ទាំង​ទឹកកក​កាន់​តែមាន​ចលនា​បំលាស់​ទី​”​។​

​នៅលើ​បណ្តាញ​សង្គម អ្នកវិទ្យាសាស្ត្រ​ដទៃទៀត​បាន​និយាយថា បាតុភូត​នាពេល​ថ្មីៗ​នេះ​គឺ “​គួរឱ្យខ្លាច​ណាស់​” ជាមួយ​រូបភាព​ចលនា​មួយ ដែល​ចែករំលែក​ដោយ​អ្នកស្រាវជ្រាវ​ឈ្មោះ ឡេ​អ៊ី​ហ្វ ទូ​ដាល់ បានបង្ហាញ​ពី​របៀប​ដែល​ផ្ទាំង​ទឹកកក​ធ្វើ​បំលាស់​ទី​៕ ដោយ៖ កញ្ញាដាលីស

ផ្ទាំង​ទឹកកក​ក្រាស់​នៅ​កោះ​ហ្គ្រី​ន​លែ​ន បានចាប់ផ្តើម​បាក់​ជា​លើកដំបូង បន្ទាប់ពី​អាកាសធាតុ​ក្តៅ​ប្លែក​កាលពីដើម​ខែសីហា

ទីតាំងផ្សាយពាណិជ្ជកម្ម