ក្រោយពី​ភ្លៀង​ធ្លាក់​ជោគជាំ​កូន​រដូវ​ប្រាំ​រយៈពេល​ខ្លី​ក៏បាន​មកដល់​ ​

1205
ចែករម្លែក

(​ភ្នំពេញ)៖​ក្រោយពី​ភ្លៀង​ធ្លាក់​ជោគជាំ​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​រង​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​រួចមក កូន​រដូវប្រាំង​រយៈពេល​ខ្លី​មួយ​ក៏បាន​មកដល់​ដែលនឹងធ្វើ​ឲ្យ​រាជធានី​និង​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​តិចតួចដែល​ទាមទារ​ឲ្យ​ប្រជាកសិករ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៧ បាន​ជូនដំណឹង​ជា​សាធារណៈ​ថា​ព្យុះ​ទី​៨​ឈ្មោះ​សុន​កាបាន​ថយឥទ្ធិពល​មកជា​សម្ពាធ​ទាប ខណៈពេល​ជ្រលង​សម្ពាធ​ទាប​ខ្សោយ​អូសបន្លាយ​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​ មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានសរសេរថា នៅ​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧ ព្យុះ​ទី​៩​ឈ្មោះ​នេសាទ​(NESAT)​បានកើត​ឡើង​និង​កំពុង​ស្ថិតនៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ឦសាន​ប្រទេស​ហ្វីលីពីន ។ ឥទ្ធិពល​របស់​ព្យុះ​នេះ​នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​នូវ​កូន​រដូវប្រាំង​ក្នុង​មួយរយៈ​ពេល​ខ្លី (​ចាប់ពី​ថ្ងៃទី​២៩​ខែកក្កដា​ដល់​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៧)​។​
​ ​
ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ចាប់ពី​ថ្ងៃទី​២៩​ខែកក្កដា​ដល់​ថ្ងៃទី​៩​ខែសីហា ស្ថានភាព​អាកាសធាតុ សម្រាប់​រាជធានី​ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង​ខេត្តកណ្តាល​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច ។ សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​និង​តំបន់​ខ្ពង់រាប​នឹងមាន​ភ្លៀង​ធ្លាក់​តិច​ទៅ​មធ្យម​និង​សម្រាប់​តំបន់​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។

​សេចក្តីជូនដំណឹង​ខាងលើនេះ​ជូនដំណឹង​ជាពិសេស​ដល់​បងប្អូន​ប្រជាកសិករ​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង ខេត្តកណ្តាល​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ​សម្រាប់​ការងារ​បង្កបង្កើនផល​៕ដោយៈ​ប​.​ខុន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