បន្ទាយមានជ័យ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​ជាង​៤​ពាន់​ហិកតា​, ខូច​ជាង​២​ពាន់​ហិកតា​

1400
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការងារ​គ្រោះមហន្តរាយ​៧​ខែ​ដើមឆ្នាំ​២០១៨ នៅ​ខេត្តបន្ទាយមានជ័យ​រឿង​ធំជាងគេ គឺ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​ជាង​៤​ពាន់​ហិកតា​, ខូច​ជាង​២​ពាន់​ហិកតា ចុះជួយ​ច្រូត​សង្គ្រោះបាន​ជាង​២០០​ហិកតា​។ នេះ​បើតាម លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​គ្រោះមហន្តរាយ​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ និង​ទិសដៅ​បន្ត​របស់​ខេត្តបន្ទាយមានជ័យ នៅ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃទី​២២​សីហា​។​

​លោក សួន បវរ ក៏​ស្វាគមន៍​ដែរ​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ដែល​បាន​អញ្ជើញ​ទៅកាន់​ខេត្តបន្ទាយមានជ័យ ដែល​នៅ​កំពុង​សល់​កន្ទុយ​ជំនន់​ទឹកភ្លៀង នៅ​ផ្នែក​ខ្លះ នៃ​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ​នៅឡើយ​។ ពោលគឺ​ជំនន់​នេះ បាន​កើតឡើង​ពីថ្ងៃ​ទៅ​២៨​ខែកក្កដា​មកម្ល៉េះ បង្ក​ឲ្យ​ទឹក​ហក់​ឡើង​តាម​ដងស្ទឹង​មង្គល​បូរី និង​តាម​ប្រព័ន្ធ​ប្រឡាយ​ព្រែក និង​ប្រព័ន្ធ​ប្រឡាយ​ក្តាន់​បង្ក​លិចលង់​ស្រូវ​ទុំ​ជា​ប្រភេទ​ស្រូវស្រាល ដើមរដូវ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤.២៦៤​ហិកតា និង​ខូចខាត​ទាំងស្រុង ២.៤៣៥​ហិកតា​។ ក្នុងនោះ​ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ស្រូវ​រង​ផលប៉ះពាល់​និង​ខូចខាត​ច្រើនជាងគេ​ស្មើនឹង​១៣២៨​គ្រួសារ​។ ចំណែក សង្កាត់​ព្រះ​ពន្លា​និង​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ រង​ផលប៉ះពាល់​និង​ខូចខាត​ទាំងស្រុង​តិចតួច ស្មើនឹង ១០​គ្រួសារ​។​

​លោក​បាន​បន្តថា ជាការ​ទទួលខុសត្រូវ និង​ឆ្លើយតប​គ្រោះមហន្តរាយ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ណែនាំ ហើយ​រដ្ឋបាលខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​មាន កងកម្លាំង​នគរបាល ទាហាន កងរាជអាវុធហត្ថ មន្ត្រីរាជការ កម្លាំង​យុវជន បាន​ចុះជួយ​ច្រូតស្រូវ​ដែល​រង​ការលិចលង់ សង្គ្រោះ​ជាង​បាន​ចំនួន​ជាង​២០០​ហិកតា​ដែរ​។​

​នាឱកាស​នោះ លោក​បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង់​គ្រោះមហន្តរាយ បាន​ចូលរួម​រំលែក​ទុក្ខលំបាក និង​ការខូចខាត​ភោគផល​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ហើយក៏​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ក៏​ដូច​មន្ត្រីរាជការ កងកម្លាំង យុវជន ដែល​បាន​ជួយ​ដល់​ប្រជាកសិករ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទោះ​លទ្ធផល​បាន​តិចតួច​ក៏ដោយ ក៏បាន​បង្ហាញ​នូ​ង​ស្មារតី​ទទួលខុសត្រូវ​ឆ្លើយ​នឹង​គ្រោះមហន្តរាយ​។ ជាមួយគ្នា​នោះ​ក៏​ក្រើន​រលឹក​ដល់​អាជ្ញាធរ ត្រូវមាន​ការរៀបចំ​ត្រៀម​ឲ្យ​បាន​រួចជាស្រេច នូវ​ឧបករណ៍ សម្ភារៈ​បង្ការ សង្គ្រោះ​។ និង​ក៏បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព ជំនាញ​ដែល​ពាក់ព័ន្ធ​ត្រូវ​សិក្សា​ពី​តំបន់​ជល​សាស្ត្រ​ធម្មជាតិ ប្រព័ន្ធ​ប្រឡាយ​ដែល​តែងតែ​ជន់​លិច ដើម្បី​រាយការណ៍​ទៅ​ថ្នាក់​ក្រសួង ស្ថាប័ន​មាន​វិធានការណ៍​ជួយ​ដោះស្រាយ កុំ​ឲ្យ​ជន់​លិចលង់​ស្រូវ​របស់​កសិករ​តែ​រៀងរាល់ឆ្នាំ​ដូច្នេះ​តទៅទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម