របួសធ្ងន់​ម្នាក់​បាក់ជើង និង​បាក់ដៃ​ដោយ​រថយន្តបុក​ម៉ូតូ​

1092
ចែករម្លែក
ជនរងគ្រោះ​បាក់ជើង និង​ដៃ​ឆ្វេង និង​រថយន្ត​បង្ក (​រូប​៖ គ្រញូង​)

បាត់ដំបងៈ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​រវាង​រថយន្ត​តូយ៉ូតា​កាមរី​បា​ឡែ​ន​បុក​ជាមួយ​ម៉ូតូ​កាលពី​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៥ ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។​

​លោក អ៊ឹង សុវណ្ណ អធិការរង​នគរបាល​ស្រុក​ថ្មគោល​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ នៅ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ (​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​និង​ដៃ​ខាងឆ្វេង​)​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​កើតហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក តូយ៉ូតា​កា​មា​រី​បា​ឡែ​ន​ពណ៌​ស្ករ ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ​បាត់ដំបង 2B 2709 បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​។ ពេលមកដល់​ចំណុច​ខាងលើ​បាន​ឡើង​ជែង​រថយន្ត​១​គ្រឿង​ទៀត ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1Q 5163 ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ចុះទៅ​ដល់​។

​រថយន្ត និង​ម៉ូតូ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖ គ្រញូង​

ទីតាំងផ្សាយពាណិជ្ជកម្ម