ផ្អើល​រឿង​ចាប់​ក្មេង​ស្ទើរ​គ្រប់​ខេត្ត គ្រាន់តែជាការផ្អើលតាមគ្នា

2841
ចែករម្លែក

(​ភ្នំពេញ​)៖​អស់ពី​ផ្អើល​រឿង​ស្ត្រី​វៀតណាម​ល្បួង​ចាប់​ក្មេង​នៅ​ភ្នំពេញ ឥឡូវ​រឿង​ចាប់​ក្មេង​នេះ​ផ្អើល​ដល់​បណ្តា​ខេត្ត​ទៀត​ដោយ​អ្នកមើល​​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ចេះតែ​នាំគ្នា​បង្ហោះ​រូបភាព​ប្រជាជន​ផ្អើល​ចាប់​ជន​ចម្លែកៗ​ដោយសារ​សង្ស័យថា​ជា​ក្រុម​ចាប់​កូនក្មេង​។​

​ផ្តើមចេញពី​រូបភាព​ចាប់​ក្មេង​នៅ​បរទេស​ ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ថែមទាំង​អះអាង​គ្មាន​ប្រភព​ច្បាស់លាស់​ថា​«​វៀតណាម​ព្រមាន​ប្រទេស​​ជិតខាង​អំពី​ជនល្មើស​ដែល​តែងតែ​ចាប់​ក្មេង​យកទៅលក់​នៅ​ប្រទេស​ចិន​វះ​យក​ក្រលៀន​ហើយ​ថា​ពេលនេះ​សមត្ថកិច្ច​វៀតណាម​ចាប់បាន​មេខ្លោង​៣​នាក់​ហើយ​នៅមាន​ក្រុម​គ្នា​គេ​ជាច្រើន​ទៀត​ដែល​ទៅ​ចាប់​ក្មេងៗ​នៅ​ប្រទេសជិតខាង ដូចជា កម្ពុជា ថៃ ចិន ជាដើម​» ។​

​ទោះជា​ព័ត៌មាន​មិនមាន​ការបញ្ជាក់​អះអាង តែ​វា​កំពុង​បង្ក​អារម្មណ៍​ភ័យខ្លាច​ដែលនាំអោយ​មានការ​បង្កា​រ​ផ្សេងៗ​ក្នុងចំណោម​ប្រជា​​ពលរដ្ឋ​កម្ពុជា ជាពិសេស​អាណាព្យាបាល​ក្មេង​។​

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ មានការ​ផ្អើល​ថា​មាន​ករណី​ចាប់​កូនក្មេង ន​ចំណុច​សាលា​​រៀន​អនុវិទ្យាល័យ​ផ្សារ​ព្រំ ស្ថិត​ក្នុងភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ក្មេង​សង្ស័យ​រងគ្រោះ​ឈ្មោះ អ៊ុយ ស្រី​លីវ ភេទ​ស្រី អាយុ ០៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​តែ​ក្រោយពី​ប៉ូលិស​ចុះ​ស្រាវជ្រាវ​ទើប​ដឹងថា ក្មេងស្រី​ខាងលើ​បាន​ចេញពី​សាលា រួច​ដើរ​តាមផ្លូវ​ត្រលប់មក​ផ្ទះ​វិញ ពេលនោះ​មាន​បុរស​​មិន​ស្គាល់មុខ​ម្នាក់ ពាក់អាវ​ពណ៌​ខ្មៅ ខោស បាន​ដើរ​តាម​ពី​ខាងក្រោយ ក្មេង​នោះ​ភ័យ ក៏បាន​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ ទើប​មានការ​ឆោ​រ​ឡោ ថា​មាន​ករណី​ចាប់​ក្មេង​តែម្តង​។ វា​បណ្តាលអោយ​ផ្អើល​ដល់​ប្រជាពលរដ្ឋ ឪពុកម្តាយ និង​ម៉ូតូឌុប​ជាច្រើន តាម​រកមុខ​មនុស្ស​ដែល​ដើរ​ពីក្រោយ​នោះ តែ​រក​មិនឃើញ​នោះទេ ។​

