ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់​ត្រូវបាន​ជួយ​ដោយ​ស្ថាន​តំណាង​កម្ពុជា​នៅក្រៅ​ប្រទេស​

1174
ចែករម្លែក

ដោយៈ​មុនី​រ័​ត្នៈ​ភ្នំពេញៈ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់​នៅ​ប្រទេស​ចំនួន​បី​ត្រូវបាន​ជួយ​ដោយ​ស្ថាន​តំណាង​កម្ពុជា​នៅក្រៅ​ប្រទេស​។​នេះ​បើ​យោងតាម​លោក​កេ​ត​សោ​ផាន់​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​នេះ​តាម​សារ​អេឡិចត្រូនិក​។​

​ ​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ទី​១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​របស់ ចិន ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​នៅក្នុង​ប្រទេស​ចិន ហើយ​​ពួកគេ​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ និង​ទី​២៣ ខែ សីហា ឆ្នាំ​២០១៨ ។
​ ​២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៧​នាក់ (​ស្រី​១​នាក់​) មកពី​ខេត្ត ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មានបំណង​ត្រឡប់មក​កម្ពុជា​វិញ​។ ពលករ​-​ពល​ការិនី​ទាំង​៧​នាក់ បាន​មកដល់​កម្ពុជា​វិញ ចន្លោះ​ពីថ្ងៃ​ទី​៤ ដល់ទី​១៥ ខែ សីហា ។​
​ ​៣. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួយ​សម្របសម្រួល​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​នេសាទ​ខ្មែរ​ចំនួន​២​នាក់ មាន​អាយុ​២៨​ឆ្នាំ និង​៣៦​ឆ្នាំ មកពី​ខេត្តកំពង់ធំ ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន ក្រោយពី​ទូក​នេសាទ​ដែល​ពួកគេ​ធ្វើការ បាន​ចូលក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​។ ពលករ​ទាំង​២​នាក់​នោះ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។
​ ​៤. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ធ្វើ​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​១០​នាក់ មាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំ​ដល់​៣៤​ឆ្នាំ មកពី​ខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។ ស្ត្រី​​រងគ្រោះ​ទាំង​១០​នាក់ ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​១៣ ទី​១៨ និង​ទី​២៥​ខែ សីហា​៕ សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម