​សក្តានុពល​បី​ជា​គ្រឹះ​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​

940
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ធនធានមនុស្ស​,​សុខុមាលភាព​,​និង​ការងារ​,​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​។ ចលករ​ទាំងបី​ត្រូវបាន​ថ្នាក់ដឹកនាំ​រំពឹងថា​ជា​ស្ពាន​នាំឱ្យមាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​អភិវឌ្ឍន៍​នា​ឆ្នាំ​២០៥០ ខាងមុខ​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​ស្តីពី​ការជំរុញ​កិច្ច​អនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០១៦​និង​២០៣០​សម្រាប់​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី​ឆាយ​.​ថន​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​បាន​មានប្រសាសន៍ថា​ដើម្បី​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ព្រមទាំង​ជា​ប្រទេស​អភិវឌ្ឍន៍​នា​ឆ្នាំ​២០៥០​តាម​ការរំពឹងទុក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ពង្រឹង​កត្តា​មនុស្ស​លើ​មូលដ្ឋានគ្រឹះ​ចំនួន​បី។

ក្នុងនោះ រួមមាន​ការបង្កើន​ធនធានមនុស្ស ការបង្កើន​សុខុមាលភាព និង​ការបង្កើន​សកម្មភាព​ការងារ​រវាង​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ធ្វើ​យ៉ាង​បង្ខិត​គម្លាត​នៃ​ចំណុច​ទាំងបី​ឱ្យនៅ​ជិតគ្នា​បំផុត​។​ធនធានមនុស្ស​ស្ថិតនៅ​លំដាប់​ទីមួយ​ហើយ​ដើម្បី​កាត់បន្ថយ​គម្លាត​ផ្សេងៗ​ក្នុងសង្គម​បាន​ចាំបាច់​ត្រូវ​គិតគូរ​អំពី​គម្លាត​នៃ​ធនធានមនុស្ស​ជា​ជំហាន​ដំបូង​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ដើម្បីឱ្យ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សម្រេច​នាពេលខាងមុខ​នោះ ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​ចំណេះដឹង ឬ​សមត្ថភាព គិតគូរ​ពី​សុខភាព និង​បង្កើន​សកម្មភាព​ការងារ​ទើប​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សង្គមជាតិ​ទាំងមូល​រីកចម្រើន​បាន​៕S/​