ជំរុញ​កែប្រែ​ទម្លាប់​ពី​ខ្ជះខ្ជាយ​និង​មើលរំលង​របស់​ដែលមាន​តម្លៃ​

1725
ចែករម្លែក

កំពត​៖ ក្នុង​បំណង​ឱ្យមាន​ការកែប្រែ​ទម្លាប់ នៃ​ការមើលរំលង​នូវ​របស់​តូចតាច ដែល​អាច​បង្កើន​ប្រាក់ចំណូល សម្រាប់​គ្រួសារ​នោះ មន្ត្រីជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បាន​ណែនាំ​កសិករ​កុំ​ខ្ជះខ្ជាយ ដោយ​យកចិត្តទុកដាក់​រាល់រ​បស់​មិន​ធ្លាប់​ចាប់អារម្មណ៍​កន្លងមក​។​

​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងពេល​ចុះ​ពិនិត្យ​សកម្មភាព​ផលិត​កញ្ឆេ​របស់​អ្នកភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត លោក​ទេស​ដ្ឋ​មន្ត្រី ច័ន្ទ សារុន អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បាន​មានប្រសាសន៍ថា តាម​ការពិនិត្យ​ឃើញជាក់ស្តែង បងប្អូន​បាន​មើលរំលង​ការងារ និង​របស់​តូចតាច​ដែល​អាច​បង្កើន​នូវ​ប្រាក់ចំណូល​សម្រាប់​គ្រួ​សារបាន​។ ផ្នែក​ខ្លះ​នៃ​ឫស្សី​ដែល​បាន​បិត​ចោល​នឹងមាន​ប្រយោជន៍​សម្រាប់​ផលិត​ជា​ឧបករណ៍​នានា ដូចជា​ល្អី កញ្ច្រែង និង​ប្រដាប់ប្រដា​សម្រាប់​ដាក់​រប​ស់របរ​ផ្សេងៗ ហើយ​ការងារ​នោះ​មិនសូវ​ចំណាយ​ពេលវេលា​ទៀតផង​។ ជាមួយនឹង​ការពន្យល់​ណែនាំ​នេះដែរ លោក​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អ​ភ​វឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បាន​យក​កញ្ច្រែង ល្អី និង​របស់របរ​មួយចំនួនទៀត​ដែល​នាំ​មកពី​ខេត្ត​ផ្សេង​ប្រគល់​ដល់​តំណាង​អ្នកធ្វើ​កញ្ឆេ​ដើម្បី​ទុកជា គំរូ​សម្រាប់​អនុវត្ត​ដើម្បី​បង្កើន​ផលិតផល​ក្នុង​មុខរបរ​របស់ខ្លួន​។ ឆ្លើយតប​នូវ​ការព្រួយបារម្ភ​របស់​ប្រជាកសិករ​អំពី​ទីផ្សារ​ផលិតផល លោក​ច័ន្ទ សារុន​បាន​អះអាងថា​នៅពេល​បងប្អូន​ផលិត​បាន​គ្រប់មុខ ហើយ​មាន​បរិមាណ​ច្រើន លោក​ធានាថា​នឹងមាន​អ្នកប្រមូល​ទិញ ព្រមទាំង​មាន​អ្នកជំនាញ​រង់ចាំ​រក​ទីផ្សារ​ជូន​ដោយ​មិនឱ្យ​រាំងស្ទះ ឬ​ត្រូវ​កប់ដើម​ទុន​ឡើយ​។​

​ក្នុង​វ័យ​៤៩​ឆ្នាំ អ្នកស្រី​កៅ សីហា ជា​អ្នកធ្វើ និង​ប្រមូល​ទិញ​កញ្ឆេ​នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​បាន​រៀបរាប់ថា​តាំងពី​យូរយារ​មកហើយ​នោះ សម្រាប់​ឫស្សី​មួយ​ដើម អ្នកភូមិ​បាន​ផ្តោតជាសំខាន់​តែ​ការបិត​យក​ផ្នែក​ខាងក្រៅ​មក​ត្បាញ​ធ្វើក​ញ្ឆេ​មួយ​មុខ​ប៉ុណ្ណោះ​។ ក្រៅពីនោះ​គឺ​យក​បោះចោល​មិន​ប្រើប្រាស់​អ្វី​ទេ​។ ដូច្នេះ បន្ទាប់ពី​បានការ​ណែនាំ អ្នកស្រី​ក៏ដូចជា​អ្នកភូមិ​ទាំងអស់​នឹង​ខិតខំ​រៀន​ពី​របៀប​ត្បាញល្អី កញ្ច្រែង និង​របស់របរ​ផ្សេងៗ​ទៀត​តាម​គំរូ​ដូចដែល​លោក​ទេសរដ្ឋមន្ត្រី​បានប្រគល់​ឱ្យ ហើយ​សង្ឃឹមថា​មិន​ពិបាកធ្វើ ឬ​ប្រើពេល​យូរ​ដូច​កញ្ឆេ​ទេ​។ លើសពីនេះ​ទៀត ក៏​មិនចាំបាច់​យកតែ​ផ្នែក​ដែល​ធ្លាប់​បោះចោល​មក​ធ្វើ​នោះដែរ គឺ​មួយចំណែក​នៃ​ឫស្សី​ដែល​កាប់​បាន ឬ​ប្រមូល​ទិញ​ពី​គេ​បង្វែ​ជាការ​ពុះ​ច្រៀក​សម្រាប់ធ្វើ​ឧបករណ៍​ទាំងនេះ​វិញ​។​

​សូមបញ្ជាក់ថា​កសិករ​ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត រាប់សិប​គ្រួសារ​ប្រកប​របរ​ធ្វើ កញ្ឆេ​លក់​ជា​យូរ​មកហើយ​។ មុខរបរ​នេះ អ្នក​ផលិត​បាន​អះអាងថា​ទោះបី​ប្រាក់ចំណូល​តិចតួច តែ​ពួកគាត់​នឹងមិន​បោះបង់ចោល​ឡើយ ព្រោះ​អាច​បញ្ចៀស​បាន​មួយផ្នែក​ពី​ការធ្វើ​ចំណាកស្រុក និង​មាន​សេរីភាព​គ្រប់គ្រាន់ ពោលគឺ​ពុំមាន​គំនាប​ទាំង​ផ្លូវចិត្ត​ទាំង​ពេលវេលា​។ ម្យ៉ាងទៀត​ក៏​មិន​ចង់ឱ្យ​ចំណេះ​ជំនាញ​ដែល​ចេះ​ត​ពី​ដូនតា​នេះ​បាត់បង់​ទៅវិញ​ផង​។ ទោះបីជា​បែប​នោះ​ក្តី​ជារឿយៗ​អ្នកភូមិ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​នានា​ជួយ​លើកទឹកចិត្ត និង​រក​ទីផ្សារ​ដើម្បីឱ្យ​ផលិតផល​នេះ​មានតម្លៃ​ខ្ពស់ជាង​សព្វថ្ងៃ ព្រោះ​ពួកគាត់​មានតែ​មុខរបរ​ធ្វើ​កញ្ឆេ​នេះ​ជាសំខាន់​៕​ ដោយ៖ បូកគោ

ទីតាំងផ្សាយពាណិជ្ជកម្ម