រុស្ស៊ី​បញ្ជា​ឱ្យ​អាមេរិក​កាត់បន្ថយ​បុគ្គលិក​ទូត​រាប់រយ​នាក់ ដើម្បី​ជាការ​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មី​ពី​អាមេរិក​

1630
ចែករម្លែក

​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ កក្កដា បាន​បញ្ជា​ឱ្យ​សហរដ្ឋអាមេរិក កាត់បន្ថយ​បុគ្គលិក​ទូត​រាប់រយ​នាក់ ក្នុងការ​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក និង​និយាយថា ខ្លួន​បាន​កំពុង​រឹបអូស​អចលនទ្រព្យ​ស្ថានទូត​អាមេរិក​ចំនួន ២ កន្លែង​។

​កា​រស​ម្រ​ច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ដែល​ធ្វើ​ដូច​របៀប​ក្នុង​សង្គ្រាមត្រជាក់ ត្រូវបាន​ប្រកាស​ដោយ​ក្រសួងការបរទេស ពោលគឺ​មួយថ្ងៃ​គត់ បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​គាំទ្រ​លើសលប់​លើ​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​ថ្មី​មកលើ​រុស្ស៊ី​។ សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​ទៅនឹង​ការសន្និដ្ឋាន​ដោយ​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក ដែលថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦ និង ដាក់ពិន័យ​រុស្ស៊ី​បន្ថែមទៀត​ចំពោះ​ការ​កាត់​ទឹកដី​គ្រី​មេ​ចូល​ទឹកដី​ខ្លួន​ក្នុង​ឆ្នាំ ២០១៤​។

​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ជំនួយការ​របស់​ប្រធានសភា​អាមេរិក លោក​ផូ​ល រ៉ា​យ​អ៊ែន និយាយថា សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវបាន​បញ្ជូនទៅ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កក្កដា ។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​ផ្តល់​ការគាំទ្រ​ចុងក្រោយ​ក៏បាន ឬ វ៉េតូ​វា​ក៏បាន​។​

​រុស្ស៊ី​បាន​គំរាម​សង​សឹង​វិញ​ជាច្រើន​សប្តាហ៍​មកហើយ​។ ការឆ្លើយតប​របស់​រុស្ស៊ី​នេះ បង្ហាញឱ្យឃើញថា រុស្ស៊ី​បាន​ទុកចោល​មួយ​ឡែក​នូវ​ក្តីសង្ឃឹម​ពីដំបូង​អំពី​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​វ៉ាស៊ីនតោន​ក្រោម​ការដឹកនាំ​របស់​ត្រាំ ដែលជា​ក្តីសង្ឃឹម​មួយ មេដឹកនាំ​អាមេរិក​រូបនេះ​ធ្លាប់​និយាយថា​ចង់​សម្រេច​ឱ្យបាន មុនពេល​គាត់​ជាប់ឆ្នោត​។​

​គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​ក្នុង​ក្រុង​វ៉ាស៊ីនតោន សេត​វិមាន​មិនទាន់​បានធ្វើ​អត្ថាធិប្បាយ​យ៉ាងណាទេ​អំពី​ការសង​សឹក​របស់​រុស្ស៊ី​។​

​ទំនាក់ទំនង​មាន​ភាពទន់ខ្សោយ​រួចទៅហើយ​ចាប់តាំងពី​ក្រោយ​សម័យ​ស​ង្គ្រា​ម​ត្រជាក់ ដោយសារតែ​ការចោទប្រកាន់​នានា​ថា ការជ្រៀតជ្រែក​របស់​រុស្ស៊ី​តាម​ប្រប័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងការ​បោះឆ្នោត គឺធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ឱកាស​របស់លោក​ត្រាំ ដែលជា​ការចោទប្រកាន់​មួយ​រុស្ស៊ី​បដិសេធ​ជានិច្ច​។ លោក​ត្រាំ​ក៏​បដិសេធ​ផងដែរ​ថា ពុំមាន​ការឃុបឃិត​គ្នា​ណាមួយ​រវាង​ក្រុម​យុទ្ធនាការ​របស់លោក​និង​ក្រុមមន្ត្រី​រុស្ស៊ី​នោះឡើយ​។

