ហាម​រថយន្ត​គ្រប់​ប្រភេទ​,​គោយន្ត​,​រទេះសេះ​និង​រទេះគោ​ឆ្លងកាត់​ស្ពាន​កោះ​ប៉ែន​ជា​បណ្តោះអាសន្ន​

1865
ចែករម្លែក

(​កំពង់ចាម​)៖ អាជ្ញាធរខេត្ត​កំពង់ចាម បាន​ជូនដំណឹង​ដល់​អ្នកដំណើរ​ទាំងអស់ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម និង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន គឺ​មួយរយ​:​នេះ​ស្ពាន​កោះ​ប៉ែន​បន្ត​ការសាងសង់​ដោយ​ចាក់​បាយអរ​បំពេញ​ចន្លោះ​ធ្នឹម​ស្ពាន​រឹតបន្តឹង​​ខ្សែកាប ហើយ​ដើម្បី​សម្រួល​ដល់​ខាង​ការដ្ឋាន​ស្ពាន​មួយ​នេះ ប្រកបដោយ​សុវត្ថិភាព និង​ធានាបាន​គុណភាព​នោះ​គឺ​:
​ ​
១. នៅពេល​ឆ្លងកាត់​ស្ពាន សូម​បងប្អូន​ជា​អ្នកដំណើរ មេត្តា​ស្តាប់​ការណែនាំ​ឬ​មើល​សញ្ញា​បង្ហាញ​ផ្សេងៗ​របស់​ក្រុម​អ្នកបច្ចេកទេស​ដែល​​កំពុង​បំពេញការងារ និង​សំណូមពរ​មេត្តា​ចុះបណ្តើរ ឬ​ដើរ​លើ​ធ្នឹម​ស្ពាន ជៀសវាង​ជាន់ ឬ​ប៉ះពាល់​បាយអរ​ដែល​ទើបនឹង​ចាក់​ដើម្បី​ធានា​​ដល់​គុណភាព​សំណង់ និង​ធានា​ដល់​សុវត្ថិភាព​បងប្អូន​ជា​អ្នកដំណើរ​ដែល​ឆ្លងកាត់​ការដ្ឋាន​ស្ពាន​នេះ​។​
​ ​
២. ហាម​ដាច់ខាត​មិន​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ គោយន្ត រទេះសេះ និង​រទេះគោ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ដើម្បី​សម្រួល​ដល់​ដំណើរ​ការចាក់​​បេតុង និង​ដល់​ការឆ្លងកាត់​ស្ពាន​របស់​អ្នកដំណើរ និង​ដើម្បី​ធានា​ដល់​គុណភាព​បេតុង​ផង​។​
​ ​
​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ចុះ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​ដែល​កាសែត​រស្មី​កម្ពុជា​ទើបបាន​ទទួល​នៅ​ព្រឹក​ថ្ងៃទី ២៩ កក្កដា​នេះ​។​

​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៧​ថា ស្ពាន​កោះ​ប៉ែន​ដែល​ធ្វើការ​សាងសង់ ដោយ​នាយកដ្ឋាន​វិស្វក​កម្ម​ក្រសួងការពារជាតិ​មកទល់ពេលនេះ សម្រេច​លទ្ធផល​បាន​ប្រមាណ​ជា​៩០​ភាគរយ​នៃ​គម្រោង​ហើយ និង ដល់ពេល​ត្រូវ​ចាក់​បេតុង​ផ្ជិ​ត​បាត ស្ពាន​សាងសង់​ក្បាលស្ពាន បង្កាន់ដៃ​និង​អ៊ុត​កៅស៊ូ​ពីលើ​តួ​ស្ពាន​។​

​លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា ស្ពាន​នេះ​មាន​ប្រវែង​៧៧៩​ម៉ែត្រ​និង​ទទឹង​៩​ម៉ែត្រ​តាម​គម្រោង​ធ្វើ​ឲ្យ​បាន​រួចរាល់​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​កោះ​មិត្ត និង កោះសូទិន​ដែល​កាលពីមុន​នៅក្នុង​រដូវវស្សា​ធ្វើ​​ដំណើរ​ទៅមក​ដោយ​ឆ្លង​សា​ឡង់​មិនមាន​ភាពងាយស្រួល​ឡើយ​៕​ដោយ​: ភោគ សម្បត្តិ​/ ប​.​ខុន​

លោក​គួច ចំរើន ចុះ​ពិនិត្យមើល​ការសាងសង់​ស្ពាន​កោះ​ប៉ែន​

ទីតាំងផ្សាយពាណិជ្ជកម្ម