តើ អៀង ធី​រិ​ទ្ធ គួរ​ត្រូវ​ផ្ដន្ទាទោស​កម្រិតណា​?

- ការយល់ឃើញ​របស់​ពុ​ទ្ធ​សាសនិកា​ដែលជា​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​

2925
ចែករម្លែក

​ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ អៀង ធី​រិ​ទ្ធ ដែលជា​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច និង​សុខាភិបាល មាន​ភារៈកិច្ច​ទទួលខុស​ត្រូវ​លើ​ការងារ​របស់​ក្រសួង​សង្គមកិច្ច និង​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​កម្ពុជា​នៅក្នុង​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩) បានទទួល​មរណភាព​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៥ ក្នុង​អាយុ​៨៣​ឆ្នាំ​។ អៀង ធី​រិ​ទ្ធ គឺជា​ភរិយា​របស់ អៀង​សារី អតីត​ឧបនាយក​រដ្ឋ​ម​ន្រី្ត និង​ជា​រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស​នៃ​របប​ខ្មែរក្រហម ។ អៀង ធី​រិ​ទ្ធ មានកូន​៤​នាក់ (​ស្រី​៣​នាក់ និង​ប្រុស​១​នាក់​) និង​មានឈ្មោះ​ដើម ខៀវ ធី​រិ​ទ្ធ កើត​ក្នុង​ឆ្នាំ​១៩៣២ នៅក្នុង​ខេត្តបាត់ដំបង ក្នុង​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​។ អៀង ធី​រិ​ទ្ធ មាន​បងស្រី​ម្នាក់​ឈ្មោះ ខៀវ ប៉ុណ្ណា​រី ដែលជា​ប្រពន្ធ​ទី​១​របស់ ប៉ុល ពត ។ អៀង ធី​រិ​ទ្ធ បានទទួល​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ពី​ប្រទេស​បារាំង ហើយ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ក៏បាន​ត្រឡប់មក​ស្រុកកំណើត​វិញ និង​ធ្វើជា​គ្រូបង្រៀន​ផ្នែក​ភាសា​អង់គ្លេស​។

អៀង ធី​រិ​ទ្ធ (​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ខែវិច្ឆិកា ឆ្នាំ​២០០៧ អៀង ធី​រិ​ទ្ធ ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចាប់ខ្លួន​រួមជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​៣​នាក់​ផ្សេងទៀត​គឺ នួន ជា ខៀវ សំផន និង អៀង សារី ពីបទ​សង្ស័យថា​បាន​ចូលរួម​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ដែល​បណ្តាល​ឲ្យ​ប្រជាជន​ប្រមាណ​២​លាន​នាក់​ស្លាប់​ដោយសារ​ការសម្លាប់ ការបង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង និង​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​។ អៀង ធី​រិ​ទ្ធ និង​មេដឹកនាំ​ជាន់ខ្ពស់​៣​នាក់​ផ្សេងទៀត​ត្រូវបាន​តុលាការ​ដាក់​ឲ្យ​ស្ថិតនៅក្នុង​សំណុំរឿង​០០២ ចំពោះ​បទឧក្រិដ្ឋ​រួមមាន អំពើ​ប្រល័យ​ពូជ​សាស​ន៏ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ មនុស្សឃាត ការដាក់​ឃុំឃាំង ការ​ធ្វើទុក្ខបុកម្នេញ ការសម្លាប់​បំផុត​ពូជ និង​អំពើ​អមនុស្សធម៌​ដទៃទៀត ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ លើសពីនេះ អៀង ធី​រិ​ទ្ធ ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៥៦​។ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១២ តុលាការ​ខ្មែរក្រហម បានសម្រេច​ឲ្យ អៀង ធី​រិ​ទ្ធ រស់នៅ​ក្រៅ​មន្ទីរឃុំឃាំង បន្ទាប់ពី​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​សន្និដ្ឋានថា អៀង ធី​រិ​ទ្ធ ពុំមាន​សម្បទា​អាច​ចូលរួម​ក្នុងការ​ជំនុំជម្រះ​បាន ដោយសារ​មាន​ជំងឺ​វង្វេងស្មារតី​។ អៀង ធី​រិ​ទ្ធ បាន​ស្លាប់ មុន​ពេលដែល​តុលាការ​សម្រេច​ថា តើ​ខ្លួន​មានទោស​កម្រិតណា​ចំពោះ​ឧក្រិដ្ឋកម្ម​បាន​ប្រព្រឹត្ត​នៅក្នុង​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩)​។​

​តើ​ពុទ្ធសាសនិកា ដែលជា​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​យល់ឃើញ​ដូចម្តេច​ចំពោះ​ការស្លាប់​របស់ អៀង ធី​រិ​ទ្ធ ដែល​មិនទាន់បាន​កាត់ទោស​កម្រិត​ណា​នោះ​?

​កែវ សឿន គឺជា​ដូនជី​ម្នាក់​បាន​បួស​រៀន​នៅក្នុង​វត្ត​លង្កា ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ​អស់​រយៈពេល​១១​ឆ្នាំ​មកហើយ​។ សឿន មាន​អាយុ​៧១ ឆ្នាំ មាន​បងប្អូន ៥​នាក់ ហើយ​មាន​ស្រុកកំណើត​នៅ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ សឿន បាន​រៀបការ​នៅក្នុង​សម័យ​សង្គម​រាស្ត្រ និយម និង​មាន​កូនស្រី​២​នាក់​។ សឿន រីករាយ​ចំពោះ​ការចូលរួម​ចែករំលែក​ពី​ការយល់ឃើញ​របស់គាត់​ទៅលើ​ការដោះលែង អៀង ធី​រិ​ទ្ធ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់ពី​តុលាការ​ខ្មែរក្រហម​រកឃើញថា អៀង ធី​រិ​ទ្ធ មាន​ជំងឺ​វង្វេងស្មារតី ហើយ​ថែមទាំង​បាន​រៀបរាប់​ពីបទ​ពិសោធន៍​ជីវិត​របស់គាត់​ក្នុងសម័យ​ខ្មែរក្រហម ដូចខាងក្រោម ៖

​ខ្ញុំ​បានសម្រេច​ចិត្ត​បួស​ជា​ដូនជី​ដោយ​មិន​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ឡើយ ព្រោះ​ជីវិត​ក្នុង​សង្គ្រាម បានធ្វើ​ឲ្យ​ខ្ញុំ​នឿយហត់​ទាំង​រូប​កាយ និង​ចិត្ត​យ៉ាង​ឆ្អែតឆ្អន់​។ ក្នុងនាម​ខ្ញុំ​ជា​ជនរងគ្រោះ​ម្នាក់ ខ្ញុំ​ជឿជាក់ និង​យល់​ស្របតាម​ការសម្រេច​ចិត្ត​របស់​តុលាការ​ខ្មែរក្រហម​ទៅលើ​ករណី​កាត់ទោស​របស់ អៀង ធី​រិ​ទ្ធ​។ ខ្ញុំ​មិន​ខឹង​នឹង​នរណាម្នាក់​ទេ ព្រោះ​ជីវិត​ដែល​នៅ​សេសសល់​របស់ខ្ញុំ គឺ​សម្រាប់តែ​ការរស់នៅ​ជាមួយ​សាសនា និង​ស្វែងរក​ភាព​ស្ងប់​ក្នុង​ចិត្ត​តែប៉ុណ្ណោះ​។ មនុស្ស​គ្រប់រូប​តែងតែ​ខឹង​ចំពោះ​បុគ្គល​ដែល​ធ្វើបាប​ខ្លួន តែដោយសារ​ការខឹង​ស្អប់​គ្នា​នេះ បានធ្វើ​ឲ្យ​យើង​កាន់​តែមាន​គំនុំ និង​នឿយហត់ ដូច​ច្នេះ​ទើប​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​ផ្លូវធម៌ ដោយ​ខិតខំ​រក្សា​ចិត្ត​របស់ខ្ញុំ​ឲ្យ​ស្ងប់ និង​មិន​ចង់បាន​អ្វី​ទៀតឡើយ​។ ភាពលំបាក ដែល​ខ្ញុំ​បាន​ឆ្លងកាត់​កន្លងមក បានធ្វើ​ឲ្យ​ខ្ញុំ​ឈប់​ខឹង​និង​ស្អប់​នរណា​ទៀតហើយ ព្រោះ​ខ្ញុំ​ជឿថា​មនុស្ស​គ្រប់រូប បានកើត​មកហើយ​រមែង​តែងតែមាន​ទុក្ខ​។ ខ្ញុំ​គិតថា អៀង ធី​រិ​ទ្ធ បានទទួល​កម្ម​ពៀរ ដែល​គាត់​បាន​ប្រព្រឹត្ត​ពី​អតីតកាល​គ្រប់គ្រាន់ ហើយ​។ ខ្ញុំ​មិន​ចង់​ចងកម្ម​ជាមួយ​បុគ្គល​ណា​ទៀតឡើយ រឿង​តែ​ម្យ៉ាង​គត់​ដែល​ខ្ញុំ​ប្រាថ្នា​ទៅ​ថ្ងៃមុខ គឺ​ខ្ញុំ​មិន​ចង់​កើត​មកជា​មនុស្ស​ដូច​ជាតិ​នេះ​ទៀត​ទេ​។

