អ្នកវិភាគ​និយាយថា ការសាកល្បង​របស់​កូរ៉េខាងជើង​បង្ហាញថា មី​ស៊ី​លអាច​បាញ់​ដល់​ឡូ​ស​អ៊ែន​ជែ​ល​ឡេស និង ឈី​កា​ហ្គោ

2205
ចែករម្លែក

​ក្រុម​អ្នកជំនាញ​និយាយថា កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កក្កដា ដែល​ទំនង​មាន​រយៈ​ចម្ងាយ​អាច​បាញ់​ដល់ទី​ក្រុង​ធំៗ​របស់​អាមេរិក​។

​ការវិភាគ​រួមបញ្ចូល​គ្នា​របស់​អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន អំពី​ការបាញ់​មី​ស៊ី​ល​ចេញពី​តំបន់​មូ​ព្យុង​នី ក្បែរ​ព្រំដែន​របស់​កូរ៉េខាងជើង​ជាមួយ​ចិន បាន​ហោះ​ឡើងលើ​មេឃ​ចម្ងាយ ៣.៧០០ គីឡូម៉ែត្រ និង ហោះ​បណ្តែត​បាន​ចម្ងាយ ១.០០០ គីឡូម៉ែត្រ​។

​ប្រសិនបើ​មី​ស៊ី​ល​នោះ​បាញ់​នៅ​គន្លង​ស្តង់ដារ វា​អាច​វាយប្រហារ​ទីក្រុង​ធំៗ​របស់​អាមេរិក ដូចជា ឡូ​ស​អ៊ែន​ជែ​ល​ឡេស ក្រុង​ដិ​ន​វើ និង​ឈី​កា​ហ្គោ ជាមួយ​សមត្ថភាព​ប្រហែល​អាច​ហោះ​ដល់​ក្រុង​ញូវយ៉ក និង បូ​ស្តុ​ន ទៀតផង​។ នេះ​បើតាម​លោក​ដេវីត រ៉ា​យ អ្នកជំនាញ​មី​ស៊ី​ល​នៅ​អង្គការ សហភាព​អ្នកវិទ្យាសាស្ត្រ​ពាក់ព័ន្ធ​។

​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងជើង​និយាយថា ពួកគេ​បាន​ព្យាករណ៍​ឃើញថា គ្រាប់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ដែល​បាន​សាកល្បង​កាលពី​ថ្ងៃ​សុក្រ គឺ​ទំនើប​ជាង​មី​ស៊ី​ល​សាកល្បង​កាលពី​ដើមខែ​នេះ ដោយ​ផ្អែកលើ​ចម្ងាយ​វា​ធ្វើដំណើរ​។ អ្នកជំនាញ​និយាយថា ការសាកល្បង​នោះ​បង្ហាញថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មាន​សមត្ថភាព​វាយប្រហារ​រដ្ឋ​អា​ឡា​ស្កា​។

​ទោះយ៉ាងណា លោក​រ៉ា​យ​និយាយថា ការវិភាគ​ដំបូងៗ​អំពី​ការសាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ​សុក្រ មិនអាច​កំណត់​បាន​ថា​តើ​មី​ស៊ី​ល​នោះ​អាច​ផ្ទុក​ក្បាល​គ្រាប់​ធ្ងន់​កម្រិតណា​នោះទេ​។ ក្បាល​គ្រាប់​កាន់តែ​ធ្ងន់ រយៈ​ចម្ងាយ​កាន់តែ​ខ្លី ។ នេះ​បើតាម​លោក​រ៉ា​យ សរសេរ​នៅលើ​វេ​ប​សាយ​របស់​អង្គការ​។

​សេចក្តីថ្លែងការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ កក្កដា​នេះ​និយាយថា មី​ស៊ី​លបាញ់​ចុង​ក្រោយនេះ​គឺ​ប្រភេទ Hwasong-14 គឺ​ដូច​មី​ស៊ី​ល​សាកល្បង​កាលពី​ដើមខែ​នេះដែរ​។

​សេចក្តីថ្លែងការណ៍​នោះ​លើកឡើង​ទៀតថា ការសាកល្បង​កាលពី​ថ្ងៃ​សុក្រ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្ហាញ​រយៈ​ចម្ងាយ​អតិបរមា​របស់​មី​ស៊ី​ល Hwasong-14 ជាមួយ “​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​ធ្ងន់​ហើយ​ធំ​”​។

​សេចក្តីថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន គួរតែ​ចាត់ទុក​ការបាញ់​សាកល្បង​ចុងក្រោយ​នេះ​ជា “​ការព្រមាន​ធ្ងន់ធ្ងរ​បំផុត​”​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្កោលទោស​ការបាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ​សុក្រ​របស់​កូរ៉េខាងជើង​។​

​លោក​ត្រាំ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​លាយលក្ខណ៍អក្សរ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ “​ការគំរាមកំហែង​ពិភពលោក អាវុធ​ទាំងអស់នេះ និង ការសាកល្បង​មី​ស៊ី​ល ធ្វើឱ្យ​កូរ៉េខាងជើង​កាន់តែ​ឯកោ ធ្វើ​សេដ្ឋកិច្ច​ខ្លួនឯង​ទន់ខ្សោយ និង ប្លន់​អ្វីៗ​ទាំង​អស់ពី​ប្រជាជន​។ សហរដ្ឋអាមេរិក​នឹង​ចាត់​រាល់​វិធានការ​ចាំបាច់​ដើម្បី​ធានា​ការពារ​សន្តិសុខ​ទឹកដី​អាមេរិក និង​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​តំបន់​”​។

​ប្រធាន​អគ្គសេនាធិការ​ចម្រុះ លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ូ​សេប អេ​ហ្វ ដាន់​ហ្វ​ត និង មេបញ្ជាការ​ប៉ាស៊ីហ្វិក​របស់​អាមេរិក លោក ឧ​ត្ត​មនា​វី ហារី ហារី​ស បាន​តេ​ទៅ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង លោក​ឧ​ត្ត​ម​សេនីយ៍ លី ស៊ូ​ន ជីន បន្ទាប់ពី​ការសាកល្បង​របស់​កូរ៉េខាងជើង ដើម្បី​បង្ហាញ “​ការតាំង​ចិត្ត​ដូច​ដែក​” របស់​អាមេរិក​ចំពោះ​សម្ព័ន្ធភាព​ជាមួយ​កូរ៉េខាងត្បូង និង​ពិភាក្សាគ្នា​អំពី​ជម្រើស​ឆ្លើយតប​ខាង​យោធា​។

​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​តេ​តាម​ទូរស័ព្ទ យោធា​អាមេរិក​និង​កូរ៉េខាងត្បូង​បានរៀបចំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដើម្បី​បង្ហាញ​សាច់ដុំ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​មន្ទីរ​បញ្ច​កោណ លោក​អនុសេនីយឯក ជេ​ហ្វ ដេវីត ។ សមយុទ្ធ​នោះ​រួមមាន​ទាំង​ការបាញ់​មី​ស៊ី​ល​ចូល​មហាសមុទ្រ​ផងដែរ​៕ ដោយកញ្ញាដាលីស

​ដកស្រង់​ពី​ស៊ី​អ៊ិន​អ៊ិន​

អ្នកជំនាញ​និយាយថា​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េខាងជើង​អាច​បាញ់​ដល់​ក្រុង​ធំៗ​របស់​អាមេរិក រាប់ទាំង​ទីក្រុង​ញូវយ៉ក

ទីតាំងផ្សាយពាណិជ្ជកម្ម