ព្រឹទ្ធសមាជិក​អាមេរិ​ក​និង​ជា​វីរបុរស​សង្គ្រាម​វៀតណាម ច​ន ម៉ាក​ខេន ទទួលមរណភាព​នៅ​អាយុ​៨១​ឆ្នាំ​

3375
ចែករម្លែក

ចន ម៉ាកខេន អតីតអ្នកទោសសង្រ្គាមវៀតណាមម្នាក់ដែលបានប្រជែងយកតំណែងប្រធានាធិបតីមិនបានសំរេច និងជាអ្នករិះគន់ប្រធានាធិបតី ដូណាល់ ត្រាំ ដ៏លេចធ្លោនោះបានទទួលមរណភាពកាលពីថ្ងៃសៅរិ៍ទី២៥សីហា នៅអាយុ៨១ឆ្នាំ។

ម៉ាកខេន សមាជិកព្រឹទ្ធសភាមកពីរដ្ឋអារីហ្សូណាអស់រយៈពេល៣ទសវត្សរ៍ បានស៊ូទ្រាំនឹងជម្ងឺមហារីកខួរក្បាលដែលត្រូវបានគ្រូពេទ្យរកឃើញកាលពីខែកក្កដាឆ្នាំ២០១៧ និងមិនបានចូលវិមានកាពីតូល(សភា)អាមេរិកនៅឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកបាននិយាយថា” ព្រឹទ្ធសមាជិក ចន ស៊ីដនី ម៉ាកខេន ទ្រី បានលាចាកលោកនៅម៉ោង៤:២៨ល្ងាចថ្ងៃ២៥សីហា ឆ្នាំ២០១៨។នៅជាមួយលោក ពេលព្រឹទ្ធសមាជិករូបនេះទទួលមរណភាព ភរិយា ស៊ីនឌីនិងសមាជិកគ្រួសារ​។ចំពេលលោកលាចាកលោកនេះ លោកបានបំរើសហរដ្ឋអាមេរិកដោយស្មោះអស់៦០ឆ្នាំ”។

ម៉ាកខេន បានស្ថិតនៅក្នុងក្រសែភ្នែករបស់សាធារណជនចាប់តាំងពីទសវត្សរ៍១៩៦០ ពេលលោកក្នុងនាមជាអាកាសយានិកនៃកងទ័ពជើងទឹកត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងសង្រ្គាមវៀតណាមនិងត្រូវបានកម្លាំងវៀតណាមខាងជើងចាប់ដាក់គុកអស់៥ឆ្នាំកន្លះ។

ក្នុងការប្រកួតប្រជែងអ្នកឈរឈ្មោះសំរាប់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋនៅឆ្នាំ២០០០ លោកបានចាញ់លោកចច ដាប់បលយូ ប៊ូស តែបានក្លាយជាបេក្ខជនសំរាប់តំណែងសេតវិមាននៅ៨ឆ្នាំក្រោយ ទោះជាយ៉ាងណាលោកចាញ់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីក្នុងឆ្នាំ២០០៨។

ម៉ាកខេន ដែលជាប្រធានគណៈកម្មការសេវាកងកម្លាំងប្រដាប់អាវុធក្នុងព្រឹទ្ធសភា ជាអ្នករិះគន់ជាញឹកញយផងដែរលើសមាជិកសាធារណរដ្ឋដូចគ្នា គឺលោកដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតនៅឆ្នាំ២០១៦។លោកបានប្រកាសថ្កោលទោសត្រាំចំពោះការដែលប្រធានាធិបតីអាមេរិករូបនេះ លើកសរសើរប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀពូទីន និងមេដឹកនាំផ្សេងទៀត ដែលព្រឹទ្ធសមាជិករូបនេះបានចាត់ទុកជា”ជនផ្តាច់ការ” នោះ។

ក្រោយត្រាំចាប់ផ្តើមយុទ្ធនាការរកសម្លេងឆ្នោតនៅឆ្នាំ២០១៥ ម៉ាកខេនបានថ្កោលទោសវោហារស័ព្ទប្រកាន់តឹងរបស់ត្រាំអំពីអន្តោប្រវេសន៍ខុសច្បាប់និងថាត្រាំចាប់ផ្តើម”ឆ្កួត”។

ត្រាំបានតតបវិញដោយថា ម៉ាកខេន”គ្មានជាវីរបុរសសង្រ្គាមអីទេ” គឺដូចមនុស្សដែលមិនត្រូវបានគេចាប់ខ្លួនឃុំដែរ។

ក្រោយលោកត្រាំជាប់ឆ្នោតជាប្រធានាធិនតី ម៉ាកខេនបានវាយប្រហាររិះគន់អ្វីដែលលោកហៅថាការប៉ុនប៉ងរបស់ប្រធានាធិបតីដើម្បីបំផ្លាញសារព័ត៌មានសេរីនិងនីតិរដ្ឋនិងបានបន្ទោស”ជាតិនិយមឆ្អិនពាក់កណ្តាលមិនត្រឹមត្រូវ”នៃយុគសម័យរបស់ត្រាំ។

ប្រភពស្និទ្ធនឹងគ្រួសារម៉ាកខេន បាននិយាយថា លោកត្រាំនឹងមិនត្រូវបានអញ្ជើញអោយចូលរួមបុណ្យសពនេះទេ៕ដោយ៖វាសនា

ម៉ាកខេន ដែលជាកូននិងចៅរបស់ឧត្តមនាវីនៃកងទ័ពជើងទឹកអាមេរិកត្រូវបានជ្រើសរើសជាសមាជិកសភាប្រចាំរដ្ឋអារីហ្សូណានៅឆ្នាំ១៩៨២និងបានបំរើក្នុងកងទ័ពជើងទឹកអស់ជាង២ទសវត្សរ៍ មុនក្លាយជាសមាជិកព្រឹទ្ធសភានៅឆ្នាំ១៩៨៦