​ខ្ញុំ​ពិតជា​មានសំណាង​ណាស់ ដែល​នៅ​រស់រានមានជីវិតរ​ហូត​ដល់​សព្វថ្ងៃ ទោះបីជា​ខ្មែរក្រហម​បាន​យក​ខ្ញុំ​ទៅ​រៀនសូត្រ​ជាច្រើន​ដង តែ​ទន្ទឹមនឹងនោះ ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ដែលមាន​ជីវិត​កម្សត់​ណាស់ ព្រោះ​ប្តី​និង​បងស្រី​របស់ខ្ញុំ​បាន​ស្លាប់ចោល​ខ្ញុំ​នៅពេល​សង្គ្រាម​ដណ្តើម​អំណាច​បានកើត​ឡើង​ក្នុង​ឆ្នាំ​១៩៧២​។ នៅ​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៤ មានការ​ប្រយុទ្ធ​គ្នា​ខ្លាំង​រវាង​ទាហាន​វៀតណាម ទាហាន លន់ នល់ និង​កងទ័ព​ខ្មែ​ក្រហម នៅក្នុង​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ប្តី​និង​ប្អូន​របស់ខ្ញុំ​ស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់បែក​នៅពេលនោះ​។ នៅក្នុង​ឆ្នាំ​១៩៧៣ ខ្ញុំ​និង​សមាជិកគ្រួសារ​ទាំងអស់ បានសម្រេច​ចិត្ត​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ដើម្បី​ជៀសផុត​ពី​ការរត់​គេច​ពី​គ្រាប់ផ្លោង​។ ជីវិត​រស់នៅ​ស្រុក​កៀនស្វាយ មាន​លក្ខណៈ​ប្រសើរ​ជាង​នៅ​ស្រុកកំណើត​របស់ខ្ញុំ ព្រោះ​យើង​មិនបាន​ឮស្នូរ​គ្រាប់កាំភ្លើង និង​រស់នៅ​ដោយ​ភិតភ័យ​ជា​រៀងរាល់ថ្ងៃ​ទៀត​ទេ​។ សមាជិកគ្រួសារ​របស់​ខ្ញុំ ប្រកបមុខរបរ​លក់​ដូរ​នៅក្នុង​ផ្សារ​មួយ​ក្នុងស្រុក​កៀនស្វាយ​។ ចំណែកឯ ខ្ញុំ​បាន​ជួយ​ការងារ ម្តាយ​ឪពុក​ខ្លះ រៀន​ត្បាញ​ក្រមា និង​សំពត់​បន្ថែមទៀត​។ នៅពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ ខ្ញុំ​នឹង​សមាជិកគ្រួសារ​ទាំងអស់​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ព្រោះ​គិតថា​ប្រទេសជាតិ​បានបញ្ចប់​សង្គ្រាម​ហើយ​។ ប៉ុន្តែ​ផ្ទុយ​ពី​ការយល់ឃើញ​របស់ខ្ញុំ ពេលមកដល់​ស្រុកកំណើត អ្វីៗ​បាន​ផ្លាស់ប្តូរ​ខុស​ពីមុន​ទាំងអស់​។ ផ្ទះសម្បែង​របស់​ប្រជាជន ត្រូវបាន​សែង​តម្រៀប​ជិតៗ​គ្នា មានការ​ប្រមូលផ្តុំ​ប្រជាជន​ឲ្យ​រស់នៅ​រួមគ្នា ធ្វើ​ការងារ​រួមគ្នា ហូប​អាហារ​ក៏​រួមគ្នា និង​បែងចែក​មនុស្ស​ជា​ក្រុមៗ​។ ក្មេងៗ​ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​នៅក្នុង​កងកុមារ​ធ្វើ​ការងារ​ស្រាល​ជាង​មនុស្ស​ធំ ចំណែកឯ​យុវជន​បាន​ចាត់តាំង​ឲ្យ​ធ្វើការ​ក្នុង​កងចល័ត​ដែលមាន​ការងារ ដូចជា ធ្វើស្រែ លើក​ទំនប់ ជីក​ប្រឡាយ និង​ការងារ​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​តម្រូវ​ដោយ​អង្គការ​។ ចំណែក​ខ្ញុំ ត្រូវ​អង្គ​ការចាត់​ឲ្យ​ចូលធ្វើការ​ក្នុង​កងចល័ត ដែល​ដំបូង​ធ្វើ​ការងារ​ដូចជា​ធ្វើ​ជី រែក​ដី​បាត​ស្រះ និង​ធ្វើស្រែ​ចម្ការ តែ​ខ្ញុំ​ធ្វើ​មិនដែល​បាន​តាម​ការកំណត់​រប​ស់​អង្គការ​ទេ​។ ក្រៅពី​ការងារ​នេះ ខ្ញុំ​ជា​អ្នក​ត្បាញ​ក្រមា​ឲ្យ​ក្រុម​កងចល័ត​។ ក្រមា​ទាំងអស់​ដែល​ខ្ញុំ​បាន​ត្បាញ គឺ​ធ្វើ​ពី​កប្បាស ដែល​ដំបូង​យើង​យកទៅ​រវៃ​ជាស​សៃ ហើយ​យកមក​ជ្រលក់​ពណ៌ រួច​ក៏​យកទៅ​ត្បាញ​។ ក្រមា​សម្រាប់​ក្រុម​កងចល័ត​មាន​ពណ៌​ខ្មៅ​លា​យស ចំណែកឯ​ថ្នាក់​គ្រប់គ្រង ប្រើប្រាស់​ក្រមា​ពណ៌​សលាយ​ពណ៌​ក្រហម​។ ជារឿយៗ​ប្រធាន​របស់ខ្ញុំ បាន​ចោទថា ខ្ញុំ​ជាម​នុស្ស​ខ្ចិ​ល​ធ្វើការ និង​បាន​ហៅ​ខ្ញុំ​ទៅ​កសាង​ដោយ​ធ្វើការ​ស្តីបន្ទោស​ខ្ញុំ​យ៉ាងខ្លាំង​។ នៅពេលនោះ ខ្មែរក្រហម​បាន​ឲ្យ​ខ្ញុំ​សរសេរ​ប្រវត្តិរូប​ខ្លួនឯង និង​គ្រួសារ ដោយមាន​ថ្ងៃមួយ គេ​ចង់យក​ខ្ញុំ​ទៅ​សម្លាប់ តែ​សំណាងល្អ​មាន​យុវជន​ម្នាក់​ឈ្មោះ នី បាន​ជួយ​ខ្ញុំ​។ ក្រោយមក នី បាន​ហៅ​ខ្ញុំ​មក​ធ្វើការ​នៅក្នុង​មន្ទីរ​ឃុំ​ចាម ក្រោម​ការគ្រប់គ្រង​រប​ស់​ឈ្មោះ ភឹម​។ ខ្ញុំ​ធ្វើជា​អ្នកដាំបាយ និង​ដេ​ខោអាវ​ឲ្យ​កងទ័ព ដែល​ក្នុង​១​ថ្ងៃ ខ្ញុំ​ត្រូវ​ដេរខោ​ឲ្យ​បាន​៣០​ខោ​។ ប្រជាជន​ស្លាប់​ច្រើនណាស់​នៅ​កន្លែង​ដែល​ខ្ញុំ​រស់នៅ ដែល​អ្នកខ្លះ​ស្លាប់​ដោយសារតែ​ការសម្លាប់ អ្នកខ្លះ​អត់​អាហារ និង​ប្រជាជន​ខ្លះទៀត​ឈឺ​ដោយ​មិនមាន​ថ្នាំពេទ្យ​ព្យាបាល​។

​នៅពេលដែល​កងទ័ព​វៀតណាម​វាយ​ចូលមក​ទីកន្លែង​ដែល​ខ្ញុំ​រស់នៅ ខ្ញុំ​បានរ​ត់ទៅ​ជាមួយ​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ឆ្នាំ​១៩៧៩ ដោយ​ហែល​ឆ្លងកាត់​ទន្លេ​អ្នក​លឿង ។ ប្រជាជន កងទ័ព​និង​ក្មេង​ជាច្រើន​បាន​ស្លាប់​ដោយសារ​លង់ទឹក និង​ត្រូវ​គ្រាប់កាំភ្លើង​។ ចំណែក​ខ្ញុំ​បាន​ហែល​ឆ្លងទន្លេ រីឯ​កូន​ខ្ញុំ​វិញ​ជិះ​លើ​ដើម​ចេក​ឆ្លងទន្លេ​ដោយបាន​កងទ័ព​ខ្មែរក្រហម​ជួយ​ចម្លង​។ បន្ទាប់ពី​ឆ្លង​ផុត​ទន្លេ ខ្ញុំ និង​កូន​នាំគ្នា​រត់​ចូលទៅ​ក្នុងព្រៃ ភ្នំ​តា​ម៉ៅ ភ្នំ​តា​ឪ និង​ភ្នំ​ស្រង់ ។ ខ្ញុំ​ឃើញ​មាន​មនុស្ស​ស្លាប់​ច្រើនណាស់​នៅក្នុង​ព្រៃ អ្នកខ្លះ​ស្លាប់​ដោយសារ​ការ​អត់​អាហារ និង​ជំងឺ​។ នៅ​ក្នុងព្រៃ​មិនយូរប៉ុន្មាន ប្រជាជន​ចេះតែ​និយាយ​តៗ​គ្នា​ថា កងទ័ព​វៀតណាម​មិន​បានមក​ធ្វើបាប​ប្រជាជន​ទេ ហើយ​ខ្ញុំ​ក៏បាន​ស្តាប់​វិទ្យុ ឮសូរ​សំឡេង​ច្រៀង​សប្បាយ ទើប​ខ្ញុំ​សម្រេចចិត្ត​ត្រឡប់មក​ស្រុកកំណើត​វិញ ។​

