បង្ក្រាប​ទីតាំង​ស្តុក​គ្រឿងសម្អាង​ក្លែងក្លាយ​ខុសច្បាប់​មួយកន្លែង​ទៀត ដកហូត​ផលិតផល​ជាង​៤​តោន​

914
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ​ : នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ត្រី​ក្រសួង  សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្ត​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក​គ្រឿងសម្អាង​ខុសច្បាប់​មួយកន្លែង​ទៀត ដោយ​រកឃើញ​គ្រឿងសម្អាង​ក្លែងក្លាយ​មានដូចជា ឡេ ក្រែ​ម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត​សរុប​ចំនួន​១៧​មុខ​ចំនួន​៤៥០០​គីឡូក្រាម​រួម​នឹង​វត្ថុតាង​មួយចំនួនទៀត និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​យកទៅ​សួរនាំ កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។​

​ករណី​បង្ក្រាប​នេះ​ធ្វើឡើង​ក្រោយ​១​ថ្ងៃ​បន្ទាប់ពី​បង្ក្រាប​ប៊ីចេង​ក្លែងក្លាយ​ចំនួន​២​ទីតាំង នៅ​ខណ្ឌឫស្សីកែវ​ ប្រមាណ​ជិត២០​តោន ។​

​មន្ត្រីនគរបាល​សេដ្ឋកិច្ច​បាន​ប្រាប់ថា នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា​នេះ ​សមត្ថកិច្ច​បាន​ចុះ​ឆែក​ទីតាំង​ផលិត​គ្រឿងសម្អាង​ក្លែងក្លាយ​ខុសច្បាប់​មួយ​នេះ មិន​ត្រឹមតែ​ស្តុក​គ្រឿងសម្អាង​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាទី​តាំង​ផលិត កែច្នៃ វេច​ខ្ចប់ និង​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយ​ក្នុង​កន្លែង​តែមួយ​ផងដែរ​។​

​មន្ត្រី​ដដែល​បាន​បន្តថា ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រតិបត្តិការ​មួយ​នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ អ៊ុច សម្បត្តិ អាយុ​៣៣​ឆ្នាំ​។​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន ឡេ ក្រែ​ម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត​សរុប​ចំនួន​១៧​មុខ បើ​គិត​ជា​ទម្ងន់​ប្រមាណ​៤​តោន​កន្លះ និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​បាញ់​ខ្យល់​។​

​ក្រោយពី​ត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់លោក​ព្រះរាជអាជ្ញារង កម្លាំង​សមត្ថកិច្ច​បាន​ដកហូត និង​រក្សាទុក​នូវ​ភស្តុតាង​ដែល​រកឃើញ ព្រមទាំង​រៀបចំ​បិទ​ទីតាំង​ខុសច្បាប់​ខាងលើ​តែម្ដង ។ ចំណែកឯ​ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាន​នាំទៅ​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មុន​បន្ត​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​សូមជម្រាបថា មុននេះ​មួយថ្ងៃ​ក៏មាន​ការបង្ក្រាប​ទីតាំង​ផលិត កែច្នៃ វេច​ខ្ចប់ ស្តុក និង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​នៅ​ខណ្ឌឫស្សីកែវ​ដូចគ្នា ដែល​ដកហូត​បាន​ប៊ីចេង​ក្លែងក្លាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕​B