ក្រុមយុវជន​ស្ម័គ្រ​ចិត្តនឹង​ចងក្រង​ឯកសារ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​ដោយ​ខ្លួនឯង​

1199
ចែករម្លែក
  • 8
    Shares

ដោយ​: អង្គរតូច / សៀមរាប​: បន្ទាប់ពី​បើក​វគ្គ​សិក្សា​អស់​រយៈពេល​៤​ខែ​កន្លងមក កម្មវិធី​អប់រំ​កុមារ​បេតិកភណ្ឌ​បានបញ្ចប់​វគ្គ​ទី​១​ដោយ​ជោគជ័យ​។ កម្មវិធី​នេះ បាន​បង្កើតឡើង​នៅ​គោលដៅ​ចំនួន​២ គឺ​សាលាបឋមសិក្សា​ស្រះស្រង់​និង​វិទ្យាល័យ​នគរធំ បំណង​បណ្តុះ​គំនិត​ឱ្យ​សិស្ស​ចេះ​ស្រឡាញ់ ស្វែងយល់​ពី​បេតិកភណ្ឌ​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​រស់នៅ​។ ចេះ​ស្រាវជ្រាវ ចេះ​ចងក្រង​ឯកសារ​រក្សាទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​។ ការអប់រំ​ផ្ទាល់​លើ​សិស្ស​អំពី​អ្វីដែល​អ្នកស្រាវជ្រាវ​បានឃើញ ដើម្បីឱ្យ​សិស្ស​តាម​ទាន់សភាពការណ៍​នៃ​ការស្រាវជ្រាវ ផ្តល់ព័ត៌មាន​ថ្មី និង់​ដឹង​ពី​សហគមន៍ ព្រោះ​ខ្លួន​កំពុង​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​។​

​លោកស្រី Joyce Hanan Clark ប្រធាន​អង្គការ​គាំពារ​កេរ​មរតក​ប្រចាំ​សហរដ្ឋ​អារ​មេ​រិ​ក​មានប្រសាសន៍ថា យើង​មិនអាច​ធ្វើការ​មួយថ្ងៃ ដើម្បីឱ្យ​អនាគត​ល្អប្រសើរ​ទេ គឺ​យើង​មាន​ដំណើរការ​វែងឆ្ងាយ​បន្តទៀត​ជាមួយ​កិច្ច​ការអប់រំ​បេតិកភណ្ឌ​។ កម្មវិធី​អប់រំ​នេះ​មិនបាន​ផ្តោត​តែ​លើ​ប្រាសាទ​ទេ គឺ​រាប់បញ្ចូល​ទាំង​បរិស្ថាន បេតិកភណ្ឌ​ក្រោម​ដី ក្នុង​ទឹក រូបី និង​អរូបី​ផង ដើម្បីឱ្យ​ក្មេងៗ​ដឹងថា​មាន​អ្វីខ្លះ​ជា​បេតិកភណ្ឌ​ក្នុង​តំបន់​ខ្លួន​? វា​មាន​ប្រយោជន៍​ដូចម្តេច​? ហើយ​ត្រូវការពារ​យ៉ាងណា​? ដូច្នេះហើយ​ទាមទារ​ឱ្យ​យើង​ត្រូវ​បណ្តុះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ធ្វើការ​ងារ​នេះ​ជាប្រចាំ​និង​យូរអង្វែង​ក្នុងការ​ថែរក្សា ព្រោះ​មិនមែន​ដើម្បី​តែមួយ​គ្រួសារ​ទេ គឺ​បេតិកភណ្ឌ​ដើម្បី​ជាតិ​ទាំងមូល​។

​លោកស្រី​បន្តថា វា​ជាការ​សំខាន់​ណាស់ ដែល​យើង​បានកើត រស់នៅ រកស៊ី​ជាមួយ​បេតិកភណ្ឌ ត្រូវតែ​សិក្សា ស្វែងយល់ ការពារ ថែរក្សា​បេតិកភណ្ឌ​។ បើទោះបីជា​ម៉ោង​សិក្សា​មាន​រយៈពេល​ខ្លី តែ​សិស្សានុសិស្ស​ពិតជា​បានដឹង​ច្រើន​អំពី​ប្រវត្តិសាស្ត្រ ការស្រាវជ្រាវ ទំនៀមទម្លាប់ តួនាទី​ប្រាសាទ បរិស្ថាន ក្រមសីលធម៌​ពេល​ចូល​ប្រាសាទ និង​ប្រវត្តិ​សិល្បៈ​។ នេះ​ជាការ​កែប្រែ​ទម្លាប់​ដ៏​ប្រសើរ ដែល​អ្នក​ជំនាន់​មុន ត្រូវ​បន្តវេន​ដល់​អ្នកជំនាន់ក្រោយ​។​

លោក អ៊ឹម សុខ​រឹទ្ធី ប្រធាន​គម្រោង​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រំឭកថា គម្រោង​នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៧ ដោយមាន​កិច្ចសហការ​ជាមួយ​ប្រទេស​ថៃ ហើយ​ទទួលជោគជ័យ​បំផុត​នៅ​វិទ្យាល័យ​បន្ទាយឆ្មារ តែ​នេះ​ជា​វគ្គ​សិក្សា​ទី​១​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

​លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ដែល​បាន​ចូលរួម​សហការ​ទាំងអស់ ពិសេស​អ្នក​ឧបត្ថម្ភ​កម្មវិធី ដែល​បាន​ជ្រោមជ្រែង​ឱ្យ​ការអប់រំ​ដ៏​មានតម្លៃ​នេះ​ដំណើរការ​យ៉ាង​រលូន ជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ទាំងមូល​។ យើង​នឹង​ពង្រីក​វិសាលភាព​ទៅ​សាលា​ផ្សេងទៀត​នៅ​តំបន់​អង្គរ​មាន សាលា​បាគង​ជាដើម ដែល​នៅពេល​អនាគត កុមារ​និង​យុវជន​ស្ម័គ្រ​ចិត្តនឹង​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ចងក្រង​ឯកសារ​ប្រចាំ​តំបន់​របស់ខ្លួន​ដោយ​ខ្លួនឯង ហើយ​រក្សាទុក​នៅ​ទីតាំង​ផ្ទាល់​សម្រាប់​សហគមន៍​។ លើសពីនោះ យើង​ក៏​នឹង​បង្កើតឱ្យមាន​ការចុះ​កម្មសិក្សា​ទៅ​ក្រៅ​តំបន់​ដូចជា​សំបូរ​ព្រៃ​គុក និង​បន្ទាយឆ្មារ​ជាដើម ដើម្បី​ស្វែងយល់​បន្ថែម​ពី​បេតិកភណ្ឌ​ក្រៅ​ស្រុក​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