​យន់ យឿន អាយុ​៧៥​ឆ្នាំ ជា​ពុទ្ធសាសនិកា​ម្នាក់ ដែលមាន​ស្រុកកំណើត​នៅ​ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​។ យឿន មាន​បងប្អូន​៧​នាក់ ស្រី​២​នាក់​និង​ប្រុស​៣​នាក់​។ គាត់​រៀបការ​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​មានកូន​៩​នាក់ ស្រី​៤​នាក់​និង​ប្រុស​៥​នាក់ ហើយ​ប្តី​របស់ គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​អស់​រយៈពេល​ប្រហែល​៣​ឆ្នាំ​កន្លងមកហើយ ។ សព្វថ្ងៃ យឿន រស់នៅ​ជាមួយ​កូនស្រី និង​ចៅស្រី​របស់គាត់ ដោយ​ប្រកបមុខរប​ប​ធ្វើស្រែ​ចម្ការ​។ ក្រៅពី​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមជីវិត យឿន បាន​ចូលរួម​ជាមួយ​ព្រះពុទ្ធសាសនា​យ៉ាងសកម្ម ព្រោះ​គាត់​គិតថា​សាសនា ជា​អ្នក​ទូន្មាន​មនុស្ស​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​ជួយ​មនុស្ស​នៅ​ជាតិ​មុខ​ទៀត​។ យឿន បាន​ព្យាយាម​រំឭក​ពី​អតីតកាល​របស់គាត់ និង​ចែករំលែក​ការយល់ឃើញ​ទៅលើ​ការទទួលខុសត្រូវ​រប​ស់ មេដឹកនាំ​ខ្មែរក្រហម​ដូចខាងក្រោម​៖

