ប្រជាពលរដ្ឋ​ជិត​១០០០​នាក់​ទទួលបាន​ការពិនិត្យ​ព្យាបាល​និង​វះកាត់​ភ្នែក​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ចិន​ហៃ​ណាន​

2191
ចែករម្លែក

(​សៀមរាប​)៖​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​និង​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ចំនួន​៧២៥​នាក់​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​និង​ជិត​២០០​នាក់​ទទួលបាន​ការវះកាត់​ភ្នែក​ឡើងបាយ​ក្នុង​យុទ្ធនាការ​ពិនិត្យ​ព្យាបាល​និង​ការវះកាត់​ភ្នែក​ឡើងបាយ​ដោយ​មិន​គិតថ្លៃ​របស់​ក្រុមគ្រូពេទ្យ​ចិន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ការពិនិត្យ​ព្យាបាល​នេះ​បាន​ធ្វើឡើង​ពីថ្ងៃ​ទី​២៥​ដល់​២៨​ខែកក្កដា​ឆ្នាំ​២០១៧​ហើយ​ការវះកាត់​ជំងឺ​ឡើងបាយ​នេះ​ក្រុមគ្រូពេទ្យ​ចិន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​វះកាត់​របួស​តូច​ឆាប់​ជាសះស្បើយ ជាពិសេស​មិនមាន​ការឈឺចាប់​ដោយ​អ្នកជំងឺ​ភាគច្រើន​អាច​ត្រឡប់ទៅផ្ទះ​វិញ​ក្នុង​​ថ្ងៃ​វះកាត់​តែម្តង​។​

​លោក​វេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ឱ្យដឹងថា​ក្រុមគ្រូពេទ្យ​ចិន​និង​កម្ពុជា​បាន​ពិនិត្យ​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ភ្នែក​បាន ចំនួន​៧២៥​នាក់​និង​វះកាត់​ភ្នែក​ឡើងបាយ​ជិត​២០០​នាក់​ក្នុង​យុទ្ធនាការ​ពិនិត្យ​ព្យាបាល​និង​ការវះកាត់​ភ្នែក​ឡើងបាយ​ដោយ​មិន​គិតថ្លៃ​របស់​ក្រុមគ្រូពេទ្យ​ចិន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​កម្មវិធី​ពិនិត្យ​និង​វះកាត់​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នា​រសៀល​ថ្ងៃទី​២៨ ខែកក្កដា លោក​វ៉ាង សឹង (Wang Sheng)​អគ្គនាយក​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​ក្រៅប្រទេស​នៃ​ខេត្ត​ហៃ​ណាន​និង​ជា​ប្រធាន​គណៈប្រតិភូ​ក្រុមគ្រូពេទ្យ​ហៃ​ណាន បាន​ថ្លែងថា​ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្តសៀមរាប​ ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​និង​សមាគម​​មិត្តភាព​កម្ពុជា​ចិន បានរៀបចំ​កម្មវិធី​ព្យាបាល​សប្បុរសធម៌​ឈ្មោះថា​«​ដំណើរ​នៃ​ពន្លឺ​ចិន​ហៃ​ណាន​កម្ពុជា​»​លើក​ទី​បួន​នៅ​ខេត្តសៀមរាប​​នេះ ។​

​លោក បាន​គូសបញ្ជាក់ថា​បេសកកម្ម​របស់​ក្រុមគ្រូពេទ្យ ខេត្ត​ហៃ​ណាន​គឺជា​ឆ្លើយតប​ទៅនឹង​ការអនុវត្តន៍​ជាក់ស្តែង​នូវ​គំនិត​ផ្តួច​​ផ្តើម​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​ស៊ី​ជិន​ពីង​«​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​»៕​ដោយៈ​សុផល​

ទីតាំងផ្សាយពាណិជ្ជកម្ម