​ក្រសួងការបរទេស​រុស្ស៊ី បាន​ត្អូញត្អែរ​អំពី​ការកើនឡើង​នូវ​អារម្មណ៍​ប្រឆាំង​រុស្ស៊ី​នៅក្នុង​សហរដ្ឋអាមេរិក​ដោយ​ចោទប្រកាន់ “​រង្វង់​ថ្នាក់ដឹកនាំ​ល្បីៗ​” បាន​ស្វែងរក​ការប្រឈមមុខ​ដាក់គ្នា​ជា​ចំហ​។​

​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ កក្កដា​ថា រុស្ស៊ី​នឹង​សងសឹក​ប្រឆាំងនឹង​អ្វីដែល​គាត់​ហៅថា ឥរិយាបថ​ចិត្ត​ស្រាល​របស់​អាមេរិក​។ អ្នកនាំពាក្យ​របស់​ពូ​ទីន លោក​ឌី​មេ​ទ្រី ប៉េ​ស្កូវ បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​សុក្រ​ថា ការបោះឆ្នោត​របស់​ព្រឹទ្ធសភា​អាមេរិក​គឺជា​ជម្រើស​ចុងក្រោយ ដែល​រុស្ស៊ី​មិនអាច​ទទួលយកបាន​។​

​ជំនួយការ​កំពូល​រប​ស់​សេត​វិមាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ត្រាំ​អាច​នឹង​វ៉េតូ​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​ថ្មី​នេះ ក្នុង​បំណង​ជំរុញឱ្យមាន​ការព្រមព្រៀង​តឹងរ៉ឹង​ជាង​នេះ ដែលជា​គំនិត​មួយ ទាក់ទាញ​ការសង្ស័យ​ក្នុង​សភា ព្រោះ​រដ្ឋបាល​របស់​ត្រាំ​បាន​ចំណាយពេល​រាប់​សប្តាហ៍ បញ្ចុះបញ្ចូល​ឱ្យមាន​ច្បាប់​ទណ្ឌកម្ម​ខ្សោយ​ជាង​នេះ​។ ឥឡូវនេះ ត្រាំ​មាន​ពេល​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ ដែល​គាត់​អាច​បោះឆ្នោត​វ៉េតូ ប៉ុន្តែ​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​នេះ​ត្រូវគេ​រំពឹងថា​នឹង​ប្រមូលបាន​ការគាំទ្រ​គ្រប់គ្រាន់​ទាំង​នៅ​សភា​និង​ព្រឹទ្ធសភា ដើម្បី​លុប​ពីលើ​រាល់​ការ​វ៉េតូ​ទាំងឡាយ​។

​ជំនួយការ​សភា​និយាយថា ពួកគេ​នៅតែ​មិនទាន់​ដឹងថា​តើ​ត្រាំ​នឹង​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ទណ្ឌកម្ម​នេះ​ឬ​វ៉េតូ​វា​នោះទេ​។

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក​សឺ​ហ្គី ឡាវ​រ៉ូ​វ បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​រិច ធី​ល​ល័​រ​សុន​តាម​ទូរស័ព្ទ​ថា រុស្ស៊ី​ត្រៀម​រួចរាល់​ក្នុងការ​ធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ​នូវ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក និង​សហការ​លើ​បញ្ហា​សកល​ជាច្រើន​។

​ក្រសួងការបរទេស​រុស្ស៊ី​និយាយថា លោក​ឡាវ​រ៉ូ​វ និង លោក​ធី​ល​ល័​រ​សុន “​យល់ព្រម​រក្សា​ការទាក់ទង​គ្នា​លើ​បញ្ហា​ទ្វេភាគី​ជាច្រើន​”​។

​ក្រសួង​និយាយថា សហរដ្ឋអាមេរិក​មាន​ពេល​រហូតដល់​ថ្ងៃទី​១​កញ្ញា ដើម្បី​កាត់បន្ថយ​បុគ្គលិក​ការទូត​របស់ខ្លួន​ក្នុង​រុស្ស៊ី រហូតដល់​ចំនួន ៤៤៥ នាក់ ពោលគឺ​ស្មើនឹង​ចំនួន​បុគ្គលិក​ការទូត​រុស្ស៊ី​ដែល​បាន​ចាក​ចេញពី​អាមេរិក បន្ទាប់ពី​វ៉ាស៊ីនតោន​បាន​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី ៣៥ នាក់​កាលពី​ខែធ្នូ​៕ ដោយ៖ កញ្ញាដាលីស

ទង់ជាតិ​រុស្ស៊ី​បក់​នៅខាងមុខ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​មូ​ស្គូ

ទីតាំងផ្សាយពាណិជ្ជកម្ម