​នៅ​ខេត្តព្រះវិហារ​ទឹក​បន្ដ​កើនឡើង​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ជាង​៦០​គ្រួសារ​រដាក់​ទីទួល​សុវត្ថិភាព​

1212
ចែករម្លែក

(​ព្រះវិហារ​)៖​កម្ពស់​ទឹកស្ទឹង​សែន​ខេត្តព្រះវិហារ​បន្ដ​កើនឡើង​នៅ​ល្ងាច​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៧​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​ទីទួល​មាន​សុវត្ថិភាព​។​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​កម្លាំង​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​៦១​គ្រួសារ​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយសារ​កំរិត​កម្ពស់​ទឹកស្ទឹង​សែន ខេត្តព្រះវិហារ ចេះតែ​បង្ក​ការ​ហក់​ឡើង​ធ្វើ​ឲ្យ​លិចលង់​ផ្ទះសំបែង​ពលរដ្ឋ​។​

​អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ទាំង​៦១​គ្រួសារ​នេះ រស់នៅ​ចំណុច​អន្លង់​វិល ភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ដោយ​ពួកគាត់​រស់នៅ​តាម​មាត់​ស្ទឹងសែន​ហើយ​ពួកគាត់​ភាគច្រើន​គឺជា​អ្នកនេសាទ​។​លោក​អ៊ុន​ចាន់​ដា​បញ្ជាក់ទៀតថា​ដោយសារ​កំរិត​ទឹក​ស្ទឹងសែន​ចេះតែ​បន្ត​ហក់​ឡើង​ឥតឈប់ឈរ​នោះ​លោក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ក្រុង​ព្រះវិហារ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​គាត់​ចាក​ចេញពី​លំនៅស្ថាន​មក​រស់នៅ​ទីទួល​សុវត្ថិភាព​បណ្តោះអាសន្ន​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​។​

​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ស្ថានភាព​របស់​ប្រជាពលរដ្ឋ ដែល​បានមក​កាន់​ទីទួល​សុវត្ថិភាព អភិបាលខេត្ត​ព្រះវិហារ បាន​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្ដេច​មាន​ការ​ព្រូ​យ​បារម្ភ​អំពី​សុវត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងនោះ​សម្តេច​បានធ្វើការ​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវតែ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ កុំ​ឲ្យ​រងគ្រោះថ្នាក់​ដោយ​ទឹកជំនន់​។​

​ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​អាជ្ញាធរ​បាន​ឲ្យ​បងប្អូន​មកកាន់​ទីទួល​សុវត្ថិភាព​បណ្តោះអាសន្ន​ហើយ​លោក​បានធ្វើ​ការណែនាំ​ឲ្យ​អាជ្ញាធរ​ក្រុង​ព្រះវិហារ​ត្រូវ​ចាត់​មន្ត្រី​មក​ប្រចាំ​ការមើល​ការខុសត្រូវ​នៅទីនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​៕S/​ដោយ​៖​ហូ​សាន់

​ទឹក​បន្ដ​កើនឡើង​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ជាង​៦០​គ្រួសារ​រដាក់​ទីទួល​សុវត្ថិភាព​
(រូប៖វ៉េបសាយ)