​ខ្ញុំ​ពិតជា​នឹក​ដល់​សាច់ញាតិ​របស់ខ្ញុំ​ណាស់​ពេលដែល​ខ្ញុំ​និយាយ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ម្តងៗ​។ សព្វថ្ងៃនេះ ខ្ញុំ​មានការ​ភ្លេចភ្លាំង​ច្រើនណាស់ សូម្បីតែ​ខ្ញុំ​មាន​អាយុ​ប៉ុន្មាន ខ្ញុំ​មាន​បងប្អូន​ប៉ុន្មាន​នាក់ ក៏​ខ្ញុំ​មិនសូវ​ចាំ​ដែរ​ប្រសិនបើ​គ្មាន​អ្នក​ជួយ​រំឭក តែ​ខ្ញុំ​អាច​ចងចាំ​បាន​ពី​អ្នក​ដែល​ធ្លាប់​ធ្វើបាប​ខ្ញុំ​និង​សាច់ញាតិ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ធ្លាប់​បានឃើញ​មុខ​ឬ​ស្គាល់​មេដឹកនាំ​ខ្មែរក្រហម​ណា​ម្នាក់​ទេ តែ​មេដឹកនាំ​ទាំងអស់ មិន​ថា​ស្លាប់​ឬ​រស់​គួរតែមាន​ឈ្មោះ​ជា​ឧក្រិដ្ឋជន​នៅក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង​។ ទោះបីជា អៀង ធី​រិ​ទ្ធ មិន​បានមក​ធ្វើបាប​ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ​ផ្ទាល់ តែ​ការគ្រប់គ្រង​របស់គាត់​បានធ្វើ​ឲ្យ​ប៉ះពាល់​មកលើ​គ្រួសារ​ខ្ញុំ និង​ប្រជាជន​ដ៏ទៃទៀត​ខ្លាំងណាស់​។ បើ អៀង ធី​រិ​ទ្ធ មិនបាន​កាត់ទោស​ក្នុង​តុលាការ គាត់​គួរតែមាន​ឈ្មោះថា​ជា​មេដឹកនាំ​អាក្រក់​ម្នាក់​ក្នុង​របប​ខ្មែរក្រហម​។ ពីមុន​ខ្ញុំ​ខឹង​ណាស់​ចំពោះ​អ្នកដឹកនាំ​សម័យ​នោះ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​រសាយចិត្ត​ខ្លះ​ហើយ ព្រោះ​ខ្ញុំ​ជឿ​តាម​ធម៌​ព្រះពុទ្ធសាសនា​ថា “​ពៀរ​រំងាប់​ដោយ​ការមិន​ចងពៀរ​”​។​

​ខ្ញុំ មិនសូវមាន​បទពិសោធន៍​អ្វី​ច្រើន​ខុសប្លែក​ពី​ប្រជាជន​ដ៏ទៃទៀត ដែល​បាន​ឆ្លងកាត់​ក្នុងសម័យ​ខ្មែរក្រហម​ទេ តែ​អ្វីដែល​ខ្ញុំ​បាន​ឆ្លងកាត់​ប្លែក​ពី​ប្រជាជន​មួយចំនួនទៀត​គឺ​ខ្ញុំ​មាន​ផ្ទៃពោះ និង​បាន​បង្កើត​កូនប្រុស​ម្នាក់​នៅពេលនោះ​។ ខ្ញុំ​ផឹក​តែ​ឬ​ស​ឈើ​ផ្សំគ្នា សម្រាប់​ធ្វើជា​ថ្នាំ​ថែរក្សា​កូន​ក្នុង​ពោះ​តែប៉ុណ្ណោះ ហើយ​នៅតែ​បន្តធ្វើ​ការងារ​គ្រប់យ៉ាង​ដែល​អង្គ​ការបញ្ជា​។ ក្នុងពេលនោះ ខ្ញុំ មាន​សុខ​ភាពល្អ​ណាស់ ទោះបីជា​ធ្វើការ​ងារ​ធ្ងន់​យ៉ាងណា ក៏​ខ្ញុំ​មិន​ធ្លាប់​ឈឺ​ដែរ​។ ខ្ញុំ​ដឹងថា ការបង្កើត​កូន គឺជា​រឿង​មួយ​ដែល​លំបាក​សម្រាប់​ស្ត្រី​។ ចំពោះ​បទពិសោធន៍​ខ្ញុំ​វិញ ការ​ពពោះ​និង​បង្កើតកូន​៣​នាក់​ដំបូង​របស់ខ្ញុំ​មុន​សម័យ​ខ្មែរក្រហម​ពិតជា​ពិបាក​ណាស់ តែបើ​ប្រៀបធៀប​ទៅនឹង​ការ​ពពោះ និង​បង្កើតកូន​ក្នុងសម័យ​ខ្មែរក្រហម​វិញ គឺ​ពិបាក​លើសពី​១០ ទៅ​២០ ដង ឯណោះ​។ ខ្ញុំ​ចាំបាន​ថា ឆ្មប​ម្នាក់​ឈ្មោះ យាយ នន បាន​បង្កើតកូន​ឲ្យ​ខ្ញុំ នៅក្នុង​ខ្ទម ដោយ​ប្រើតែ ក​ន្ទ្រៃ​មួយ​តែប៉ុណ្ណោះ​។ ខ្ញុំ​គិតថា យាយ នន មិនបាន​រៀន​វិជ្ជា​ឆ្មប​ជ្រៅជ្រះ​ទេ គឺ​គាត់​គ្រាន់តែ​ចេះ​តៗ​គ្នា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា យាយ នន បាន​បង្កើតកូន​ឲ្យ​ប្រជាជន​ក្នុងភូមិ ដែល​ខ្ញុំ​រស់នៅ​ក្នុងសម័យ​ខ្មែរក្រហម មិនដែល​ជួបប្រទះ​នឹង​គ្រោះថ្នាក់​អ្វី​ទេ​។ បន្ទាប់ពី​សម្រាលកូន​រួច ខ្ញុំ​បាន​ឆ្អើរភ្លើង​ប្រហែល​១​សប្តាហ៍​តាម​ចាស់ៗ​ពី​បុរាណ​ណែនាំ ដែល​ក្នុងពេលនោះ​ប្តី​របស់ខ្ញុំ​បាន​ឆ្លៀត​មកជួប​មួយ​ភ្លែតៗ​។ ខ្ញុំ​មិនបាន​ផឹកថ្នាំ​ពេទ្យ​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិនដែល​ឮថា​មាន​ថ្នាំពេទ្យ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។

​ក្រុមគ្រួសារ​របស់ខ្ញុំ សុទ្ធតែ​ស្លាប់​ដោយសារ​ជំងឺ​ដែល​ខ្វះ​ថ្នាំ​ព្យាបាល​។ ឪពុក​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ នៅក្នុង​ថ្ងៃ​ដែល​ទាហាន​វៀតណាម​ចូលមក​រំដោះ ចំណែកឯ​កូន​ខ្ញុំ​វិញ ដែលមាន​អាយុ​ត្រឹមតែ​៥​ឆ្នាំ​ប៉ុណ្ណោះ បាន​ស្លាប់​មុន​ឪពុក​ខ្ញុំ​ប្រហែលជា​៣​ថ្ងៃ​ដោយសារ​កើត​ជំងឺ​ខាន់ស្លាក់​។ ក្រៅពីនោះ បងប្អូន​បង្កើត​២​នាក់​ទៀត​របស់ខ្ញុំ​ក៏បាន​ស្លាប់​ដោយសារតែ​ឈឺ​ក្នុង​កំឡុង​សម័យ​ខ្មែរក្រហម​ដែរ​។

​យុត្តិធម៌ គឺជា​ការផ្សះផ្សា​មួយ​យ៉ាងសំខាន់ សម្រាប់​ជនរងគ្រោះ​នៅក្នុង​ប្រទេស​ក្រោយ​ជម្លោះ​ដូចជា​ប្រទេស​កម្ពុជា​។ តម្រូវការ​នៃ​ភាពយុត្តិធម៌​នៅតែមាន​សម្រាប់​ជនរងគ្រោះ​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ព្រោះ​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​មិនទាន់​បានទទួល​ការកាត់ទោស​ទៅតាម​ច្បាប់​ដូចជា អៀង ធី​រិ​ទ្ធ ជាដើម​។ បន្ទាប់ពី អៀង ធី​រិ​ទ្ធ បាន​ស្លាប់​ដោយ​ខកខាន​មិនបាន​ចូលរួម​ក្នុង​ដំណើរការ​របស់​តុលាការ ពុទ្ធសាសនិកា ហាក់បីដូចជា​យល់ឃើញ​ថា​វា​គ្រប់គ្រាន់ ចំពោះ​អ្វីដែល​គាត់​បាន​ប្រព្រឹត្ត តែ​ទន្ទឹមនឹងនេះ​ក៏​នៅមាន​ពុទ្ធសាសនិកា​ផ្សេងទៀត​គិតថា អៀង ធី​រិ​ទ្ធ គួរតែ​ទទួលបាន​ឈ្មោះ​ជា ឧក្រិដ្ឋជន​ទោះបីជា​គាត់​បាន​ស្លាប់​មុន​ការកាត់ទោស​របស់​តុលាការ​យ៉ាងណាក៏ដោយ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