​សមត្ថកិច្ច​ជំនាញ បានអោយដឹងថា ហេតុការណ៍​ផ្អើល​ចាប់​ក្មេង​ខាងលើ ពុំមាន​កើតឡើង​ដូច​ពាក្យ​ចាម​អារាម​នោះទេ​។​

​នៅ​ថ្ងៃ​២៩​កក្កដា​នេះដែរ​ក៏មាន​ការថត​បង្ហោះ​រូបភាព​បុរស​២​នាក់​ត្រូវ​ប្រជាជន​ចាប់វាយ​អោយ​ដេក​ដួល​ទៅនឹង​ដី​ហើយ​អ្នក​បង្ហោះ​សរ​​សេរ​ថា​«​ចាប់បាន​អ្នក​ចាប់​ក្មេង​ទៀតហើយ សូមជួយ Share បន្ទាន់​ករណី​ចាប់​ជនសង្ស័យ​2​នាក់ ដែល​សង្ស័យថា​ជា​អ្នក​ចាប់​ក្មេង​​ត្រូវបាន​ពូ​សមត្ថកិច្ច​នឹង​ប្រជាជន​ដេញ​ស្ទាក់​ចាប់បាន នៅ​ភូមិ​ថ្លា ឃុំ​ច្រនាង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ 29-07-2017»​។​

​នៅ​ខេត្តបាត់ដំបង​ឯណោះ​វិញ សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​ថា មាន​ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយសារ​មាន​ក្មេងស្រី​ជា​សិស្សសាលា​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​ហៅ​នាង​ឱ្យ​ឡើង​ជិះ​រថយន្ត ប៉ុន្តែ​ត្រូវ​នាង​ប្រកែក​មិន​ព្រម ក៏ត្រូវ​ពួកក្រុម​ទាំង​នោះបាន​ដេញចាប់​នាង ហើយ​សំណាងល្អ នាង​រត់​រួចខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ កក្កដា ស្ថិតនៅ​ត្រង់ចំណុច​ភូមិ​ពពាលខែ ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​នេះ​បើតាម​ការផ្សាយ​របស់​កោះ​សន្តិភាព​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​អំពី​ការចាប់​ក្មេង​នៅ​​ក្នុង​ខេត្ត​នេះ​។​

​ឆ្លើយតប​នឹង​ព័ត៌មាន​មិន​ពិត​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​បាន​ចេញមក​ច្រានចោល​​ទាំងស្រុង និង​បញ្ជាក់​ការពិត​ដល់​សាធារណជន​ទាំងអស់ ដើម្បី​កុំ​ឲ្យ​បន្ដ​យល់ច្រឡំ​និង​សុំ​បញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​បែបនេះ​​បន្ដទៀត​។​

​លោកស្នងការ​បានអោយ​ដឹងថា​ ​ចំពោះ​រូប​ជនសង្ស័យ​ម្នាក់ ត្រូវគេ​ចាប់​ចងដៃ​ទៅក្រោយ​និង​បង្ហោះ​ក្នុង​faebook​នោះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​និង​កម្លាំង​មូលដ្ឋាន​ចុះទៅ​ស្រាវជ្រាវ​ជាបន្ទាន់ ដោយ​រកឃើញថា ជន​ម្នាក់​ដែល​ត្រូវបាន​គេ​ចាប់​ចងដៃ​ទៅ​​ក្រោយនេះ គឺជា​អ្នក​បោស​សំរាម និង​ទុកដាក់​សំរាម​នៅ​ផ្សារ​វាលរេញ ហើយ​ជាម​នុស្ស​ចូលចិត្ត​ផឹកស្រា​។​ការដែល​ប្រជាជន​នាំគ្នា​ចង​ដោយសារ​បុរស​នេះ​ស្រវឹង​វង្វេងវង្វាន់​ស្មារតី ហើយ​បាន​យក​ពូថៅ​ទៅ​ចេញ​កាប់​ក្មេងៗ និង​មនុស្ស​ធំ​រហូត​ប្រជាពលរដ្ឋ​បាន​នាំ​គា្ន​ទៅ​ចាប់ចង តែ​អ្នកខ្លះ​បែរជា​ផ្សព្វផ្សាយ​ថា​ជា​អ្នក​ចាប់​ក្មេង​៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